ថ្ងៃសុក្រ

Written on 02/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ទូលព្រះបង្គំខ្ញុំ

បន្ទរ ទូលព្រះបង្គំខ្ញុំ ទៅដល់ដំណាក់ព្រះម្ចាស់ ទ្រង់ធ្វើឱ្យខ្ញុំរីករាយ ។
១ សូមព្រះម្ចាស់វិនិច្ឆ័យទូលបង្គំ ហើយកាត់ក្ដីប្រទានឱ្យទូលបង្គំ ។
២ ព្រះអង្គបានផ្ដល់កម្លាំងឱ្យខ្ញុំមែន តើហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនទន់ខ្សោយ ។
៣ សូមព្រះម្ចាស់បំភ្លឺចិត្ដខ្ញុំឱ្យជឿ ដឹកនាំខ្ញុំដើរតម្រង់រកព្រះអង្គ ។

ទំនុកតម្កើងលេខ ៨៨ ពេលយប់ខ្ញុំស្រែកហៅព្រះអង្គ

ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលព្រះម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច (លក ២២,៥៣)។
រដូវធម្មតា ទូលបង្គំស្រែកហៅព្រះអង្គទាំងថ្ងៃទាំងយប់។

រដូវរង់ចាំ

ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ។

រដូវបុណ្យណូអែល

បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះសង្គ្រោះនៃទូលបង្គំ។

រដូវសែសិបថ្ងៃ

ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ?

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

២ បពិត្រព្រះអម្ចាស់ជាព្រះសង្រ្គោះនៃទូលបង្គំ!
ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំស្រែកហៅព្រះអង្គទាំងយប់ទាំងថ្ងៃ។
៣
សូមឱ្យពាក្យអង្វររបស់ទូលបង្គំឡើងទៅដល់ព្រះអង្គ!
សូមផ្ទៀងព្រះកាណ៌ស្តាប់សូរសម្រែករបស់ទូលបង្គំផង!
៤
ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា
សេចក្តីស្លាប់ខិតមកជិតទូលបង្គំហើយ។
៥
គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សស្លាប់
ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលផុតជីវិត
៦
ទូលបង្គំដេកស្ដូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ
គីដូចអ្នកដែលព្រះអង្គលែងនឹកនា និងលែងជួយទៀត។
៧
ព្រះអង្គបានបោះបង់ទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ
ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។
៨
ព្រះពិរោធរបស់ព្រះអង្គសង្កត់ទូលបង្គំ
ដូចទឹករលកបក់បោកមកលើទូលបង្គំ។
៩
ព្រះអង្គបានធ្វើឱ្យអស់អ្នកដែលជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
ព្រះអង្គធ្វើឱ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
១០
ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក
បពិត្រព្រះអម្ចាស់! ទូលបង្គំស្រែកអង្វរព្រះអង្គជារៀងរាល់ថ្ងៃ!
ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
១១
តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ?
តើមនុស្សដែលស្លាប់ទៅហើយ នឹងក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
១២
តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
១៣
តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឫ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន?
១៤
ឱ!ព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ
ទូលបង្គំចូលមកអង្វរចំពោះព្រះភក្ត្រព្រះអង្គតាំពីព្រឹក។
១៥
ឱ!ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រពីទូលបង្គំ?
១៦
ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្លេះ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
១៧
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ សង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
១៨
ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩
ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
មានតែភាពងងឹតប៉ុណ្ណោះដែលនៅជាមួយទូលបង្គំ។
 
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ

២ បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្គ្រោះខ្ញុំ  
  ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា ។
៣ សូមឱ្យពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា  
  សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក ។
៤ ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក  
  ខ្លោចផ្សាជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត ?
៥ គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត  
  ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់ ។
៦ ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់  
  បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា ។
៧ ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា  
  ឱ្យរងទុក្ខវេទនា សែនរងាក្នុងរណ្តៅ ។
៨ ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ  
  ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ ។
៩ ព្រះអង្គឱ្យអស់អ្នក ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ  
  ឆ្ងាយពីទូលបង្គំ ទាំងស្អប់ខ្ពើមថែមទៀតផង ។
១០ ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង  
  ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី ។
១១ តើមនុស្សដែលស្លាប់ទៅ នឹងនិត្យនៅក្រោកឃ្មាតខ្មី  
  តម្កើងជោគសិរី ព្រះអង្គថ្លៃកើតឬទេ? ។
១២ តើអ្នកនៅក្នុងផ្នូរ អាចថ្លែងអរគិតរិះរេ  
  ពីព្រះទ័យស្និទ្ធស្នេហ៍ ព្រះអង្គដែរកើតទេឬ ? ។
១៣ តើពួកអ្នកដែលស្ថិត ទីងងឹតអាចដឹងឮ  
  ស្គាល់ស្នាដៃរន្ទឺ ព្រះអង្គឬ ដូចម្តេចបាន ? ។
១៤ ឱព្រះអម្ចាស់អើយ ខ្ញុំដង្ហោយឥតស្រាកស្រាន្ត  
  អង្វរម្ចាស់ថ្កើងថ្កាន លំឱនប្រាណតាំងពីព្រឹក ។
១៥ ឱព្រះអម្ចាស់អើយ ហេតុម្តេចឡើយទ្រង់មិននឹក  
  ចោលខ្ញុំឱ្យវរវឹក មិននានឹកខ្ញុំយ៉ាងនេះ ? ។
១៦ ខ្ញុំលំបាកកាយា ជិតមរណាពីក្មេងម៉េ្លះ  
  ព្រះអង្គធ្វើយ៉ាងនេះ ឱ្យខ្ញុំអស់ក្តីសង្ឃឹម ។
១៧ ព្រះពិរោធព្រះអង្គ សង្កត់ត្រង់លើរូបខ្ញុំ  
  ធ្វើឱ្យទូលបង្គំ ភ័យអួលងំបាត់ស្មារតី ។
១៨ ទុក្ខទោសនេះដូចជា ផ្ទៃជលសាធំពេកក្រៃ  
  ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃ គ្មានប្រណីគ្របពីលើ ។
១៩ ព្រះអង្គបានដេញមិត្ត ធ្លាប់ជិតស្និទ្ធមិនអើពើ  
  ចេញឆ្ងាយលែងងាកមើល ខ្ញុំស្ទាក់ស្ទើរនៅកំព្រា ។
  រូបខ្ញុំប្រែធុញងប់ លំបាកសព្វវេទនា  
  ឃើញតែភាពអន្ធិកា នៅជាគ្នាជាប់រហូត ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ១៤,៧.៩ខ)

ឱ!ព្រះអម្ចាស់អើយ! យើងខ្ញុំមានកំហុសធ្ងន់ណាស់ សូមអាណិតដល់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដង យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។ ឱ!ព្រះអម្ចាស់អើយ ព្រះអង្គគង់នៅកណ្តាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់យើងខ្ញុំឡើយ។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • អាយុជីវិតរបស់ទូលបង្គំស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះអង្គ សូមរំដោះទូលបង្គំផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង
ដេកលង់លក់ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! សូមឱ្យការរស់ឡើងវិញដ៏ត្រចះត្រចង់របស់ព្រះគ្រឹស្ត បំភ្លឺចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចជៀសផុតពីសេចក្តីស្លាប់ ហើយទទួលពន្លឺដ៏អស់កល្បជានិច្ចក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ យើងខ្ញុំសូមទូលអង្គរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ដែលបានសង្គ្រោះយើងខ្ញុំ ដោយសោយទិវង្គតលើឈើឆ្កាង គង់នៅជាមួយយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានជីវិតរស់ឡើងវិញ ហើយទទួលជីវិតដ៏បរិបូណ៌ផង។ អាម៉ែន។