ថ្ងៃព្រហស្បតិ៍

Written on 03/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

អស់មួយជីវិត

បន្ទរ អស់មួយជីវិត ខ្ញុំច្រៀងសរសើរ ព្រះយេស៊ូគ្រីស្ត  
  ឱ ! ព្រះម្ចាស់អើយ មួយជីវិតខ្ញុំ ខ្ញុំលើកត​ម្កេីងតែព្រះនាមនេះ ។
១ ព្រះម្ចាស់ផ្តល់ឱ្យ នូវអំណោយទាន ជារៀងរាល់ថ្ងៃ  
  ហើយព្រះអង្គបាន អត់ទោសឱ្យខ្ញុំ ដោយហប្ញទ័យស្មោះ ។
២ សូមរាជ្យព្រះអង្គ មកលើផែនដី ដូចនៅលើមេឃ  
  សូមឱ្យមនុស្សលោក ចេះស្រឡាញ់គ្នា ដូចជាបងប្អូន ។
៣ សូមឱ្យយើងខ្ញុំ ចាកក្តីស្រេកឃ្លាន និងភ្លើងសង្គ្រាម  
  សូមឱ្យផែនដី ចាកផុតពីក្តី អាក្រក់ទាំងឡាយ ។

ទំនុកតម្កើងលេខ ១៦ បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ

ពេលខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នាហើយ ខ្ញុំនឹងត្រលប់មកវិញយកអ្នករាល់គ្នាទៅជាមួយ ដើម្បីឱ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ (យហ ១៤,៣)។
រដូវធម្មតា រូបកាយរបស់ទូលបង្គំសំរាកដោយសុខសាន្ត ។

រដូវរង់ចាំ

សូមព្រះអង្គយាងមកបង្ហាញទូលបង្គំឱ្យស្គាល់ផ្លូវទៅកាន់ជីវិត។

រដូវបុណ្យណូអែល

ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះជាម្ចាស់នៃទូលបង្គំ។
រដូវសែសិបថ្ងៃ
ឱ! ព្រះជាម្ចាស់នៃទូលបង្គំអើយ!
ព្រះអង្គមិនអាចបោះបង់ទូលបង្គំចោលឱ្យស្លាប់ឡើយ។

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

១ ឱ! ព្រះអម្ចាស់អើយ! សូមការពារទូលបង្គំផង
ដ្បិតទូលបង្គំមកជ្រកកោនក្រោមម្លប់បារមីព្រះអង្គហើយ!
២
ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គជាព្រះអម្ចាស់នៃទូលបង្គំ
ក្រៅពីព្រះអង្គ គ្មានអ្វីផ្ដល់សុភមង្គលឱ្យទូលបង្គំឡើយ។

៣

អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដីដែលទូលបង្គំពេញចិត្តយ៉ាងខ្លាំងកាលពីមុន
៤
កាន់តែធ្វើឱ្យអស់អ្នកដែលតែងតែគោរពថ្វាយបង្គំ រងទុក្ខវេទនា
ទូលបង្គំនឹងមិនចូលរួមធ្វើយញ្ញព្រះក្លែងក្លាយទាំងនោះទៀតឡើយ
ទូលបង្គំនឹងមិនពោលនាមព្រះទាំងនោះទៀតដែរ។
៥
បពិត្រព្រះអម្ចាស់ ព្រះអង្គជាចំណែកមត៌កនៃទូលបង្គំហើយ!
ព្រះអង្គប្រទានអ្វីទាំងអស់ដែលទូលបង្គំប្រាថ្នាចង់បាន
ជីវិតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។
៦
ព្រះអង្គប្រទានកេរមត៌កដ៏ល្អវិសេសក្រៃលែងមកទូលបង្គំ
គឺជាចំណែកមត៌កដ៏ល្អប្រសើរបំផុត។
៧ ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្តល់យោបល់ដល់ទូលបង្គំ
សូម្បីតែនៅពេលយប់ ព្រះអង្គក៏ដាស់តឿនចិត្តគំនិតទូលបង្គំដែរ។
៨
ទូលបង្គំនឹកគិតដល់ព្រះអម្ចាស់ជាប់ជានិច្ច
ដោយព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំមិនភ័យញ័រសោះឡើយ។
៩
ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំត្រេកអរយ៉ាងលើសលប់
រូបកាយរបស់ទូលបង្គំក៏សម្រាកដោយសុខសាន្តដែរ។
១០
ដ្បិតព្រះអង្គមិនបោះបង់ចោលទូលបង្គំឱ្យស្លាប់ឡើយ
ព្រះអង្គក៏មិនបណ្តោយឱ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។
១១
ព្រះអង្គបង្ហាញទូលបង្គំឱ្យស្គាល់ផ្លូវទៅកាន់ជីវិត។
ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌
នៅខាងស្តាំព្រះអង្គ ទូលបង្គំរីករាយអស់កល្បជានិច្ចដែរ។
 
សូមកោតសរសេរីព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៦(១៥) បទពាក្យ៧

១ ឱ! ព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត  
  ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី ។
២ ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា ព្រះអង្គពិតជាអម្ចាស់ថ្លៃ  
  ក្រៅពីព្រះអង្គឥតមានអ្វី ផ្តល់មង្គលជ័យគ្រាអាសន្ន ។
៣ អារុក្ខអារក្សអ្នកតាព្រៃ ម្ចាស់ទឹកម្ចាស់ដីកាលពីមុន  
  ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ ផ្តល់តែទារុណរាល់វេលា ។
៤ ទូលបង្គំនឹងមិនចូលរួម មិនទទួលព្រមរួមជាគ្នា  
  គោរពនិងថ្វាយយញ្ញបូជា មិនពោលនាមាព្រះក្លែងក្លាយ ។
៥ បពិត្រព្រះអ​​​​​​ម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ  
  មរតកនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា ។
៦ ព្រះអង្គប្រទានកេរមតក វិសេសឥតអាក់ដ៏ថ្លៃថ្លា  
  មកទូលបង្គំខ្ញុំនេះណា ជាកេរអស្ចារ្យប្រសើរផុត ។
៧ ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត  
  ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ ។
៨ ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ  
  ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
៩ ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ  
  ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់ ។
១០ ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ​​ ឱ្យរងទុក្ខធំស្លាប់សោតសល់  
  ព្រះអង្គក៏មិនបណ្តោយដល់ សពបម្រើផ្ទាល់ស្អុយរលួយ ។
១១ ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ  
  ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ ។
  ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ  
  ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ១ថស ៥,២៣

សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រោសបងប្អូនឱ្យបានវិសុទ្ធទាំងស្រុង។ សូមព្រះអង្គថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឱ្យបានស្អាតឥតសៅហ្មង នៅថ្ងៃព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងយាងមក។

បន្ទរៈ ទូលបង្គំសូមប្រគលវិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ។

  • ឱព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលផ្ញើជីវិតលើព្រះអង្គនេះផង។
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្រ្គោះយើងខ្ញុំនៅពេលយើងខ្ញុំរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុង
ដេកលង់លក់ ដូច្នេះ យើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ និងជាចំណែកមត៌ករបស់យើងខ្ញុំ! សូមព្រះអង្គធ្វើឱ្យយើងខ្ញុំខិតខំស្វែងរកសុភមង្គលដែលមកតែពីព្រះអង្គប៉ុណ្ណោះ ដូច្នេះ យើងខ្ញុំនឹងរង់ចាំអំណរសប្បាយ ដោយសេចក្តីសង្ឃឹមរួមជាមួយព្រះអង្គ ទោះបីយើងខ្ញុំត្រូវរងទុក្ខលំបាក រហូតដល់បាត់បង់ជីវិតក៏ដោយ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រឹស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះជាម្ចាស់ធ្វើឱ្យសេចក្តីសុខសាន្តដែលមកពីព្រះអង្គ រក្សាចិត្តគំនិត និងដួងចិត្តរបស់យើងខ្ញុំ ក្នុងអង្គព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំផង។ អាម៉ែន។