ថ្ងៃចន្ទ

Written on 06/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

អរគុណព្រះម្ចាស់

បន្ទរ អរគុណព្រះម្ចាស់ អរព្រះគុណទាំងអស់គ្នា ព្រោះទ្រង់ការពារ
  យើងរាល់គ្នា ឱ្យផុតទុក្ខ ឱ្យរស់ស្រណុក
  នៅក្នុងសុខសន្តិភាព ហើយផ្តល់កម្លាំង ក្នុងជីវិតរស់នៅសព្វថ្ងៃ។
១ ព្រះអង្គជាម្ចាស់ មានតែមួយមែនពិត ទ្រង់បានបង្កើត
  ផ្ទៃមេឃ និងដី អស្ចារ្យពេកក្រៃ អស្ចារ្យពេកក្រៃ
  ទុកឱ្យយើងខ្ញុំ សង់លំនៅរស់នៅអើយ ។
២ ព្រះអង្គជាម្ចាស់ ខ្ពង់ខ្ពស់សោភាពិត ទ្រង់បានបង្កើត
  សត្វគោក និងទឹក អស្ចារ្យពេកក្រៃ អស្ចារ្យពេកក្រៃ
  ទុកឱ្យយើងខ្ញុំ បរិភោគរស់នៅអើយ ។
៣ ព្រះអង្គជាម្ចាស់ ធំលើសពីការស្មាន ទ្រង់បានបង្កើត
  ឈើព្រៃ និងទឹក អស្ចារ្យពេកក្រៃ អស្ចារ្យពេកក្រៃ
  ទុកឱ្យយើងខ្ញុំ យកប្រើប្រាស់រស់នៅអើយ ។

ទំនុកតម្កើងលេខ ៨៦ សូមប្រទានឱ្យខ្ញុំមានចិត្ដស្មោះត្រង់

សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើងខ្ញុំ។ ព្រះអង្គជាព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្ដាករុណា និងជាព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។ (២ ករ ១,៣)

រដូវធម្មតា បពិត្រព្រះអម្ចាស់ដែលមានព្រះហឫទ័យមេត្ដាករុណាដ៏លើសលប់! សូមផ្ទៀងព្រះការណ៌ស្ដាប់ពាក្យអង្វររបស់ទូលបង្គំ។

រដូវរង់ចាំ

ទូលបង្គំផ្ចង់ចិត្ដគំនិតទៅរកព្រះអង្គ សូមរក្សាការពារជីវិតទូលបង្គំផង។

រដូវបុណ្យណូអែល

បពិត្រព្រះអម្ចាស់! ប្រជាជាតិនានានឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

រដូវសែសិបថ្ងៃ

សូមប្រទានឱ្យទូលបង្គំមានចិត្ដស្មោះត្រង់គោរពកោតខ្លាចព្រះនាមព្រះអង្គ។

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

១ ឱ! ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!
សូមឆ្លើយតបមកទូលបង្គំវិញ ដ្បិតទូលបង្គំជាមនុស្សកំសត់ទុគ៌ត!
២
សូមរក្សារការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្ដស្មោះត្រង់ចំពោះព្រះអង្គ
ឱ! ព្រះនៃទូលបង្គំអើយ! សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ
ដែលផ្ញើជីវិតលើព្រះអង្គនេះផង!
៣
ឱ! ព្រះអម្ចាស់អើយ! សូមអាណិតមេត្ដាទូលបង្គំ
ដ្បិតទូលបង្គំស្រែកហៅរកព្រះអង្គពេញមួយថ្ងៃ។
៤
ឱ!ព្រះអម្ចាស់អើយ! សូមប្រោសអ្នកបម្រើរបស់ព្រះអង្គឱ្យមានអំណរសប្បាយ
ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ
៥
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស
និងតែងតែអត់ឱនឱ្យយើងខ្ញុំ
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។
៦
ឱ!ព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអង្វររបស់ទូលបង្គំ
សូមយកព្រះហប្ញទ័យទុកដាក់នឹងសូរសម្រែករបស់ទូលបង្គំផង។

៧

នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំ។
៨
បពិត្រព្រះអម្ចាស់! ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ
គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
៩
បពិត្រព្រះអម្ចាស់! ប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមក
នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ហើយលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
១០
ដ្បិតព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្តម ព្រះអង្គធ្វើការអស្ចារ្យ
មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
១១
ឱ!ព្រះអម្ចាស់អើយ! សូមបង្ហាញមាគ៌ារបស់ព្រះអង្គឱ្យទូលបង្គំស្គាល់
ទូលបង្គំនឹងប្រព្រឹត្តតាមសេចក្តីពិតរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចព្រះនាមព្រះអង្គ។
១២
បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងស្មោះអស់ពីចិត្ត
ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតរៀងទៅ
១៣
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់
ព្រះអង្គបានរំដោះជីវិតទូលបង្គំឱ្យរួចផុតពីមច្ចុរាជ។
១៤
បពិត្រព្រះអម្ចាស់! មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅមួយពួក ចង់ដកជីវិតទូលបង្គំ
អ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
១៥
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ
ព្រះអង្គតែងតែប្រណីសន្តោស ព្រះអង្គអត់ធ្មត់
ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
១៦
សូមបែរព្រះភក្ត្រមកទតមើលទូលបង្គំ សូមអាណិតមេត្តាទូលបង្គំ
សូមប្រទានកម្លាំងមកទូលបង្គំ
ហើយសង្គ្រោះទូលបង្គំដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
១៧
សូមសម្ដែងទីសម្គាល់ដ៏អស្ចារ្យចំពោះទូលបង្គំដោយព្រះហឫទ័យសប្បុរស
ដើម្បីឱ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ត្រូវអាម៉ាស់។
បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។
 
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៨៦(៨៥) បទព្រហ្មគីតិ

១ ឱព្រះអម្ចាស់អើយ កុំកន្តើយផ្ទៀងព្រះកាណ៌  
  ស្តាប់ស័ព្ទខ្ញុំវាចា ហើយមេត្តាតបវិញផង ។
  ដ្បិតខ្ញុំជាមនុស្ស កម្សត់ខុសគេទាំងពួង  
  ទុរគតពេកកន្លង តោកយ៉ាកផងរាល់វេលា ។
២ សូមរក្សាជីវិត ឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា  
  ដ្បិតខ្ញុំត្រង់ល្អជា ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ ?
  សូមមេត្តាសង្គ្រោះ ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ  
  ជាបម្រើនៅក្បែរ ពឹងផ្អែកតែលើម្ចាស់ថ្លៃ ។
៣ ឱ! ព្រះអម្ចាស់អើយ អាណិតហើយសូមប្រណី  
  ខ្ញុំស្រែកទូលរាល់ថ្ងៃ រកព្រះអង្គមិនឈប់ឈរ ។
៤ ឱព្រះអម្ចាស់អើយ សូមប្រោសឱ្យបម្រើល្អ  
  មានសប្បាយអំណរ តម្រង់រកព្រះអម្ចាស់ ។
៥ បពិត្រព្រះម្ចាស់ខ្ញុំ ព្រះឧត្តមសប្បុរសណាស់  
  អត់ឱនមិនថ្កោលទោស តែងសន្តោសខ្ញុំបរិបូណ៌ ។
  ព្រះអង្គតែងអាណិត អ្នកផ្តេកផ្តិតទ្រង់អាសូរ  
  អ្នកដែលដង្ហោយថ្ងូរ ហៅព្រះអង្គមកសង្គ្រោះ ។
៦ ឱព្រះអម្ចាស់អើយ ទ្រង់ផ្ទៀងហើយសូមសន្តោស  
  ពាក្យខ្ញុំស្រែករកនោះ សូមទ្រង់ប្រោសរូបខ្ញុំផង ។
៧ នៅថ្ងៃមានអាសន្ន ខ្ញុំបែរបន់មិនរំលង  
  អង្វររកព្រះអង្គ ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ ។
៨ ឱព្រះជាអម្ចាស់ ទ្រង់ជាព្រះដ៏ឧត្តម  
  ព្រះអង្គសែនសក្តិសម គ្មានព្រះធំដូចទ្រង់ឡើយ ។
៩ បពិត្រព្រះអម្ចាស់ គ្រប់ជាតិសាសន៍ដែលកើតហើយ  
  គេនឹងមិនកន្តើយ តម្កើងកើយនាមព្រះអង្គ ។
១០ ព្រោះដ្បិតទ្រង់ជាព្រះ ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់  
  នោះគឺមានតែទ្រង់ ដែលជាអង្គលើលោកា ។
១១ ឱ! ព្រះអម្ចាស់ខ្ញុំ មេត្តាសូមប្រាប់មាគ៌ា  
  ឱ្យខ្ញុំស្គាល់គ្រប់គ្រា នឹងយាត្រាចេញដើរតាម ។
  យើងខ្ញុំនឹងប្រព្រឹត្ត តាមសុចរិតមាគ៌ាស្នាម  
  ឱ្យខ្ញុំចេះប្រណម្យ កោតឧត្តមបរមនាម ។
១២ បពិត្រព្រះម្ចាស់ខ្ញុំ ទូលបង្គំមិនទីមទាម  
  ថ្លែងអរព្រះគុណភ្លាម ឥតលាក់លៀមពីដួងចិត្ត ។
  ខ្ញុំនឹងលើកតម្កើង ព្រះនាមឡើងអស់កល្បពិត  
  ថ្កើងថ្កានខ្ពស់ប្រណីត រៀងស្ថេរស្ថិតជាប់រហូត ។
១៣ ដ្បិតទ្រង់មានព្រះទ័យ ករុណាក្រៃមិនរលត់  
  ជួយរំដោះជីវិត ខ្ញុំឱ្យផុតពីក្សិណក្ស័យ ។
១៤ បពិត្រព្រះជាម្ចាស់ ពួកមនុស្សច្រើនពេកក្រៃ  
  ព្រហើនមិនយល់អ្វី គេពួតដៃប្រឆាំងខ្ញុំ ។
  មានអ្នកខ្លាំងពូកែ បានប្របែប្រមូលផ្តុំ  
  ចង់ដកជីវិតខ្ញុំ មិនបារម្ភព្រះអង្គសោះ ។
១៥ បពិត្រព្រះម្ចាស់អើយ ព្រះអង្គហើយព្រះទ័យស្មោះ  
  ករុណាទ្រង់សន្តោស សប្បុរសមានមេត្តា ។
១៦ សូមទ្រង់បែរព្រះភក្ត្រ ទតឱ្យជាក់ខ្ញុំនេះណា  
  សូមអាណិតមេត្តា ខ្ញុំគ្រប់គ្រាកុំបីខាន ។
  សង្គ្រោះខ្ញុំជាអ្នក បម្រើស្ម័គ្រសូមឱ្យមាន  
  កម្លាំងខ្លាំងក្លាហាន សូមផ្ញើប្រាណនឹងព្រះអង្គ ។
១៧ សូមមេត្តាសម្តែង ការស្ញប់ស្ញែងគេឃើញផង  
  អ្នកស្អប់ខ្ញុំកន្លង ឃើញព្រះអង្គប្រោសសង្គ្រោះ ។
  សូមឱ្យខ្មាំងសត្រូវ វាអស់ផ្លូវត្រូវអាម៉ាស់  
  នៅពេលដែលទ្រង់ត្រាស់ ប្រោសសង្គ្រោះការពារខ្ញុំ ។
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ធម ៥,៩ខ-១០)

ព្រះអង្គឱ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើងបានសោយទិវង្គតសម្រាប់យើង ដើម្បីឱ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • ព្រះអង្គបានដោះលែងទូលបង្គំ
  • សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

 

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រីស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ នៅពេលដែលយើងខ្ញុំសម្រាកយ៉ាងសុខសាន្ត សូមឱ្យគ្រាប់ពូជរបស់ព្រះរាជ្យនៃស្ថានបរមសុខ ដែលយើងខ្ញុំបានសាបព្រោះនៅថ្ងៃនេះ ដុះលូតលាស់ ចម្រើនឡើងរហូតដល់ពេលច្រូតកាត់ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

បពិត្រព្រះអម្ចាស់! សូមឱ្យព្រះភក្ត្ររបស់ព្រះអង្គបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់មកលើយើងខ្ញុំ ហើយសូមប្រទានឱ្យយើងខ្ញុំបានប្រកបដោយធម៌មេត្តាករុណារបស់ព្រះអង្គផង! អាម៉ែន។