ថ្ងៃអាទិត្យ

Written on 12/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!

អាលេលូយ៉ា!

ឱ! ព្រះបិតាដ៏ឧត្តម​អេីយ

 

ឱ! ព្រះបិតាដ៏ឧត្តមអើយ ថ្ងៃជិតលិចហើយសូមទ្រង់មេត្តា   
  ណែនាំយើងខ្ញុំឱ្យខំធ្វើការ ដល់យប់កាលណានឹងបានធូរស្បើយ
សូមជួយយើងខ្ញុំឱ្យចេះកែខ្លួន កាន់ចិត្តមាំមួនកុំរលាយឡើយ  
  កុំឱ្យត្អូញត្អែរក្នុងការហត់នឿយ តែខំបង្ហើយដោយក្តីឧស្សាហ៍
សូមជួយយើងខ្ញុំឱ្យមានចិត្តត្រង់ ជឿតែព្រះអង្គគ្រប់ពេលវេលា  
  បើយើងខ្ញុំភ្លេចមួយដងមួយគ្រា សូមទ្រង់មេត្តាកុំចាប់ទោសពៃរ៍
សូមព្រះបិតាទ្រង់ប្រោសប្រទាន ឱ្យអ្នកស្រេកឃ្លានបានភោជន៍ចំណី  
  បានឆ្អែតគ្រប់គ្នាជាប្រក្រតី បានសុខសួស្តីសិរីមង្គល

ទំនុកតម្កើងលេខ ៩១ នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឱ្យអ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ត​ដែល​ខ្ញុំ​ផ្ដល់​ឱ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ត​ដែល​មនុស្ស​លោក​ឱ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ‌ខ្លាច​ឱ្យ​សោះ (យហ ១៤,២៧)។
រដូវធម្មតា និងរដូវសែសិបថ្ងៃ ព្រះអម្ចាស់នឹងការពារអ្នក ហេីយនៅពេលយប់ អ្នកនឹងមិនភ័យខ្លាចភាពអាសន្នឡេីយ។

រដូវរង់ចាំ និងបុណ្យឱឡារិក

ព្រះអង្គជាជំរក និងជាកំពែងការពារទូលបង្គំ។

រដូវបុណ្យណូអែល

ចូរពិនិត្យមេីល អ្នកនឹងឃេីញថា អ្នកនឹងទទួលការសង្គ្រោះ។

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមីរបស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។

ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះ‌អង្គ​ជា​ជម្រក និង​ជា​កំពែង​ការ‌ពារ​ទូល‌បង្គំ
ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ!


ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឱ្យ​រួច​ផុត​ពី​អន្ទាក់ ឱ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។

ព្រះ‌អង្គ​នឹង​ការ‌ពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការ‌ពារ​អ្នក។

នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់​ដែល​គួរ​ឱ្យតក់‌ស្លុត​នោះ​ឡើយ
នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញដែល​គេ​បាញ់​មក​ដែរ។


អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយនៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។

ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ‌ម៉ឺន​នាក់ស្លាប់​នៅ​ខាង​ស្តាំ​អ្នក​ក្តី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​ឡើយ។


ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។


ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

១០

គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មានដល់​អ្នក​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​ដែរ

១១

ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឱ្យពួក​ទេវទូត​ជួយ​អ្នក ពួក​ទេវទូត​នឹង​ការ‌ពារ​អ្នកនៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។

១២

ទេវទូត​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឱ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ។

១៣

អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។

១៤

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការ‌ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់!

១៥

គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញនៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។

១៦

យើង​នឹងឱ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹងឱ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។
 
សូមកេាតសរសេីរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដេីមរៀងមក ហេីយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៩១ (៩០) បទកាកគតិ

អ្នកដែលរស់ក្រោម ការថែគ្រប់គ្រង របស់ព្រះម្ចាស់
  ជាព្រះខ្ពង់ខ្ពស់ វិសុទ្ធពេកណាស់ មានឫទ្ធិតេជះ
    បារមីខ្លាំងក្រៃ ។  
ខ្ញុំសូមទូលថាៈ «ព្រះអម្ចាស់ជា ជម្រកយប់ថ្ងៃ
  និងជាកំពែង ជ្រកកោនផុតភ័យ មិនបង្អង់អី
    ផ្ញើកាយជីវិត» ។  
ព្រះម្ចាស់តែងតែ ជួយមិនគេចកែ ឱ្យអ្នករួចផុត
  ចេញពីអន្ទាក់ ពួកជនទុច្ចរិត ជំងឺរាតត្បាត
    ចង្រៃឧបទ្រព ។  
ទ្រង់នឹងការពារ រូបអ្នកគ្រប់គ្នា នៅជ្រកក្រោមម្លប់
  បារមីព្រះអង្គ ទាំងថ្ងៃទាំងយប់ ឥតមានឈរឈប់
    ម្លប់ដ៏ត្រជាក់ ។  
  ព្រះហឫទ័យ មេត្តាប្រណី មិនដែលថ្នាំងថ្នាក់
  របស់ព្រះអង្គ ជួយការពារអ្នក ជាអាវក្រោះពាក់
    របស់អ្នកហើយ ។  
នៅពេលរាត្រី អ្នកនឹងមិនភ័យ អំពីអ្វីឡើយ
  អាសន្នគ្រប់យ៉ាង ចៀសផុតធូរស្បើយ ពេលថ្ងៃក៏ដោយ
    ក៏អាចរួចផុត ។  
អ្នកនឹងមិនអាច ជួបគ្រោះកំណាច ក្នុងយប់ងងឹត
  ទាំងមហន្តរាយ ទោះនៅឆ្ងាយជិត ថ្ងៃត្រង់ក៏ផុត
    មិនអាចជួបសោះ ។  
ទោះបីជាមាន មនុស្សម៉ឺនពាន់ ដេកស្លាប់ទាំងអស់
  ក៏មិនមានអ្វី មកប៉ះអ្នកសោះ ផុតអស់ទុក្ខគ្រោះ
    គ្មានព្រួយភិតភ័យ ។  
បើអ្នកពិនិត្យ មើលឱ្យបានជិត ឃើញច្បាស់ដូចថ្ងៃ
  ពីពួកមនុស្ស អបលក្ខណ៍អប្រីយ៍ រងទោសរាល់ថ្ងៃ
    មិនមានអាក់ខាន ។  
ព្រះអម្ចាស់ជា ជម្រកពន្លា គ្មានអ្វីស្មើបាន
  អ្នកជ្រកក្រោមម្លប់ ព្រះខ្ពស់ហួសស្មាន វិសុទ្ធថ្កើងថ្កាន
    នៅលើលោកីយ៍ ។  
១០ គ្មានទុក្ខវេទនា ណាមកពាធា ធ្វើឱ្យអ្នកភ័យ
  ទោះជាគ្រោះកាច ឧបសគ្គចង្រៃ ចូលមិនបានអី
    ដល់លំនៅអ្នក ។  
១១ ដ្បិតព្រះអម្ចាស់ នឹងបញ្ជាច្បាស់ ទេវទូតគ្រប់ថ្នាក់
  តាមជួយរក្សា ការពាររូបអ្នក គ្រប់ទីសំណាក់
    ដែលអ្នកនឹងនៅ ។  
១២ ទេវទូតយកដៃ ចាំទ្រថ្នមបី មិនឱ្យហ្មងសៅ
  លើកអ្នកឱ្យឈរ រឹងប៉ឹងពេកកូវ មិនឱ្យជើងត្រូវ
    ទង្គិចថ្មឡើយ ។  
១៣ អ្នកនឹងដើរជាន់ សត្វមានរាប់ពាន់ នៅជិតបង្កើយ
  សត្វគោកសត្វទឹក សត្វព្រៃក៏ដោយ ជាន់សិង្ហពស់ហើយ
    ទាំងសត្វនាគខ្លា ។  
១៤ ព្រះអម្ចាស់មាន ព្រះបន្ទូលថ្កាន យ៉ាងច្បាស់មកថា
  យើងនឹងចេញមុខ រំដោះរងការ ដ្បិតគេស្គាល់ថា
    យើងជាព្រះគេ ។  
១៥ បើគេស្រែករក ហៅយើងឱ្យមក យើងតបមិនរេ
  ពេលមានអាសន្ន យើងនៅនឹងគេ ឥតមានបែកបែរ
    ទាំងថ្កើងគេផង ។  
១៦ យើងឱ្យគេបាន រស់នៅសុខសាន្ត យូរឆ្នាំកន្លង
  អាយុយឺនយូរ មិនឱ្យមានហ្មង ឱ្យគេដឹងផង
    ថាយើងសង្គ្រោះ ។  
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ២២,៤-៥)

គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ។ នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ព្រះ‌អង្គ​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • សូមបែរព្រះភក្រមកទតអ្នកបម្រើរបស់ព្រះអង្គ។
  • សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

 

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

រដូវរង់ចាំ

អ្នកនឹងឃើញព្រះគ្រីស្តជាព្រះសង្គ្រោះរបស់អ្នក មុនពេលអ្នកត្រូវស្លាប់។

រដូវបុណ្យណូអែល

ខ្ញុំបានឃើញព្រះសង្គ្រោះដោយផ្ទាល់នឹងភ្នែក ព្រះអង្គជាពន្លឺបំភ្លឺមនុស្សលោក។
រដូវត្រណម
បពិត្រព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ ព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំ។
រដូវបុណ្យចម្លង
ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានពោរពេញដោយព្រះពន្លឺរបស់ព្រះអង្គ អាលេលូយ៉ា!។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត! ព្រះបន្ទូលដែលជាពន្លឺអស់កល្បជានិច្ចបានបំភ្លឺភ្នែករបស់យើងខ្ញុំ។ យប់នេះ សូមព្រះអង្គរក្សាការពារវិញ្ញាណរបស់យើងខ្ញុំដោយសុខសាន្តផង ហើយនៅពេលដែលជីវិតរបស់ខ្ញុំផុតរលត់ទៅ សូមឱ្យយើងខ្ញុំបានចូលទៅក្នុងស្ថានបរមសុខ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាព្រះអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរក្សាការពារ និងប្រទានព្រះពរឱ្យយើងខ្ញុំផង។ អាម៉ែន។