ថ្ងៃសៅរ៍

Written on 18/10/2025
Boy KANN


ឱ! ព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន!
អាលេលូយ៉ា!

ពេលសូរិយាលន់លិច

១ នៅវេលាដែលសូរិយាលន់លិច យើងខ្ញុំទាំងឡាយរួមគ្នានៅទីនេះ  
  ដើម្បីសូមព្រះជាម្ចាស់យាងមក រក្សាដោយព្រះហឫទ័យប្រណីមេត្តា ។
២ យើងខ្ញុំសូមថ្វាយឆ្ពោះព្រះជាម្ចាស់ នូវការងារដែលយើងខ្ញុំធ្វើថ្ងៃនេះ  
  បើយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះអង្គ សូមទ្រង់មេត្តាលើកលែងទោសឱ្យយើងខ្ញុំ ។
៣ យើងខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលបានរក្សាយើងខ្ញុំក្នុងថ្ងៃនេះ  
  សូមការពារយើងខ្ញុំក្នុងរាត្រីនេះ សូមឱ្យយើងខ្ញុំបានឈ្នះកិច្ចកលអារក្ស ។

ទំនុកតម្កើងលេខ ៤ ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំរស់នៅដោយសុខដុមរមនា

«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាសព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ព្រះ‌រាជ្យ​មក​ឱ្យ​អ្នក​រាល់​គ្នា​ហើយ» (លក ១២,៣២)។
រដូវធម្មតា និងរដូវរង់ចាំ
ឱព្រះអម្ចាស់អើយ! សូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង!

រដូវបុណ្យណូអែល

សូមប្រោសឱ្យយើងខ្ញុំឃើញពន្លឺថ្ងៃតទៅទៀត។ តើនរណានាំសុភមង្គលមកឱ្យយើងខ្ញុំ?

រដូវសែសិបថ្ងៃ

ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្តាប់ពាក្យអង្វររបស់ទូលបង្គំផង។

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

បុណ្យឱឡារិក

ពេលទូលបង្គំចូលដំណេក ទូលបង្គំដេកលក់ដោយសុខសាន្ត។

 

២ ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ឱ្យ​ទូល‌បង្គំ​អើយ!
ពេល​ទូល‌បង្គំ​ដង្ហោយ​ហៅ​រក​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!
ពេល​ទូល‌បង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះ‌អង្គ​បាន​ធ្វើ​ឱ្យ​ទូល‌បង្គំ​ធូរ​ស្បើយ។
សូម​អាណិត​មេត្តា​ទូល‌បង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូល‌បង្គំ​ផង។
៣
មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំដល់​កាល​ណា​ទៀត?
តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត?
៤
ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែង‌តែ​ប្រោស‌ប្រណីមនុស្ស​ស្មោះ‌ត្រង់
ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ខ្ញុំ​ជា‌និច្ច។
៥
បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ
តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។
៦
ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត ហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។
៧
មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឱ្យយើង​ខ្ញុំ?
ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!
៨
ព្រះ‌អង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ ច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវ
និង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។
៩
ពេល​ទូល‌បង្គំ​ចូល​ដំណេក នោះ​ទូល‌បង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាម
ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឱ្យទូល‌បង្គំ​រស់​នៅដោយ​សុខ‌ដុម‌រមនា។
 
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៤ (បទពាក្យ ៧)

២ ឱព្រះអម្ចាស់ថ្លៃបវរ ដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ  
  ពេលទូលបង្គំអង្វរសុំ សូមតបមកខ្ញុំកុំបង្អង់ ។
  ពេលយើងខ្ញុំមានទុក្ខធុរៈ ព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង  
  យើងបានធូរស្បើយផុតសៅហ្មង សូមសណ្តាប់ផងដោយមេត្តា ។
៣ តើពួកមនុស្សទាំងអស់នោះ ជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា  
  ហើយចូលចិត្តអ្វីមិនបានការ និយាយមុសាដល់ណាទៀត ?
៤ ត្រូវដឹងថាព្រះជាអម្ចាស់  តែងប្រណីប្រោសមិនរវាត  
  ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀត ស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ច ។
៥ ចូរស្អប់អំពើណាអាក្រក់ ស្មោកគ្រោកកខ្វក់មានកលល្បិច  
  កុំប្រព្រឹត្តបាបទោះច្រើនតិច ពេលដេកកុំភ្លេចពិចារណា ។
៦ ថ្វាយយញ្ញបូជាតាមវិន័យ ពឹងផ្អែកក្សត្រថ្លៃគ្រងលោកា  
  លះបង់ឱ្យអស់ក្តីមុសា ថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់ ។
៧ មានមនុស្សជាច្រើនតែងពោលថា តើមាននរណានាំតម្រង់  
  សុភមង្គលដ៏ត្រចង់ ឱ្យយើងខ្ញុំផងសូមទតចុះ ។
៨ ព្រះអង្គបានដាក់ក្តីអំណរ សប្បាយអបអរចិត្តស្រស់បស់  
  ជាងពេលប្រមូលផលទាំងអស់ និងពេលច្រូតបេះផលផ្លែផ្កា ។
៩ ពេលទូលបង្គំចូលដំណេក ទូលបង្គំដេកស្កប់កាយា  
  ព្រះអង្គឱ្យមនុស្សក្នុងលោកា បានសុខរមនាតទៅអើយ ។
  សូមកោតសរសើរព្រះបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

ទំនុកតម្កើងលេខ ១៣៤ លើកដៃប្រណម្យទៅរកទីសក្ការៈ

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិ‌ស្ឋាន។ ព្រះ‌អង្គ​អធិ‌ស្ឋាន​ពេញ​មួយ​យប់ (លក ៦,១២)។
រដូវធម្មតា និងបុណ្យឱឡារិក អ្នកបម្រើរបស់ព្រះអម្ចាស់អើយ! ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ។

រដូវរង់ចាំ

ទោះបីងងឹតយ៉ាងណាក្តី ចំពោះព្រះអង្គក៏នៅតែភ្លឺដដែល។

រដូវបុណ្យណូអែល

ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមនុស្សទៀងត្រង់។

រដូវត្រណម

ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្រ្គោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ។

រដូវបុណ្យចម្លង

អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

 

១ អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់
ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់របស់​ព្រះ‌អង្គ​នា​ពេល​យប់​អើយ
ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
២
ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
៣
សូម​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី
ប្រទាន​ពរ​ដល់​អ្នក​ពី​ក្រុង​ស៊ីយ៉ូន!។
 
សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ១៣៤ (បទពាក្យ ៧)

១ អស់អ្នកបម្រើព្រះអម្ចាស់ នៅក្នុងដំណាក់ពេលរាត្រី  
  នាំគ្នាតម្កើងព្រះម្ចាស់ថ្ងៃ ដ៏ខ្ពង់ខ្ពស់ក្រៃពេកអស្ចារ្យ ។
២ ចូរលើកដៃឡើងហើយប្រណម្យ បែរទៅឱ្យចំទីសក្ការ  
  ចូរច្រៀងសរសើរដោយជ្រះថ្លា ថ្កើងព្រះចេស្តានៃព្រះអង្គ ។
៣ សូមព្រះអម្ចាស់ដែលបង្កើត មេឃដីល្អឆើតកុំរេរង់  
  សូមប្រទានពរដល់អ្នកផង ពីក្រុងស៊ីយ៉ូនមកកុំខាន ។
  សូមកោតសរសើរព្រះបិតា ព្រះរាជបុត្រា ព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៦,៤-៧)

អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នកឱ្យអស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ ត្រូវ​ទុក​ឱ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឱ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

បន្ទរៈ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ។

  • ព្រះជាម្ចាស់នឹងរក្សាសម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយទូលបង្គំ ដោយមិនប្រែប្រួលឡើយ។
  • សូមកោតសរសើរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

ទំនុកតម្កើងរបស់លោកតាស៊ីម៉ូន (លក ២,២៩-៣២)

 

រដូវធម្មតា បពិត្រព្រះបិតាជាអម្ចាស់! សូមសង្គ្រោះយើងខ្ញុំ នៅពេលយើងរង់ចាំព្រះអង្គ សូមរក្សាការពារយើងខ្ញុំនៅពេលកំពុងដេកលង់លក់ ដូច្នេះយើងខ្ញុំនឹងទន្ទឹងរង់ចាំព្រះអង្គជាមួយព្រះគ្រឹស្ត ហើយយើងខ្ញុំនឹងសម្រាកយ៉ាងសុខសាន្ត។

រដូវរង់ចាំ

អ្នកនឹងឃើញព្រះគ្រីស្តជាព្រះសង្គ្រោះ របស់អ្នក មុនពេលអ្នកត្រូវស្លាប់។

រដូវបុណ្យណូអែល

ខ្ញុំបានឃើញព្រះសង្គ្រោះដោយផ្ទាល់នឹងភ្នែក ព្រះអង្គជាពន្លឺបំភ្លឺមនុស្សលោក។

រដូវត្រណម

បពិត្រព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ ព្រះអង្គជាព្រះដ៏វិសុទ្ធ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមឱ្យធម៌មេត្តាករុណារបស់ព្រះអង្គស្ថិតនៅជាមួយយើងខ្ញុំ។

រដូវបុណ្យចម្លង

ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! ព្រះអង្គប្រទានឱ្យយើងខ្ញុំបានពោរពេញដោយព្រះពន្លឺរបស់ព្រះអង្គ អាលេលូយ៉ា!។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះគ្រី និងបានរំដោះព្រះអង្គឱ្យរួចពីសេចក្តីស្លាប់។ សូមព្រះអង្គកុំបណ្តោយឱ្យដួងចិត្តរបស់យើងខ្ញុំខ្វល់ខ្វាយឡើយ សូមឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមលើព្រះអង្គ នៅពេលយើងខ្ញុំស្ថិតនៅក្នុងទីងងឹត។ សូមបំពេញបំណងយើងខ្ញុំដោយព្រះហឫទ័យសប្បុរស ហើយសូមឱ្យយើងខ្ញុំរង់ចាំពន្លឺនៃការរស់ឡើងវិញ ដោយភាពស្ងៀមស្ងាត់ និងសេចក្តីសុខសាន្ត។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូជាព្រះគ្រីស្ត និងជាអម្ចាស់យើងខ្ញុំ។ អាម៉ែន។

សូមព្រះអម្ចាស់ប្រទានព្រះពរឱ្យយើងខ្ញុំ ហើយសូមឱ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្តជានិច្ចពីព្រះអង្គផង។ អាម៉ែន។