១២ ឆ្នូ ២០២៦

Written on 25/09/2026
Catholic Faith Cambodia

ថ្ងៃសៅរ៍ រដូវអបអរសាទរ សប្តាហ៍ទី០២
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកបំភ្លឺមនុស្ស លោក។ ពេលព្រះបុត្រាយាងមកវិញប្រកបដោយសិរីរុងរឿងយ៉ាងអស្ចារ្យ ទ្រង់នឹងបំបាត់ ភាពងងឹត និងសេចក្តីអាក្រក់គ្រប់យ៉ាង។ ពេលនោះ សូមព្រះអង្គព្រះមេត្តាប្រោសយើងខ្ញុំឱ្យធ្វើជាបុត្រធីតាដ៏វិសុទ្ធរបស់ព្រះអង្គផង។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរបេនស៊ីរ៉ាក់ (បសរ ៤៨,១-៤.៩-១១)

ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្តីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់។ លោកធ្វើឱ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឱ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ តាមបញ្ជារបស់ព្រះអម្ចាស់ លោកធ្វើឱ្យមេឃរាំង ហើយធ្វើឱ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ព្យាការីអេលីអើយ ! លោកប្រកបដោយសិរីរុងរឿងដោយសារតែលោកសម្តែងបាដិហារិយ៍ តើនរណាអាចប្រៀបស្មើនឹងលោកបាន? ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួច នៅលើរទេះទឹមដោយសេះភ្លើងផង។ ក្នុងគម្ពីរមានចែងថា ពេលអនាគតលោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់ មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុបឱ្យបានដូចដើមឡើងវិញផង។ មានសុភមង្គលហើយ! អ្នកដែលបានឃើញលោក និងអ្នកដែលស្លាប់ទៅទាំងស្រឡាញ់ព្រះអម្ចាស់ ដ្បិតយើងពិតជាមានជីវិតមិនខាន។

ទំនុកតម្កើងលេខ ៨០,២-៤.១៥-១៦.១៨-១៩ បទព្រហ្មគីតិ

២. ព្រះម្ចាស់ជាគង្វាល អ៊ីស្រាអែលសូមសណ្តាប់  
  ពូជពង្សលោកយ៉ូសែប ដែលព្រះអង្គបានដឹកនាំ ។
  ដូចជាអ្នកគង្វាល ចាំយាមឃ្វាលចៀមថែទាំ  
  គេរស់ដោយសុខដុម សូមសម្តែងព្រះបារមី ។
៣. ឱ្យពួកកុលសម្ព​ន្ធ អេប្រាអ៊ីមឃើញស្នាដៃ  
  និងជាតិផ្សេងៗក្តី សូមទ្រង់លៃជួយសង្គ្រោះ ។
៤. ឱ!ព្រះជាម្ចាស់អើយ កុំកន្តើយសូមសន្តោស  
  ទតមើលដោយសប្បុរស នោះយើងខ្ញុំរួចជីវិត ។
  សូមទ្រង់បែរព្រះភក្ត្រ ញញឹមដាក់យើងខ្ញុំពិត  
  សង្គ្រោះឱ្យនៅជិត កុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ ។
១៥. ឱ! ព្រះជាម្ចាស់អើយ កុំកន្តើយសូមទ្រង់ទត  
  ពីស្ថានសួគ៌ាមក ជួយយើងខ្ញុំកុំខានឡើយ ។
១៦. សូមទ្រង់ជួយរក្សា ថែចម្ការដែលមានហើយ  
  ការពារកុំបណ្តោយ ក្រែងថ្លោះធ្លោយខ្មាំងញាំញី ។
១៨. សូមទ្រង់ដាក់ព្រះហស្ត លើស្តេចនោះគង់ខាងស្តាំ  
  បុត្រមនុស្សដ៏ឧត្តម ដែលព្រះអង្គពង្រឹងឡើង ។
១៩. យើងខ្ញុំមិនបែកបែរ ចិត្តងាករេពីព្រះអង្គ  
  សូមប្រោសប្រទានផង ឱ្យយើងខ្ញុំមានជីវិត ។
  ពេលខ្ញុំរស់ឡើងវិញ ចិត្តពោរពេញនៅនែបនិត្យ  
  គោរពបម្រើពិត ឥតមានក្បត់ឆ្ងាយពីទ្រង់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ៣,៤.៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ ចូរពង្រាបផ្លូវរបស់ព្រះអង្គ! មនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៧, ៩-១៣)

ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័កទាំង៣ ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់អ្នកណាពីហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្សមានជីវិតរស់់ឡើងវិញ»។ ក្រុមសាវ័កទូលសួរព្រះយេស៊ូថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីនឹងមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ។ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើ​បាបដូច្នោះដែរ»។ ពេលនោះក្រុមសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោក​​យ៉ូហានបាទីស្ត។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រៀនប្រដៅយើងខ្ញុំ ដោយសារព្យាការីទាំងឡាយ។ ក្នុងអភិបូជា យើងខ្ញុំនាំគ្នានឹកដល់ព្រះបុត្រាព្រះអង្គ ដែលសព្វព្រះហឫទ័យបូជាព្រះជន្មដោយព្រះហឫទ័យស្រឡាញ់។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យរៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកុំពុងយាងមក សូមជួយយើងខ្ញុំឱ្យកាន់កិរិយាត្រឹមត្រូវ និងយកចិត្តទុកដាក់ជួយអ្នកកម្សត់ទុគ៌តផង។