០៦ ឆ្នូ ២០២៦

Written on 24/09/2026
Catholic Faith Cambodia

ថ្ងៃអាទិត្យ រដូវអបអរសាទរ សប្តាហ៍ទី០២
ពណ៌ស្វាយ

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ពាក្យប្រៀនប្រដៅរបស់លោកយ៉ូហានបាទីស្ត ជាអ្នកដែលព្រះជាម្ចាស់ចាត់ឱ្យមករៀបចំផ្លូវថ្វាយព្រះយេស៊ូ។ នាបច្ចុប្បន្ននេះ គ្រីស្តបរិស័ទក៏យកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នា ឬទាស់ទែងគ្នា ជាពិសេស ត្រូវអត់ទោសឱ្យគ្នាទៅ​វិញទៅមកជាមុនសិន។ នេះជារបៀបដ៏ប្រសើរ សម្រាប់រៀបចំផ្លូវថ្វាយព្រះគ្រីស្តយាងមកវិញ។

ពាក្យអង្វរពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្យាការីយ៉ូហានបាទីស្ត ឱ្យមករៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់រៀបចំផ្លូវថ្វាយព្រះគ្រីស្ត ដែលកំពុងយាងមកសព្វថ្ងៃនេះ។ សូមប្រោសយើងខ្ញុំឱ្យចាប់អារម្មណ៍នឹងកសាងពិភពលោកប្រកបដោយយុត្តិធម៌ផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស (៤០,១-៥.៩-១១)

ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា មានព្រះបន្ទូលថា៖ «ចូរជួយសម្រាលទុក្ខប្រជារាស្ត្ររបស់យើងកុំបង្អង់ឡើយ! ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឱ្យធ្វើការយ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះអំពើបាបទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គេបានរងទុក្ខទោសនោះ មួយទ្វេជាពីរហើយ!»។ មានសម្លេងមួយប្រកាសថា៖ «ចូររៀបចំផ្លូវក្នុងវាលរហោស្ថានថ្វាយព្រះអម្ចាស់! ចូរឆាយដីឱ្យរាបស្មើក្នុងវាលហួតហែង ធ្វើផ្លូវថ្វាយព្រះរបស់យើង ! ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូច ភ្នំធំទាំងប៉ុន្មានឱ្យរាប ផ្លូវក្រវិចក្រវៀនត្រូវតម្រង់ឱ្យត្រង់កន្លែងណារដិបរដុប ក៏ត្រូវពង្រាបឱ្យស្មើផងដែរ! បន្តិចទៀត ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយសត្វលោកទាំង​ឡាយនឹងឃើញក្នុងពេលជាមួយគ្នាថា ព្រះអម្ចាស់ប្រព្រឹត្តតាមព្រះបន្ទូលសន្យារបស់ព្រះអង្គមែន»។ អ្នកនាំដំណឹងល្អដល់ក្រុងស៊ីយ៉ូនអើយ! ចូរឡើងទៅលើភ្នំខ្ពស់ទៅ! អ្នកនាំដំណឹងល្អដល់ក្រុងយេរូសាឡឹមអើយ! ចូរស្រែកឱ្យអស់ទំហឹង! កុំខ្លាចអ្វីឡើយ! ចូរប្រាប់អ្នកក្រុងទាំងប៉ុន្មានក្នុងស្រុកយូដាថា៖ «មើល៍ហ្ន! ព្រះរបស់អ្នករាល់គ្នា មើល៍ហ្ន! ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមីដើម្បីគ្រងរាជ្យ ព្រះអង្គបានជ័យជម្នះ ហើយក៏នាំអស់អ្នកដែលព្រះអង្គបានរំដោះមកជាមួយ​ផង។ ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន ទ្រង់លើកព្រះហស្តឡើងធ្វើសញ្ញាប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយថែទាំមេចៀមដែលកំពុងបំបៅកូន»។

ទំនុកតម្កើងលេខ ៨៥ (៨៤), ៩-១៤ បទកាកគតិ

៩ យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
  ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
    ដែលមិនលេលា ។
១០ ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
  ដល់អ្នកកោតខ្លាច ព្រះអង្គគ្រប់គ្រា សិរីមហិមា
    នៅលើដីយើង ។
១១ ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
  ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
    នៅលើលោកីយ៍ ។
១២ សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
  សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
    ចុះជួយរក្សា ។
១៣ ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
  ចំណែកផែនដី បង្កើតផល្លា ភោគផលផ្លែផ្កា
    សម្បូរមិនខ្វះ ។
១៤ សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
  សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ
    សុខសាន្តរហូត ។

អត្ថបទទី​ ២៖ សូមថ្លែងលិខិតទី០ របស់គ្រីស្តទូតសិលា (២ សល ៣,៨-១៤)

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនកុំភ្លេចចំណុចមួយនេះ គឺថា នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃ ដែរ។ ព្រះអម្ចាស់នឹងយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែរបង្អង់ ដូចអ្នក ខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះទ្រង់ មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វព្រះហឫទ័យឱ្យមនុស្ស លោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។​ ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបានទៅនឹង ពេលចោរចូលលួចដែរ។ នៅគ្រានោះផ្ទៃមេឃនឹងរលាយសូន្យ ដោយសន្ធឹកខ្ទ័រខ្ទារ ធាតុនានានឹងឆេះរលាយសូន្យអស់ ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសទាំងផែនដីទាំងអ្វីៗ ដែលនៅលើផែនដីដែរ។ បើអ្វីៗទាំងនោះ មុខតែរលាយសូន្យយ៉ាងនេះទៅហើយ បងប្អូនត្រូវមានចរិយាដ៏វិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ឱ្យមែនទែន!។ ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែងធ្វើឱ្យ ថ្ងៃដែលព្រះជាម្ចាស់យាងមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះ រលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីដែលប្រកបដោយសេចក្តីសុចរិតតាមព្រះបន្ទូលសន្យា។ បងប្អូនជាទីស្រឡាញ់! ក្នុងពេលដែលបងប្អូនរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែង ធ្វើយ៉ាងណា ឱ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះឥតសៅហ្មង និងឃើញបង ប្អូនរស់នៅដោយសុខសាន្ត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ៣,៤.៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាកុស (មក ១,១-៨)

ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ចាប់ផ្តើមដូចតទៅ៖ ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងឱ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ»។ មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថានថា “ចូររៀបចំផ្លូវរបស់ព្រះជាម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”។ ពេលនោះ លោកយ៉ូហានជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់នៅវាលរហោស្ថាន ស្របតាមអត្ថ​បទគម្ពីរនេះមែន។ លោកប្រកាសឱ្យមនុស្សម្នាប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹកដើម្បីព្រះជាម្ចាស់លើកលែងទោសឱ្យរួចពី​បាប។ អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឱ្យគេក្នុងទន្លេយ័រដាន់។ លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្តូប និងទឹកឃ្មុំ។ លោកប្រកាសប្រាប់បណ្តាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំនឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ខ្ញុំបានធ្វើពិធីជ្រមុជ​ឱ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! សូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ ក្នុងពេលយើងខ្ញុំនាំគ្នាធ្វើពិធីនឹករំឭកព្រះបុត្រាព្រះអង្គបូជាព្រះជន្ម។ សូមប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តយកកាយ វាចា ចិត្ត ថ្វាយ រួមនឹងសក្ការបូជារបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង ២

បពិត្រព្រះបិតា យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ ដ្បិតព្រះអង្គមានធម៌មេត្តាករុណាសង្គ្រោះមនុស្សលោកសព្វថ្ងៃនេះ ទោះបីយើងខ្ញុំឃើញមនុស្សបាក់បែកគ្នា ហែកហួរគ្នា ក៏ដោយ ក៏យើងខ្ញុំជឿជាក់ និងសូមប្រកាសថា ព្រះអង្គនៅតែណែនាំមនុស្សលោកឱ្យស្រុះស្រួលគ្នា និងឱ្យខំកសាងសន្តិភាពផង។ ព្រះវិញ្ញាណព្រះអង្គកំពុងតែបំភ្លឺចិត្តគំនិតមនុស្សលោក ធ្វើឱ្យខ្មាំងសត្រូវនិយាយរកគ្នា ឱ្យអ្នកប្រឆាំងគ្នាចាប់ដៃគ្នា ឱ្យប្រជាជនដែលទាស់ទែងគ្នា សុខចិត្តធ្វើដំណើរជាមួយគ្នាវិញ។ បពិត្រព្រះអម្ចាស់! គឺព្រះអង្គហើយដែលណែនាំមនុស្សឱ្យសុខចិត្តស្រុះស្រួលគ្នា ជា​ជាងច្បាំងគ្នា សុខចិត្តអត់ទោសឱ្យគ្នា ជាជាងសងសឹកគ្នា សុខចិត្តស្រឡាញ់រាប់អានគ្នា ជាជាងស្អប់គ្នាតទៅទៀត។ ហេតុនេះហើយបានជាយើងខ្ញុំត្រូវតែអរព្រះគុណ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជានិច្ច រួមជាមួយអស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅស្ថានបរមសុខ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!…”

ពាក្យអរព្រះគុណ

បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សព្វថ្ងៃ ព្រះអង្គប្រមែប្រមូលមនុស្សលោកឱ្យចូលរួមក្នុងព្រះកាយព្រះគ្រីស្តតែមួយដែរ។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់កសាងសន្តិភាពជារៀងរាល់ថ្ងៃ នៅកន្លែងដែលយើងខ្ញុំរស់នៅ។ សូមឱ្យមនុស្សដែលស្អប់គ្នា បានជានានឹងគ្នាវិញ ដើម្បីបានសេចក្តីសុខសាន្ត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។