២៣ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃសៅរ៍ រដូវធម្មតា 
អាទិត្យទី០២ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ (ហប ៩,២-៣.១១-១៤)

ក្នុងព្រះវិហារនៃសម្ព័ន្ធមេត្រីចាស់ មានព្រះពន្លាមួយនៅខាងមុខដែលគេហៅថា “ទីដ៏វិសុទ្ធ”។ នៅទីនោះ មានដាក់ជើងចង្កៀង តុ និងនំបុ័ងតង្វាយ។ បន្ទាប់មក​ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីដ៏វិសុទ្ធបំផុត”។ នៅពេលព្រះគ្រីស្តយាងមកក្នុងឋានៈជាមហាបូជាចារ្យដែលនាំយកសម្បត្តិនៃលោកខាង​មុខ ព្រះអង្គយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្តម និងល្អគ្រប់លក្ខណ៍ជាងពន្លាទាំងពីរនោះគឺ ព្រះអង្គមិនមែនយាងកាត់ព្រះពន្លាដែលសង់ឡើយដោយដៃមនុស្សទេ ពោគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ព្រះអង្គពុំបានយក​ឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺទ្រង់យកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូល​ទៅថ្វាយក្នុងទីសក្ការៈម្តងជាការស្រេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ប្រសិន​បើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវ ដែលគេបាចលើមនុស្ស​សៅហ្មង ធ្វើឱ្យរូបកាយគេបានបរិសុទ្ធ និងឱ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ចំណង់បើព្រះលោកហិតរបស់ព្រះគ្រីស្តវិញ ក៏រឹតតែនឹងជម្រះមនសិការយើងឱ្យបាន​រួចផុតពីអំពើឥតបានការ ជាងនេះទៅទៀត! ដើម្បីយើងគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ។

ទំនុកតម្កើងលេខ ៤៧ (៤៦),២-៣.៦-៩ បទកាកគតិ

២ ឱជនទាំងឡាយ ចូរអរសប្បាយ ទះដៃអបអរ
  ច្រៀងលើកតម្កើង ព្រះម្ចាស់បវរ ទទួលអំណរ
    ដោយចិត្តរីករាយ ។
៣ ដ្បិតព្រះអម្ចាស់ ព្រះខ្ពង់ខ្ពស់ណាស គួរស្ញប់ស្ញែងក្រៃ
  ព្រោះតែព្រះអង្គ ជាមហាក្សត្រថ្លៃ ឧត្តមប្រពៃ
    លើដីទាំងអស់ ។
៦ ព្រះអម្ចាស់យាង ឡើងក្រោមសូរសៀង ខ្ញៀវខ្ញាអនេក
  ទ្រង់យាងទៅខ្ពស់ ឥតមានរារែក អមដោយសម្រែក
    សូរត្រែតន្រ្តី ។
៧ ចូរយើងនាំគ្នា រូតរះម្នីម្នា ថ្វាយពរសិរី
  ព្រះជាអម្ចាស់ រុងរឿងពេកក្រៃ ស្មូតលាតន្ត្រី
    ថ្វាយព្រះនៃយើង ។
៨ ដ្បិតព្រះអង្គជា ព្រះមហាក្សត្រា វិសេសថ្កុំថ្កើង
  នៅលើផែនដី ជាព្រះនៃយើង ចូរនាំគ្នាថ្កើង
    ស្មូតកំណាព្យថា្វយ ។
៩ ព្រះម្ចាស់គ្រងរាជ្យ ពេញដោយអំណាច លើជាតិជិតឆ្ងាយ
  គង់លើបល្ល័ង្ក ឥតបីនឿយណាយ វិសុទ្ធពេកក្រៃ
    រាស្រ្តបានសុខសាន្ត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កក ១៦,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,២០-២១)

​ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថាព្រះអង្គវង្វេងស្មារតីហើយ ។