១៨ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃចន្ទ រដូវធម្មតា 
សប្តាហ៍ទី០២ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប (៥,១-១០) 

ជនជាតិយូដាតែងតែជ្រើរើសមហាបូជាចារ្យទាំងអស់ពីចំណោមមនុស្ស ហើយតែងតាំងលោកសម្រាប់ឱ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់​ក៏ទន់ខ្សោយដែរ។ ដោយលោកទន់ខ្សោយដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់​ឱ្យទាំងខ្លួនលោកផ្ទាល់ និងប្រជារាស្រ្តឱ្យបានរួចពីបាប។ គ្មាននរណាតាំងខ្លួនឯងឱ្យ​បំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាសហៅដូចលោកអរ៉ុនទើបបំពេញបាន។ រីឯព្រះគ្រីស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គ​ផ្ទាល់ ធ្វើជាមហាបូជាចារ្យទេ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះគ្រីស្តជាមហាបូជាចារ្យ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង​ គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងទំនុកតម្កើងមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ​​តាមរបៀបស្តេចមែលគីសេដែក»។ ពេលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានពន្លឺព្រះសូរសៀងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូលអង្វរ ទូលលូមព្រះជាម្ចាស់ដែលអាចសង្រ្គោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជា​ម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនធ្វើតាមបង្គាប់ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណ៍ហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្រ្គោះដ៏ស្ថិតស្ថេរនៅ​អស់កល្បជានិច្ច សម្រាប់អស់អ្នកដែលធ្វើតាមបង្គាប់ព្រះអង្គ ហើយព្រះជាម្ចាស់ក៏​​ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទមែគីសេដែក។

ទំនុកតម្កើងលេខ ១១០ (១០៩) ,១-៤ បទកាកគតិ

១ ព្រះអម្ចាស់មាន បន្ទូលមកកាន់ ព្រះរាជាខ្ញុំ
  ថាសូមអញ្ជើញ អង្គុយខាងស្តាំ កុំនៅសំងំ
    ចាំយើងចាត់ចែង  
  ទម្រាំដល់យើង បង្ក្រាបពួកខ្មាំង ចិត្តធំឥតក្រែង
  យើងដាក់វានៅ ក្រោមជើងព្រះស្តែង ទោះវាស្រែកក្តែង
    អ្នកកុំខ្វល់ខ្វាយ ។
២ សូមព្រះប្រទាន ព្រះករុណាបាន លាតសន្ធឹងឆ្ងាយ
  ព្រះរាជ្យព្រះអង្គ ពីស៊ីយ៉ូននាយ តទៅអន្លាយ
    បង្រ្កាបលើខ្មាំង ។
៣ ថ្ងៃព្រះករុណា កេណ្ឌទ័ពនោះណា ប្រជាទូទាំង
  រួមនិងយុវជន ស្ម័គ្រស្មោះទៅច្បាំង ដូចសន្សើមខ្លាំង
    ធ្លាក់ចុះរាល់ថ្ងៃ ។
៤ ព្រះអម្ចាស់មាន បន្ទូលថ្កើងថ្កាន សន្យាថ្លាថ្លៃ
  លោកបូជាចារ្យ ជាអចិន្ត្រៃយ៍ យកតាមនិស្ស័យ
    មែលគីសេដែក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប (៤,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិឈ្វេងយល់ចិត្តគំនិតមនុស្ស។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក (២,១៨-២២)

​ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំឡោះនៅជាមួយ តើភ្ញៀវអាចតមអាហារឬទេ? ទេៗ ដរាបណាកូនកំឡោះនៅជាមួយ ភ្ងៀវមិនអាចតមអាហារបានឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវតមអាហារវិញ។ ពុំដែលមាននរណា​យកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ​​​​​ ក្រណាត់ថ្មីនឹងបណ្តាលឱ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែល​មាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រា​នឹងធ្វើឱ្យថង់ស្បែកនោះធ្លាយ បណ្តាលឱ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។