១៤ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា
សប្តាហ៍ទី០១ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប (៣,៧-១៤)

ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលក្នុងទំនុកតម្កើងមួយថា៖«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គនៅវាលរហោស្ថាននោះឡើយ! បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង។ គេបានឃើញកិច្ចការដែលយើងបានធ្វើក្នុងអំឡុងពេលសែសិបឆ្នាំ។ ហេតុនេះហើយ បានជាយើងទាស់ចិត្តនឹងមនុស្សនៅជំនាន់នោះណាស់ ហើយយើងពោលថា ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ បងប្អូនអើយ! ដូច្នេះ ចូលប្រយ័ត្ន! ក្រែងលោ​នរណាម្នាក់ក្នុងចំណោមបងប្អូនបែជាមានចិត្ដអាក្រក់លែងជឿរហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា «ថ្ងៃនេះ!» នៅឡើយដើម្បីកុំឱ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកមេនៃអំពីបាប។ ប្រសិនបើយើងរក្សាជំហររឹងប៉ឹងដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងពិតជាបានចូលរួមជាមួយព្រះគ្រីស្តហើយ។

ទំនុកតម្កើងលេខ ៩៥ (៩៤), ៦-១១ បទកាកគតិ

៦ ចូរនាំគ្នីគ្នា គោរពវន្ទា ក្រាបថ្វាយព្រះអង្គ
  យើងក្រាបចំពោះ ព្រះភ័ក្រ្តផូរផង់ បារមីត្រចង់
    ទ្រង់បង្កើតយើង ។
៧ ព្រះអង្គជាព្រះ នៃយើងទាំងអស់ បារមីថ្កុំថ្កើង
  ទ្រង់ជាគង្វាល ដឹកនាំពួកយើង ថ្ងៃនេះព្រះអង្គ
    បន្លឺសូរសៀង ។
៨ អ្នកកុំធ្វើផ្តាស ដូចដូនតាចាស់ ល្បងលព្រះអង្គ
  នៅមេរីបា ក្នុងគ្រាកន្លង នៅម៉ាសាផង
    ក្នុងរហោស្ថាន ។
៩ គឺបុព្វបុរស នៃអ្នកទាំងអស់ ចិត្តគេសាមាន្យ
  គេបានល្បងល ទោះបីគេបាន ឃើញកិច្ចប៉ុន្មាន
    យើងបានប្រព្រឹត្ត ។
១០ ក្នុងអំឡុងពេល សែសិបឆ្នាំដែល យើងចាំមិនបាត់
  មនុស្សជំនាន់នោះ ឱ្យយើងឆ្អែតចិត្ត គេធ្វើទុច្ចរិត
    ឱ្យយើងពោលថា ។
  ពួកគេទាំងនេះ ជាប្រជារាស្រ្ត មានចិត្តប្ញស្យា
  ជាមនុស្សវង្វេង មិនស្គាល់មាគ៌ា ពួកគេគ្រប់គ្នា
    មិនស្តាប់យើងឡើយ ។
១១ ហេតុនេះយើងខឹង ពួកគេយ៉ាងខ្លាំង ឥតមានល្ហែល្ហើយ
  យើងប្តេជ្ញាចិត្ត មិនជួយគេឡើយ ព្រមទាំងមិនឱ្យ
    គេចូលក្នុងស្រុក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ (៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក (១,៤០-៤៥)

មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖«ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ត​ទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញ​ទៅភ្លាមទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖«ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោក​បូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជា​សក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះយើងបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទី នាំគ្នាមកគាល់ព្រះអង្គ។