១៣ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃពុធ រដូវធម្មតា 
សប្តាហ៍ទី០១ ឆ្នាំ«សេស»
ពណ៌បៃតង

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប (២,១៤-១៨)

មនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា​ ហេតុនេះហើយបានជាព្រះគ្រីស្តសព្វព្រះហប្ញទ័យយកឋានៈជាមនុស្សរួមជាមួយគេដែរ។ ដូច្នេះ ដោយព្រះអង្គសោយទិវង្គត ទ្រង់បានកំទេចមារដែលមានអំណាចលើសេចក្តីស្លាប់ និងបានរំដោះមនុស្សទាំងពួងដែលជាប់ជាទាសករអស់មួយជីវិតព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះអង្គយាងមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយ បានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យដែលមានចិត្តមេត្តាករុណា និងមានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ ហើយដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាកនៅពេលព្រះជាម្ចាស់ល្បងលព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។

ទំនុកតម្កើងលេខ ១០៥ (១០៤),១-៤.៦-៩ បទកាកគតិ

១ ចូរយើងតម្កើង លើកព្រះខ្ពស់ឡើង ព្រមទាំងប្រកាស
  ព្រះនាមព្រះអង្គ ឱ្យបានឬច្បាស់ ពីស្នាព្រះហស្ត
    ប្រាប់ជាតិនានា ។
២ ចូរច្រៀងបទថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា
  រៀបរាប់អំពី សព្វអស់កិច្ចការ សុទ្ធតែអស្ចារ្យ
    ដែលទ្រង់ប្រព្រឹត្ត ។
៣ ចូរខ្ពស់មុខឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ
  អ្នកស្វែងរកទ្រង់ ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ត
    កុំបីសៅហ្មង ។
៤ ចូរស្វែងរកព្រះ ដែលមានតេជះ បារមីត្រចង់
  ស្វែងរកព្រះភ័ក្រ្ត របស់ព្រះអង្គ កុំនៅរេរង់
    ឈប់ឈរសោះឡើយ ។
៦ ពូជពង្សរបស់ អប្រាហាំទាំងអស់ នៅបម្រើស្រេច
  កូនចៅយ៉ាកុប ដ៏ល្អបណ្តាច់ ព្រះអង្គសម្រេច
    ជ្រើសយកយូរហើយ ។
៧ ព្រះជាអម្ចាស់ ទ្រង់គឺជាព្រះ របស់យើងអើយ
  កុំនៅបង្អង់ រេរង់តោះតើយ គឺព្រះនោះហើយ
    គ្រប់គ្រងផែនដី ។
៨ ព្រះអង្គតែងខ្វល់ នឹកគិតទៅដល់ សម្ព័ន្ធមេត្រី
  ជាព្រះបន្ទូល សន្យាថ្លាថ្លៃ ស្ថិតស្ថេរយូរក្រៃ
    មួយពាន់តំណ ។
៩ សម្ព័ន្ធមេត្រី ដែលទ្រង់លកលៃ ដោយស្ម័គ្រស្មោះសរ
  នឹងអប្រាហាំ ជាបន្ទូលល្អ សន្យាស្មោះសរ
    នឹងលោកអ៊ីសាក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ (៤,២៨)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ​ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក (១,២៩-៣៩)

ព្រះយេស៊ូ និងសាវ័កនាំគ្នាចេញពីធម្មសាលាចូលទៅផ្ទះលោកស៊ីម៉ូន និងលោក​អន់ដ្រេ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោ​ក​ស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូល​ព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិតចាប់ដៃគាត់ឱ្យក្រោកឡើង។ គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មានមកផ្តុំគ្នានៅមាត់​ទ្វារកំពែងក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គមិនអនុញ្ញា​ត​ឱ្យខ្មោចនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ ។ លុះព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយព្រះអង្គអធិដ្ឋាននៅទីនោះ ។ លោកស៊ីម៉ូន និងអ្នកដែលនៅ​ជាមួយគាត់នាំគ្នាតាមរកព្រះអង្គ។ លុះបានជួបហើយ គេទូលថា៖«គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយរបស់គេ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។