១១ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃចន្ទ រដូវធម្មតា សប្តាហ៍ទី០១ ឆ្នាំ«សេស»
ពណ៌បៃតង

សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប (១,១-៦) 

នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើ​​​ន​លើក​ច្រើសាដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី។ នៅគ្រានេះជាគ្រា​ចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើង​ តាមរយៈព្រះបុត្រា។ ព្រះអង្គ​បាន​​ប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូល​​ដោយសារព្រះបុត្រាដែរ។ ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង​​មានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូល​​​ប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឱ្យបានបរិសុទ្ធ ផុតពីបាប រួចហើយ​​ទ្រង់ក៏គង់នៅខាងស្តាំព្រះដ៏ឧត្តុងឧត្តមឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវទូតយ៉ាងណា ទ្រង់ក៏បានទទួលឋានៈប្រសើរជាងពួក​ទេវទូតយ៉ាងនេះដែរ ។ ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា “ព្រះអង្គជាបុត្ររបស់យើង​ គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ” ឬមានព្រះបន្ទូលថា “យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង” សោះ​ឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឱ្យមកផែនដីនេះ ទ្រង់​មានព្រះបន្ទូលថា “ទេវទូតទាំងអស់របស់ព្រះជាម្ចាស់ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា”។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៦-៩ បទពាក្យ ៧

១. ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់  
  ចូរឱ្យផែនដីរីករាយឡើង កោះទាំងឡាយផងអរសប្បាយ ។
២. មានពពកខ្មួលខ្មៅងងឹត ព័ទ្ធជុំជិតព្រះម្ចាស់ថ្លៃ  
  ព្រះអង្គគ្រងរាជ្យដោយប្រពៃ សុចរិតថ្លាថ្លៃល្អត្រចង់ ។
៦. ផ្ទៃមេឃក៏បានស្រែកប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន  
  ឱ្យប្រជារាស្រ្តទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។
៧. អស់អ្នកដែលថ្វាយបង្គំព្រះ ក្លែងក្លាយទាំងអស់នឹងកង្វល់  
  អួតអាងពីការគោរពដល់ ព្រះឥតបានផលត្រូវអាម៉ាស់ ។
  ឱព្រះទាំងឡាយមានគរគោគ ច្រើននៅលើលោកចូររូតរះ  
  ក្រាបថ្វាយបង្គំព្រះអម្ចាស់ គឺទ្រង់ជាព្រះលើលោកា ។
៨. បពិត្រព្រះម្ចាស់ពេលដែលក្រុង ស៊ីយ៉ូនបានដឹងដំណឹងថា  
  ព្រះអង្គវិនិច្ឆ័យដូច្នេះណា អ្នកក្រុងយូដាសប្បាយក្រៃ ។
៩. បពិត្រព្រះជាអម្ចាស់ខ្ញុំ ព្រះអង្គឧត្តមផុតផែនដី  
  ប្រសើរលើសអស់ព្រះដទៃ ទោះព្រះផ្សេងក្តីមិនស្មើផង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក (១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់​មក​ជិតបង្កើយហើយ!​ ចូរនាំគ្នាជឿដំណឹងល្អចុះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក (១,១៤-២០)

ក្រោយពេលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុក​​កាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា ៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរ​​នាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រ​​កាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់​សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ កាលព្រះយេស៊ូ​​យាងទៅ​មុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនកំពុងតែ​រៀបចំ​អួននៅ​ក្នុងទូកមួយ។ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅ​អ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។