ពាក្យអធិដ្ឋានពេលព្រឹក

Written on 12/02/2026
Boy KANN

ពាក្យអធិដ្ឋានពេលព្រឹក
ឱ ព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន!  (អាលេលូយ៉ា!)
 
ឃ្លាឆ្លើយតបនេះត្រូវបញ្ចូល នៅពេលម៉ោងអធិដ្ឋានចាប់ផ្តើមជាមួយការអញ្ជើញ។
ចម្រៀងចូល
ទំនុកតម្កើង ៖ ត្រូវយោងតាមបទចម្រៀងចូល និងឋិតនៅលើទំនុកតម្កើងមួយនៅពេលព្រឹក មានចម្រៀងក្នុងសម្ពន្ធមេត្រីចាស់ ហើយទំនុកតម្កើងកោតសរសើរដទៃទៀត ជាមួយនឹងពាក្យបន្ទរយ៉ាងត្រឹមត្រូវ។ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ទំនុកតម្កើង និងចម្រៀងត្រូវយកពីក្បួនទំនុកតម្កើងអាទិត្យទី១ ហើយពាក្យបន្ទរត្រូវយកពីថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។
សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ទំនុកតម្កើង ចម្រៀង និងពាក្យបន្ទរត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ លុះត្រាតែជាទំនុកតម្កើង និងពាក្យបន្ទរដែលត្រឹមត្រូវ។
អត្ថបទ ៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ អត្ថបទត្រូវស៊ីគ្នានឹងក្បួនទំនុកតម្កើង។ ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង អត្ថបទត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព អត្ថបទត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល អត្ថបទអាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។ ចំពោះការជ្រើសរើសយកអត្ថបទវែងជាង ជាពិសេសនៅពេលប្រារព្ធពិធីជាមួយប្រជាជន យោងតាមលេខ ៤៦ នៃការណែនាំទូទៅ ការសម្តែងធម្មទេសនាយ៉ាងខ្លីទៅលើអត្ថបទ អាចនឹងបន្ថែមផងដែរ។
ឃ្លាឆ្លើយតបព្រះបន្ទូល ៖ ត្រូវទុករយៈពេលស្ងៀមស្ងាត់បន្តិច ក្រោយពីការអានអត្ថបទ ឬធម្មទេសនា។ បន្ទាប់មក យើងអានពាក្យបន្ទរនៅខាងក្រោមអត្ថបទ....។
អត្ថបទព្រះគម្ពីរដំណឹងល្អ៖ បន្ទាប់មក ត្រូវអានអត្ថបទព្រះគម្ពីរដំណឹងល្អ ជាមួយពាក្យបន្ទរ។សម្រាប់ថ្ងៃអាទិត្យ ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ត្រូវយកពីក្បួនទំនុកតម្កើង។

 

 
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យបន្ទរ ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។ 
នៅពេលប្រារព្ធពិធីបុណ្យគោរពសន្តបុគ្គល ពាក្យបន្ទរ ត្រូវយកពីក្បួន។
 
ទំនុកតម្កើងរបស់លោកសាការី (លក ១,៦៨-៧៩)
៦៨ ”សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមករំដោះប្រជារាស្ត្ររបស់ព្រះអង្គ។
៦៩ ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គ ពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គឱ្យមកយើង។
៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យា ថ្លែងតាមរយៈព្យាការីរបស់ព្រះអង្គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អ្នកដែលស្អប់យើង
៧២ ព្រះអង្គសម្ដែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរសយើង ហើយគោរពតាមសម្ពន្ធមេត្រីរបស់ព្រះអង្គយ៉ាងស្មោះស្ម័គ្រ
៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា
៧៤ ទ្រង់នឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឱ្យយើងរស់នៅបានបរិសុទ្ធ និងសុចរិតជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ រហូតអស់មួយជីវិត។
៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧ កូននឹងឱ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថា ព្រះអង្គសង្គ្រោះគេ ដោយលើកលែងគេឱ្យរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះទ័យមេត្តាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក ដើម្បីរំដោះយើង
៧៩ និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្តីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្តីសុខសាន្ត។
សូមកោតសរសើរ...
 
ពាក្យអង្វរសកល៖ សម្រាប់ថ្ងៃអាទិត្យ និងអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃពាក្យអង្វរសកល ត្រូវរកពីក្បួនទំនុកតម្កើង។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអង្វរសកល ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
សម្រាប់បុណ្យឱឡារិក និងបុណ្យគោរព ពាក្យអង្វរសកល ត្រូវរកនូវថ្ងៃបុណ្យគោរពសន្តបុគ្គល ឬពីក្បួន។ សម្រាប់ថ្ងៃបុណ្យរំឭកសន្តបុគ្គល ពាក្យអង្វរសកល អាចយកពីក្បួន ឬពាក្យអធិដ្ឋានប្រចាំថ្ងៃ ដែលត្រឹមត្រូវ។
បន្ទាប់មក អធិដ្ឋាន “ធម៌ឱព្រះបិតា” ដោយមានពាក្យលំនាំខ្លីមួយ៖
ឥឡូវនេះ សូមបងប្អូនតាំងចិត្តអធិដ្ឋាន នូវសេចក្តីដែលព្រះអម្ចាស់យេស៊ូគ្រីស្តបានប្រៀនប្រដៅយើងថា ៖
ឬ សូមបងប្អូនអធិដ្ឋានដូចព្រះគ្រីស្តដែលបានបង្រៀនដល់យើងថា ៖
ឬ ជាមួយនឹងការចង់បានព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ចូរយើងអធិដ្ឋានទៅកាន់ព្រះបិតាថា ៖
ចូរប្រមូលការអធិដ្ឋាន និងការសរសើរតម្កើងរបស់យើងឱ្យទៅជាការអធិដ្ឋានតែមួយ ដែលថ្វាយទៅព្រះគ្រីស្តបានបង្រៀនដល់យើងថា៖
ចូរយើងសរុបពាក្យអធិដ្ឋានរបស់យើងជាមួយនឹង ធម៌ឱព្រះបិតា ថា ៖
ទៅកាន់ព្រះគ្រីស្ត៖
ព្រះអម្ចាស់សូមកុំភ្លេចខ្ញុំ ពេលព្រះអង្គយាងមកគ្រងរាជ្យ ហើយសូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន៖
ហើយចូរយើងអធិដ្ឋានដោយមានទំនុកចិត្ត ដូចព្រះគ្រីស្តបានទូលអង្វរថា ៖
ចូរយើងថ្វាយពាក្យអធិដ្ឋាន ដែលព្រះគ្រីស្តបានផ្តល់ឱ្យយើង ទុកជាគំរូសម្រាប់ការអធិដ្ឋានទាំងអស់ថា ៖ ធម៌ “ឱព្រះបិតា”
ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្តែងព្រះបារមី ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្តោយឱ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំ ឱ្យរួចពីមារកំណាច។
ពាក្យអធិដ្ឋាន​ ដោយគ្មានពាក្យអញ្ជើញ សូមបងប្អូនតាំងចិត្តអធិដ្ឋាន គឺបានបន្ថែមភ្លាម ក្រោយពីពាក្យអធិដ្ឋាន ធម៌ឱព្រះបិតា។
សម្រាប់ការអធិដ្ឋានតាមពេលកំណត់ប្រចាំថ្ងៃ ពាក្យអធិដ្ឋានសរុប​ ត្រូវយកមកពីក្បួនទំនុកតម្កើងក្នុងសប្តាហ៍នោះ។
ក្នុងរដូវរង់ចាំ រដូវបុណ្យព្រះយេស៊ូប្រសូត រដូវសែសិបថ្ងៃ និងបុណ្យចម្លង ពាក្យអធិដ្ឋាន ត្រូវយកតាមរដូវនីមួយៗក្នុងពិធីបុណ្យ។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
-ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
-អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
-សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលព្រឹក៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
-អាម៉ែន។