ការអធិដ្ឋានតាមពេល គឺជាការអធិដ្ឋានផ្លូវការរបស់គ្រីស្តបរិស័ទកាតូលិក ដែលកំណត់ទៅតាមពេលវេលានីមួយៗក្នុងមួយថ្ងៃៗ ដើម្បីញែកពេលវេលាទាំងនោះឱ្យបានសក្ការៈ។ ការអធិដ្ឋាននេះមានគោលបំណង ដើម្បីយើងភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ជាបន្តបន្ទាប់ពេញមួយថ្ងៃ។ ទោះបីជាយើងអធិដ្ឋានតែម្នាក់ឯង ឬអធិដ្ឋានរួមគ្នាជាក្រុម គឺយើងរួបរួមជាមួយគ្រីស្តបរិស័ទនៅជុំវិញពិភពលោកដែលប្រើប្រាស់អត្ថបទអធិដ្ឋានដូចគ្នា។
១. ពេលវេលានៃការអធិដ្ឋាន
- ពេលព្រឹកព្រលឹម (Morning Prayer) : អរព្រះគុណព្រះជាម្ចាស់សម្រាប់ថ្ងៃថ្មី។
- ពេលថ្ងៃត្រង់ (Daytime Prayer) : សម្រាកពីការងារដើម្បីតម្រង់ចិត្តទៅរកព្រះជាម្ចាស់។
- ពេលល្ងាច (Evening Prayer) : អរព្រះគុណសម្រាប់កិច្ចការដែលបានសម្រេចក្នុងថ្ងៃនោះ។
- មុនពេលចូលគេង (Night Prayer) : ប្រគល់ជីវិត និងការសម្រាកក្នុងយប់នោះថ្វាយព្រះជាម្ចាស់។
២. ខ្លឹមសារនៃការអធិដ្ឋាននីមួយៗ
- ទំនុកតម្កើង ជាផ្នែកដ៏សំខាន់បំផុត ដែលដកស្រង់ចេញពីគម្ពីរទំនុកតម្កើងទាំង១៥០ជំពូកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។
- ព្រះបន្ទូល គឺការអានអត្ថបទខ្លីៗដែលដកស្រង់ចេញពីព្រះគម្ពីរ។
- ពាក្យអធិដ្ឋាន ដើម្បីទូលអង្វរព្រះជាម្ចាស់សម្រាប់ពិភពលោក។
៣. របៀបអធិដ្ឋាន
ការអធិដ្ឋានតាមពេលអាចប្រើប្រាស់តាមសៀវភៅក្រាស់ៗដែលហៅថា "Bréviaire"។ ប៉ុន្តែសព្វថ្ងៃនេះ យើងអាចប្រើកម្មវិធីលើទូរស័ព្ទដៃ (App) មានឈ្មោះថា Catholic Faith Cambodia ដើម្បីអធិដ្ឋានបានយ៉ាងងាយស្រួលបំផុត។ ការអធិដ្ឋាននេះជួយយើងឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់តាមពេលវេលាប្រចាំថ្ងៃរបស់យើង។ ដូច្នេះ សូមយើងយកចិត្តទុកដាក់ញែកពេលវេលាអធិដ្ឋានតាមពេលជារៀងរាល់ថ្ងៃ។

