អំណានតាមពេលកំណត់
(Office of Readings)
ឱព្រះជាម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ ។ អាម៉ែន! (អាលេលូយ៉ា!)
ប្រសិនបើការអធិដ្ឋានតាមពេលកំណត់ចាប់ផ្តើមជាមួយការអញ្ជើញ ពាក្យអធិដ្ឋានខាងលើនេះ ត្រូវលុបចោល។
បន្ទាប់មកមាន បទចម្រៀងចូល ក្រោយមានទំនុកតម្កើង ៣ ភ្ជាប់ជាមួយពាក្យបន្ទរ ក្រោយមកទៀត មានឃ្លាខគម្ពីរ ដែលអានមុនព្រះបន្ទូល។ ក្នុងអត្ថបទគម្ពីរ មានអត្ថបទទី១ ដែលយកចេញពីព្រះគម្ពីរ និងអត្ថបទទី២ យកចេញពីគ្រូបាធ្យាយនៃព្រះសហគមន៍ ឬលិខិតរបស់ព្រះសហគមន៍ដទៃទៀត។
HYMN TE DEUM ៖ ច្រៀងរៀងរាល់ថ្ងៃអាទិត្យ ពេលបុណ្យឱឡារិក និងបុណ្យគោរព ដោយយោងតាមអត្ថបទទី២។
ឱព្រះជាម្ចាស់អើយ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ!
យើងខ្ញុំសូមបន្លឺសំឡេងលើកតម្កើងព្រះអង្គ ជាព្រះអម្ចាស់!
ឱព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចអើយ
សកលលោកទាំងមូលនឹងនាំគ្នា មកក្រាបថ្វាយបង្គំព្រះអង្គ។
គឺព្រះអង្គហើយដែលទេវទូត អគ្គទេវទូត
និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ
ក្រាបថ្វាយបង្គំ និងកោតសរសើរព្រះអង្គ។
ផ្ទៃមេឃ និងឬទ្ធានុភាពនៃស្ថានបរមសុខ រួមជាមួយពពួកខេរូប៊ីន និងសេរ៉ាភីម
បន្លឺសម្លេងកោតសរសើរព្រះអង្គឥតឈប់ឈរ ដោយពោលថា ៖
«ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ! ព្រះអង្គជាព្រះអម្ចាស់នៃពិភពទាំងមូល!
ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!»។
គឺព្រះអង្គហើយ ដែលក្រុមគ្រីស្តទូតលើកតម្កើង!
គឺព្រះអង្គហើយ ដែលពួកព្យាការីច្រៀងកោតសរសើរ!
គឺព្រះអង្គហើយ ដែលមរណសាក្សីទាំងឡាយផ្តល់សក្ខីភាព
ដោយបានបូជាជីវិតថ្វាយព្រះអង្គ!
គឺព្រះអង្គហើយ ដែលព្រះសហគមន៍ទូទាំងសកលលោក យកជាទីពឹង
ដោយប្រកាសថា ៖
ព្រះបិតា មានព្រះបារមីឧត្តុង្គឧត្តមអស់កល្បជានិច្ច
ព្រះបុត្រា ជាបុត្រដ៏ពិតប្រាកដតែមួយនៃព្រះបិតា ដែលគួរឲ្យស្ងើចសរសើរណាស់
ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះដ៏ជួយការពារ
ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។
ឱព្រះគ្រីស្តអើយ! ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង !
ជាព្រះបុត្រារបស់ព្រះបិតាអស់កល្បជានិច្ច។
ដោយព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះសត្វលោកទាំងមូល
ព្រះអង្គបានបន្ទាបខ្លួនរហូតដល់កើតមកជាមនុស្ស ក្នុងផ្ទៃរបស់នាងព្រហ្មចារិនី។
ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់
ហេតុនេះហើយបានជាព្រះអង្គបើកទ្វារនៃព្រះរាជ្យរបស់ព្រះបិតា
ដល់អស់អ្នកជឿសង្ឃឹមលើព្រះអង្គ។
ព្រះអង្គដែលគង់នៅខាងស្តាំព្រះបិតានៅស្ថានបរមសុខ ប្រកបដោយសិរីរុងរឿង!
យើងខ្ញុំជឿជាក់ថា ព្រះអង្គនឹងយាងមកវិនិច្ឆ័យមនុស្ស ទាំងរស់ ទាំងស្លាប់
តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ! សូមមេត្តាយាងមកជួយសង្គ្រោះ
អស់អ្នកដែលព្រះអង្គបានប្រោសលោះ
ដោយព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះអង្គ។
សូមព្រះអង្គនាំយើងខ្ញុំឲ្យទទួលចំណែកមត៌ក រួមជាមួយសន្តបុគ្គលទាំងឡាយ
ក្នុងសិរីរុងរឿងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
-ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ
សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ។
បន្ទរ៖ សូមព្រះអង្គធ្វើជាគង្វាលថែរក្សាពួកគេរហូតតរៀងទៅ!
-យើងខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ៖
បន្ទរ៖ យើងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។
-ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូមឲ្យយើងខ្ញុំអាចរួចផុតពីអំពើបាបនៅថ្ងៃនេះផង។
បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូមប្រណីសន្តោសយើងខ្ញុំ!
សូមមេត្តាប្រណីសន្តោសយើងខ្ញុំផង!។
-សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើយើងខ្ញុំ
បន្ទរ៖ ព្រោះយើងខ្ញុំផ្ញើជីវិតទាំងស្រុងលើព្រះអង្គហើយ។
-ព្រះអម្ចាស់ពិតជាទីសង្ឃឹមរបស់យើងខ្ញុំ៖
បន្ទរ៖ ដូច្នេះ យើងខ្ញុំនឹងលែងបាត់បង់កិត្តិយសទៀតហើយ។
ពាក្យអធិដ្ឋាន
ប្រសិនបើគ្មានការច្រៀង Te Deum ក្រោយអត្ថបទទី២ ទេនោះ យើងអាចសូត្រពាក្យអធិដ្ឋានសរុប។ ការអធិដ្ឋាននាំមុខដោយមានការអញ្ជើញគឺ៖ សូមបងប្អូនតាំងចិត្តអធិដ្ឋាន។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបិតា យើងត្រូវសូត្រថា៖ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
ប្រសិនបើការអធិដ្ឋានឆ្ពោះទៅកាន់ព្រះបុត្រា យើងត្រូវសូត្រថា៖ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យឆ្លើយតបនៅពេលបញ្ចប់ពាក្យអធិដ្ឋាន ៖ អាម៉ែន។
ឃ្លាប្រកាសបន្ថែមចុងក្រោយ ពេលបញ្ចប់ពាក្យអធិដ្ឋាន ៖
សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

