ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី២៦ ឆ្នាំ«គូ»
ពណ៌ស
បុណ្យគោរព
សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
ក្នុងព្រះគម្ពីរ ទេវទូតជាអ្នកនាំដំណឹងពីព្រះជាម្ចាស់។ ដោយគេយល់ថា ព្រះជាម្ចាស់វិសុទ្ធបំផុត ហើយខ្ពង់ខ្ពស់ពេក រីឯមនុស្សទាបពេក អ្នកនិពន្ធព្រះគម្ពីរនឹកគិតថា ត្រូវតែមានទូតមកនាំសាររបស់ព្រះអង្គឱ្យមនុស្ស។ តាមគម្ពីរ ទេវទូតគឺព្រះអម្ចាស់ផ្ទាល់ ឬដូចជា “ព្រះឧិស្ឋ ជាព្រះហស្ត និងជាព្រះបាទរបស់ព្រះជាម្ចាស់”។ ក្នុងព្រះគម្ពីរ ពេលណាមានរ៉ាយរ៉ាប់អំពីទេវទូតលេចចេញមក ត្រូវយល់ថា ព្រះអម្ចាស់មានព្រះបន្ទូល ឬសម្តែងសេចក្តីមួយដែលមនុស្សយើងពុំអាចយល់ដោយប្រាជ្ញាខ្លួនឯងបាន។ ទេវទូតពន្យល់អត្ថន័យ ព្រឹត្តការណ៍ដែលកើតមានឡើង។ មានរ៉ាយរ៉ាប់អំពីអគ្គទេវទូតមីកាអែល ក្នុងគម្ពីរដានីអែល និងវីវរណៈ។ ឈ្មោះ “មីកាអែល” មានន័យ ថា៖ “នរណាបានដូចព្រះម្ចាស់?”។ តាមគម្ពីរ អគ្គទេវទូតមីកាអែលយាងមកបង្ក្រាបមារ។ ឈ្មោះ “កាព្រីអែល” មានន័យថា៖ “ព្រះជាម្ចាស់មានឫទ្ធិ”។ តាមព្រះគម្ពីរអគ្គទេវទូតកាព្រីអែល នាំដំណឹងអំពីព្រះជាម្ចាស់សង្គ្រោះប្រជាជនរបស់ព្រះអង្គ នៅពេលចុងក្រោយបំផុត។ អគ្គទេវទូតកាព្រីអែលនាំដំណឹងនេះដល់ព្យាការី ដានីអែល និងដល់ព្រះនាងម៉ារី។ ឈ្មោះ “រ៉ាហ្វាអែល” មានន័យថា “ព្រះជាម្ចាស់ព្យាបាល”។ អគ្គទេវទូតវ៉ាហ្វាអែលបានព្យាបាលលោកតូប៊ីតឱ្យបានជា។ ព្រះសហគមន៍គ្រីស្តបរិស័ទគោរពទេវទូត ដោយមានបំណងលើកតម្កើងព្រះជាម្ចាស់ដែលណែនាំ និងថែរក្សាមនុស្សលោកដោយព្រះហឫទ័យសប្បុរស។
សូមថ្លែងព្រះគម្ពីរលោកយ៉ូប (យប ៣,១-៣.១១-១៧.២០-២៣)
លោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។ លោកយ៉ូបមានប្រសាសន៍ថា៖«សូមឱ្យថ្ងៃដែលខ្ញុំបានកើតមកនោះ ក្លាយទៅជាថ្ងៃអពមង្គល! រីឯយប់ដែលគេពោលថា មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អពមង្គលដែរ! ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ? ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេលចេញពីផ្ទៃម្ដាយ? ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ ហើយមានដោះចាំបំបៅខ្ញុំដូច្នេះ? ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ ម្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូររួមជាមួយស្ដេច និងមន្រ្ដីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទសិលាទុកសម្រាប់ខ្លួន។ ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ ដែលមានមាសប្រាក់ពេញផ្ទះ។ ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃនោះប្រសើរជាង។ នៅក្នុងផ្នូរមនុស្សអាក្រក់លែងមានសកម្មភាពទៀតហើយ រីឯអ្នកដែលនឿយហត់ អស់កម្លាំង នឹងនាំគ្នាសម្រាក។ ហេតុអ្វីព្រះជាម្ចាស់ប្រទានឱ្យមនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្តល់ជីវិតឱ្យអ្នកដែលស្គាល់តែទុក្ខលំបាក? គេទន្ទឹងរងចាំសេចក្តីស្លាប់ តែមិនឃើញសេចក្តីស្លាប់មកទេ។ គេប្រាថ្នាចង់បានសេចក្តីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។ ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន នោះគេមុខជាសប្បាយរីករាយឥតឧប្បមា។ ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។
ទំនុកតម្កើងលេខ ៨៨ (៨៧) ,២-៨ បទព្រហ្មគីតិ
| ២ | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះសង្គ្រោះខ្ញុំ | |
| ថ្ងៃយប់ខ្ញុំស្រែកយំ | អង្វរសុំក្តីមេត្តា | ។ | |
| ៣ | សូមឱ្យពាក្យអង្វរ | ខ្ញុំឮខ្ទ័រដល់សោតា | |
| សូមទ្រង់ផ្ទៀងព្រះកាណ៌ | ស្តាប់ផងណាសូរសម្រែក | ។ | |
| ៤ | ព្រោះដ្បិតទូលបង្គំ | មានទុក្ខធំខ្លាំងអនេក | |
| ខ្លោចផ្សាជាពន់ពេក | ក្តីស្លាប់ស្រែកហៅកៀកកិត | ។ | |
| ៥ | គេចាត់ទុករូបខ្ញុំ | ក្នុងចំណោមអ្នកដែលជិត | |
| ហៀបនឹងអស់ជីវិត | ឬនៅជិតអ្នកដែលស្លាប់ | ។ | |
| ៦ | ខ្លួនខ្ញុំដេកស្តូកស្តឹង | គ្មានទីពឹងសែនអួរអាប់ | |
| បីដូចមនុស្សស្លាប់ | ទ្រង់លែងរាប់រកនឹកនា | ។ | |
| ៧ | ព្រះអង្គបានបង់បោះ | រូបខ្ញុំរស់នៅកំព្រា | |
| ឱ្យរងទុក្ខវេទនា | សែនរងាក្នុងរណ្តៅ | ។ | |
| ៨ | ព្រះពិរោធព្រះអង្គ | សង្កត់ចងខ្ញុំទុកនៅ | |
| ដូចទឹកបោកសំដៅ | រារាំងផ្លូវទូលបង្គំ | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,៥១-៥៦)
លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងលាចាកលោកនេះទៅ ព្រះអង្គសម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារីដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ ប៉ុន្ដែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំ ហៅរន្ទះភ្លើងមកកម្ទេចអ្នកទាំងនេះឬ?» ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។

