២៨ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី២៦  ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរលោកយ៉ូប (យប ១,៦-២២)

ថ្ងៃ​មួយ ពពួក​ទេវទូត​របស់​ព្រះ‌អម្ចាស់​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ មារសាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវទូត​ទាំង​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖«តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖«ទូល‌បង្គំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែន‌ដី»។ ព្រះ‌អម្ចាស់​សួរ​មារ​សាតាំង​ថា៖«តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែន‌ដី គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖«តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ? តាម​ពិត គាត់​គោរព​ព្រះ‌អង្គ​ដូច្នេះ មក​ពី​ព្រះ‌អង្គ​ការ‌ពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះ‌អង្គ​ប្រទាន​ពរឱ្យ​គាត់​បាន​ចម្រើន​ក្នុង​កិច្ច‌ការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឱ្យ​ហ្វូង​សត្វ​របស់​គាត់​កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។ ប្រសិន​បើ​ព្រះ‌អង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះ‌អង្គ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖«អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឱ្យសោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ។ ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បងនោះ​ មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​លោក​ថា៖«យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ ស្រាប់​តែ​មាន​ជន​ជាតិ​សេបា​មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ ពេល​អ្នក​នោះ​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ជម្រាប​លោក​ថា៖«មាន​រន្ទះ​បាញ់​ពី​លើ​មេឃ ឆេះ​ហ្វូង​ចៀម​របស់​លោក​ម្ចាស់ ហើយ​អ្នក​បម្រើ​ឯ​ទៀតៗ​ក៏​ស្លាប់​អស់​ដែរ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ អ្នក​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ ជម្រាប​លោក​ថា៖ «មាន​ជន​ជាតិ​ខាល់ដេលើក​គ្នា​មក​ជា​បី​ក្រុម ហើយ​ប្លន់​យក​ហ្វូង​អូដ្ឋ និង​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​មក​ដល់ជម្រាប​លោក​ថា៖«កូន​ប្រុស​កូន​ស្រី​របស់​លោក​ម្ចាស់កំពុង​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថានប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ​ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។ ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្តួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយ‌បង្គំទាំង​ពោល​ថា៖«ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ ព្រះ‌អម្ចាស់​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ លោក​យ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឬ​ពោល​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌ជាម្ចាស់​ដែរ។

ទំនុកតម្កើងលេខ ១៧ (១៦),១.៣-៥.៧ បទពាក្យ ៧

ឱ!ព្រះអម្ចាស់សូមសណ្ដាប់ ទូលបង្គំប្រាប់សំណូមពរ  
  ដ៏ល្អត្រឹមត្រូវស្រស់បវរ សូមរកយុតិ្តធម៌ឱ្យរូបខ្ញុំ
  សូមយកព្រះហប្ញទ័យវែកញែក និងសូរសម្រែកទូលបង្គំ  
  សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ ដែលអង្វរសុំដោយត្រង់ស្មោះ
សូមរកយុត្តិធម៌ឱ្យខ្ញុំផង កុំបីសៅហ្មងឬបង់បោះ  
  សូមព្រះអង្គទតឱ្យច្បាស់ចុះ អ្វីទៅដែលខុសអ្វីត្រឹមត្រូវ
ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ ហើយព្រះអង្គត្រាស់ពិនិត្យនៅ  
  ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ មិនឃើញអាស្រូវឬឆ្គាំឆ្គង
ទូលបង្គំខំយកចិត្តទុកដាក់ តាមបន្ទូលជាក់ព្រះអង្គផង  
  ហើងប្រព្រឹត្តខ្លួនមិនឱ្យហ្មង ដូចមនុស្សយង់ឃ្នងឯទៀតឡើយ
ទូលបង្គំខំដើរតាមមា​គ៌ា នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ  
  ក៏បោះជំហានដើរតាមក្រោយ មិនឱ្យថ្លោះធ្លោយលម្អៀងបែរ
ឱព្រះអម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ  
  ហៅរកព្រះម្ចាស់មិនបែកបែរ សូមកុំងាករេផ្ទៀងព្រះកាណ៌
ព្រះអង្គតែងតែសង្គ្រោះអ្នក ដែលមកជ្រកស្នាក់ដោយមេត្តា  
  ក្រោមម្លប់បារមីដ៏អស្ចារ្យ ឱ្យរួចពីការគាបសង្កត់

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (មក១០,៤៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,៤៦-៥០) 

ក្រុមសាវ័កជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ព្រះយេស៊ូ​ឈ្វេងយល់គំនិតរបស់គេ ព្រះអង្គក៏យកក្មេងម្នាក់មក​ឱ្យឈរក្បែរ រួចមានព្រះបន្ទូល​ទៅគេថា៖«អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ ហើយអ្នកណា​ទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈ​ទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោក​យ៉ូហានជាសាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរទូលព្រះអង្គថា៖«ព្រះគ្រូ! យើងខ្ញុំ​ឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំឃាត់គាត់ ព្រោះគាត់មិនមកតាម​ព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖«កុំឃាត់គេអី ដ្បិត​អ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ!»។