២៥ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា  អាទិត្យទី២៥ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរសាស្ដា (សស ៣,១-១១)

អ្វីៗដែលមាននៅផែនដី សុទ្ធតែកើតឡើងតាមពេលកំណត់របស់វា។ មានពេល​កើតមានពេលស្លាប់ មានពេលដាំ មានពេលដក។ មានពេលផ្ដួលរំលំ មានពេលសង់។​ មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ មានពេល​គ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឧិបថើប មានពេលមិនព្រមឧិបថើប។ មាន​ពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេល​បោះចោល។ មានពេល​ហែក មានពេលដេរភ្ជិតឡើងវិញ មានពេលនៅស្ងៀម មានពេលនិយាយ។ មានពេល​ស្រឡាញ់ មានពេលស្អប់ មានពេលធើ្វសង្គ្រាម មានពេលសន្ដិភាព។ តើអ្នកដែលខំប្រឹងប្រែងធើ្វការយ៉ាងលំបាកបានទទួលផលអ្វីខ្លះ? ខ្ញុំសង្កេតឃើញ​ថា ព្រះជាម្ចាស់បានប្រគល់ការងារយ៉ាងនឿយហត់ឱ្យមនុស្សលោកធើ្វ។ អ្វីៗដែល​ព្រះអង្គធើ្វសុទ្ធតែល្អស្អាតតាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដដែលព្រះជាម្ចាស់បានធើ្វ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឱ្យគេចេះគិតអំពីពេលវេលាដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។

ទំនុកតម្កើងលេខ ១៤៤ (១៤៣) ,១-៤ បទព្រហ្មគីតិ

សូមលើតម្កើងព្រះ ជាអម្ចាស់ដ៏ឧត្តម  
  ជាថ្មដានៃខ្ញុំ ធំរឹងមាំមួនបំផុត
  ព្រះអង្គបានបង្ហាត់ ខ្ញុំចេះស្ទាត់ការប្រយុទ្ធ  
  ធើ្វសឹកឥតភ័យស្លុត ចេញតយុទ្ធខ្មាំងជិតជុំ
ទ្រង់សម្ដែងហប្ញទ័យ ករុណាក្រៃចំពោះខ្ញុំ  
  ជាកំពែងរឹងមាំ ការពារខ្ញុំយ៉ាងអង់អាច
  ព្រះអង្គជាជម្រក ខ្ញុំមកជ្រកឥតភ័យខ្លាច  
  ទ្រង់ប្រគល់អំណាច ឱ្យខ្ញុំអាចមានថ្វីដៃ
ឱព្រះជាអម្ចាស់ តើមនុស្សគឺជាអ្វី  
  ទើបទ្រង់យកព្រះទ័យ ត្រាប្រណីមិនឈរឈប់
  តើមនុស្សលោកីយ៍ គេជាអ្វីទើបទ្រង់សព្វ  
  ព្រះទ័យមិនឈរឈប់ ទោះថ្ងៃយប់នឹករិះរេ
មនុស្សលោកប្រៀបផ្ទឹម មួយដង្ហើមប៉ុណ្ណោះទេ  
  អាយុជីវិតគេ មិនទៀងទេគ្រប់ៗគ្នា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក១០,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,១៨-២២) 

ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គ​ដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។​ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោក​ជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែល​រស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជា​នរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដដែលព្រះជាម្ចាស់​ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួក​ព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់​លោកទៀតផង។ ប៉ុន្ដែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។