១៨ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២៤ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១៥,១២-២០)

បងប្អូនជាទីស្រឡាញ់!
យើងប្រកាសថា ព្រះគ្រីស្ដទទួលព្រះជន្មដ៏រុងរឿង។ ប្រសិន​បើពិតដូច្នេះមែន ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្ស​ស្លាប់មិនទទួលជីវិតថ្មីដូច្នេះ?។ ប្រសិនបើមនុស្សស្លាប់មិនទទួលជីវិតថ្មីទេនោះ ព្រះគ្រីស្ដក៏មិនបានទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបានទទួលព្រះជន្មដ៏រុងរឿងទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ​ ហើយជំនឿរបស់បងប្អូនក៏គ្មានន័យអ្វីដែរ។ បើដូច្នេះ បានសេចក្ដីថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ ដោយផ្ដល់សក្ខីភាពខុសថា ព្រះអង្គបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្ម​ដ៏រុងរឿង ប៉ុន្ដែ ព្រះអង្គមិនបានប្រោសព្រះគ្រីស្ដឱ្យទទួលព្រះជន្មដ៏រុងរឿងឡើយ​ ប្រសិនបើមនុស្សស្លាប់ទៅហើយនោះមិនរស់ឡើងវិញទេ! បើមនុស្សស្លាប់ទៅមិន​ទទួលជីវិតថ្មីទេ ព្រះគ្រីស្ដក៏មិនទទួលព្រះជន្មដ៏រុងរឿងដែរ ហើយបើព្រះគ្រីស្ដមិនបាន​ទទួលព្រះជន្មដ៏រុងរឿងទេ ជំនឿរបស់បងប្អូនគ្មានន័យអ្វីទាល់តែសោះ បងប្អូននៅតែ​ជាប់បាបដដែល។ រីឯអស់អ្នកដែលស្លាប់រួមជាមួយព្រះគ្រីស្ដ ក៏ត្រូវវិនាសសាបសូន្យ​ទាំងអស់គ្នាដែរ។ ស្រសិនបើយើងសង្ឃឹមទៅលើព្រះគ្រីស្ដសម្រាប់តែជីវិតនេះប៉ុណ្ណោះ​យើងជាអ្នកវេទនាជាងគេបំផុត ក្នុងចំណោមមនុស្សទាំងអស់ហើយ!។ ក៏ប៉ុន្ដែ ព្រះគ្រីស្ដពិតជាទទួលព្រះជន្មដ៏រុងរឿងមែន។ ព្រះអង្គទទួលព្រះជន្មដ៏រុង​រឿង ទុកជាផលដំបូងមុនគេបង្អស់ក្នុងចំណោមមនុស្សស្លាប់។

ទំនុកតម្កើងលេខ ១៧ (១៦) ,១.៦-៨.១៥ បទពាក្យ ៧

 
១ ឱព្រះអម្ចាស់សូមសណ្ដាប់ ទូលបង្គំប្រាប់សំណូមពរ  
  ដ៏ល្អត្រឹមត្រូវស្រស់បវរ សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ ។
  សូមយកព្រះហប្ញទ័យវែកញែក និងសូរសម្រែកទូលបង្គំ  
  សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ ដែលអង្វរសុំដោយត្រង់ស្មោះ ។
៦ ឱព្រះអម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ  
  ហៅរកព្រះម្ចាស់មិនបែកបែរ សូមកុំងាករេផ្ទៀងព្រះកាណ៌ ។
៧ ព្រះអង្គតែងតែសង្រ្គោះអ្នក ដែលមកជ្រកស្នាក់ដោយមេត្តា  
  ក្រោមម្លប់បារមីដ៏អស្ចារ្យ ឱ្យរួចពីការគាបសង្កត់ ។
៨ សូមថែរក្សាទូលបង្គំ ដូចកែវភ្នែកកុំឱ្យបង់បាត់  
  ការពារខ្ញុំដូចបក្សីសត្វ ក្រុងកូនកម្សត់របស់វា ។
១៥ ចំពោះខ្ញុំវិញគឺប្រព្រឹត្ត តាមក្ដីសុចរិតមិនអាស្រូវ  
  ខ្ញុំឃើញព្រះភក្ត្រទ្រង់គង់នៅ ទើបផុតងហ្មងសៅពេលភ្ញាក់ឡើង  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ! ព្រោះទ្រង់បាន​សម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៨,១-៣) 

ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស​ និងនាំដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សាវ័កទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្រ្ដីខ្លះទៀតដែលព្រះអង្គបានប្រោសឱ្យជាពីជំងឺ និងបណ្ដេញខ្មោចឱ្យចេញ ក៏តាមទៅជាមួយ​ដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង នាងយ៉ូហាណាជាភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូ​សាណា ព្រមទាំងស្រ្ដីឯទៀតៗជាច្រើនដែលបានចំណាយធនធានរបស់ខ្លួនដើម្បីទំនុក​បម្រុងព្រះយេស៊ូ និងសាវ័ករបស់ព្រះអង្គ។