២៤ វិច្ឆិកា ២០២៦

Written on 25/02/2026
Catholic Faith Cambodia

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី៣៤ ឆ្នាំ«គូ»
ពណ៌ក្រហម

បុណ្យរម្លឹក
សន្តអន់ដ្រេ យុងឡាក់
ជាបូជាចារ្យ និងសហជីវិន ជាមរណាសាក្សី

សូមចុចទីនេះ

នៅសតវត្សទី១៦ មានគ្រីស្តបរិស័ទអ្នកនាំដំណឹងល្អទៅប្រជាជនវៀតណាម។ មានជនជាតិវៀតណាមមួយចំនួនធំ នាំគ្នាជឿព្រះយេស៊ូ។ នៅសតវត្សទី១៩ ព្រះចៅអធិរាជវៀតណាមបៀតបៀនធ្វើបាបគ្រីស្តបរិស័ទជាច្រើន ដោយទ្រង់យល់ថា គ្រីស្តបរិស័ទលែងចូលក្រោមអំណាចរបស់ព្រះចៅ។ នៅថ្ងៃនេះ ព្រះសហគមន៍គោរពគ្រីស្តបរិស័ទវៀតណាម និងគ្រីស្តបរិស័ទជាតិបរទេស ១១៧នាក់ដែលស៊ូស្លាប់ជាជាងលះបង់ជំនឿរបស់ខ្លួន។ ក្នុងចំណោមមរណសាក្សីទាំងនោះ មានលោកស្ទេផាន គូអេណូត៍ ដែលបំពេញមុខងារជាអភិបាលព្រះសហគមន៍នាប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ១៨៤០ ដល់ ១៨៤៤។ លោកអន់ដ្រេយុងឡាក់ ជាបូជាចារ្យជាតិវៀតណាមម្នាក់។ លោកបូជាជិវិតថ្វាយព្រះគ្រីស្តរួមជាមួយគ្រីស្តបរិស័ទឯទៀតៗ ១១៦នាក់ នៅសតវត្សទី ១៨។ ក្នុងចំណោមគ្រីស្តបរិស័ទទាំងនោះមានសាសនទូតបារាំង ១០នាក់ សាសនទូតអេស្បាញ ១១នាក់ និងជាតិវៀតណាម ៩៦នាក់។ ក្នុងចំណោមគ្រីស្តបរិស័ទវៀតណាមទាំងនោះ មានបូជាចារ្យ ៣៧នាក់។ អភិបាលព្រះសហគមន៍ក្រុងរ៉ូម យ៉ូហានប៉ូលទី២ ប្រកាសថា អ្នកទាំងនោះជាសន្តបុគ្គលនៅថ្ងៃ ១៩ មិថុនា ឆ្នាំ១៩៨៨។

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន (វវ ១៤,១៤-១៩)

ខ្ញុំ​យ៉ូហាន ឃើញមើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្សអង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។ មាន​ទេវទូត​មួយ​រូប​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក ហើយ​ស្រែក​ឡើង​ខ្លាំងៗ​ទៅ​កាន់​លោក​ដែល​អង្គុយ​លើ​ពពក​ថា៖«សូម​យក​កណ្ដៀវ​របស់​លោក​មក​ច្រូត​ទៅ! ដល់​ពេល​ច្រូត​ហើយ ដ្បិត​ផែន‌ដី​ទុំល្មម​ច្រូត​ហើយ»។ ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក បោះ​កណ្ដៀវ​មក​ផែន‌ដី ផែន‌ដី​ក៏​ច្រូត​ស្រេច​រួច​រាល់។ មាន​ទេវទូត​មួយ​រូប​ទៀតចេញ​ពី​ព្រះ‌វិហារ​នៅ​ស្ថាន​បរម‌សុខមក លោក​ក៏​មាន​កាំបិត​មួយ​ដ៏​មុត​ដែរ។ ទេវទូត​មួយ​រូប​ទៀត​ដែល​មាន​អំណាច​លើ​ភ្លើង​បាន​ចេញ​ពី​អាសនៈ​មក ពោល​ខ្លាំងៗ​ទៅ​កាន់​ទេវទូត​ដែល​កាន់​កាំបិត​ដ៏​មុត​ថា៖«សូម​យក​កាំបិត​ដ៏​មុត​របស់​លោក មក​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​លើ​ផែន‌ដី​ទៅ ដ្បិត​ផ្លែ​វា​ទុំ​អស់​ហើយ!»។ ទេវទូត​នោះ​បោះ​កាំបិត​របស់​លោក​មក​លើ​ផែន‌ដី ផ្លែ​ទំពាំង‌បាយជូរ​នៅ​លើ​ផែន‌ដី​ក៏​កាត់​រួច​រាល់​ជា​ស្រេច ហើយ​លោក​បោះ​ផ្លែ​ទំពាំង‌បាយជូរ​ទៅ​ក្នុង​ធុង​បញ្ជាន់​ផ្លែ ជា​ធុង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើងលេខ ៩៦(៩៥),១០-១៣ បទព្រហ្មគីតិ

១០ ចូរប្រកាសនៅម្ដុំ ចំណោមក្រុមជាតិច្រើននាក់  
  ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ
  ព្រះជាម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ  
  បេញដោយយុត្តិធម៌ រាស្រ្ដអបអរពន់ពេកក្រៃ
១១ សូមឱ្យអស់ផ្ទៃមេឃ ផែនដីស្រែកកុំសំចៃ  
  សមុទ្រមានទឹកប្រៃ និងអ្វីៗមានសង្ឃឹម
១២ ចូរឱ្យស្រែចម្ការ អ្វីសព្វសារអរញញឹម  
  ឱ្យដើមឈើរេរាំ លោតទន្ទាំ្រមុខព្រះម្ចាស់
១៥ ដ្បិតព្រះអង្គយាងមក វិន័ច្ឆ័យរកយុត្តិធម៌ណាស់  
  កាត់ក្ដីប្រជាច្បាស់ គ្មានក្រឡះដផយទៀងត្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន៥០,១-៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលកោះហៅផែនដីទាំងមូល។ ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២១,៥-១១) 

អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖«នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖«ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឱ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖«ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយនរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឱ្យ​វង្វេង​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ដ” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះឱ្យ​សោះ។ កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​ភ្លាមៗ​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖«ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត​ នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗបណ្ដាលឱ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។