៣១ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី២២ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ២,១-៥)

បងប្អូនជាទីស្រឡាញ់!
កាលខ្ញុំមកនំាដំណឹងអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះ​ជាម្ចាស់ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាទេ។ ខ្ញុំយល់ឃើញ​ថា ពេលខ្ញុំនៅ​ជាមួយបងប្អូន ខ្ញុំមិនគួរគប្បីដឹងអ្វីក្រៅពីព្រះយេស៊ូគ្រីស្ដនោះឡើយ​ គឺព្រះយេស៊ូគ្រីស្ដដែលត្រូវគេឆ្កាង។ ខ្ញុំរកបងប្អូនទំាងទន់ខ្សោយ ​ទំាងភ័យខ្លាច ទំាងញាប់ញ័រយ៉ាងខ្លំាង។ ខ្ញុំប្រាប់ និងប្រកាសដំណឹងល្អ មិនមែន​ដោយប្រើពាក្យ​បញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺដោយសម្ដែងប្ញទ្ធានុភាពនៃព្រះវិញ្ញាណ​វិញ​​ ដើម្បីកុំឱ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក គឺពឹងផ្អែកលើ​ប្ញទ្ធានុ​ភាពរបស់ព្រះជាម្ចាស់។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,៩៧-១០២ បទកាកគតិ

៩៧ ខ្ញុំសែនពេញចិត្ត វិន័យក្រមក្រឹត្យ របស់ព្រះអង្គ
  ខ្ញុំតែងសញ្ជឹង ពីវិន័យទ្រង់ សព្វប្រការផង
    ជារៀងរាល់ថ្ងៃ ។
៩៨ វិន័យព្រះអង្គ ឱ្យខ្ញុំត្រឹមត្រង់ ប្រាជ្ញាវាងវៃ
  ជាងពួកសត្រូវ ដ្បិតខ្ញុំលកលៃ រិះគិតរំពៃ
    ពីវិន័យនេះ ។
៩៩ ខ្ញុំវាងវៃឆ្លាត ជាងគ្រូទៅទៀត ព្រោះតែខ្ញុំចេះ
  យកដំបូន្មាន ទំាងប៉ុន្មាននេះ មកសញ្ជឹងរិះ
    គិតពិចារណា ។
១០០ កាន់តាមបញ្ញត្តិ វិន័យមិនបាត់ ខ្ញុំយល់ឃើញថា
  មានប្រាជ្ញវាងវៃ ជាងយាយជាងតា ទោះចាស់យ៉ាងណា
    មិនដល់ខ្ញុំសោះ ។
១០១ ខ្ញុំគេចឱ្យឆ្ងាយ ពីផ្លូវអន្ដរាយ អាក្រក់ទំាងអស់
  គេចចេញឱ្យផុត ប្រព្រឹត្តតាមព្រះ បន្ទូលអម្ចាស់
    នៅជាប់ស្ថិតស្ថេរ ។
១០២ ខ្ញុំមិនងាកគេច អ្វីទ្រង់សម្រេច ត្រឹមត្រូវឥតប្រែ
  ដ្បិតទ្រង់ប្រដៅ ខ្ញុំរាល់ថ្ងៃខែ ខ្ញុំមិនគេចកែ
    ចាកចោលទ្រង់ឡើយ ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម លក៤,១៨,១,៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
គេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រថា ព្រះអម្ចាស់បាន​រំដោះប្រជាជនរបស់ព្រះអង្គហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៤,១៦-៣០) 

ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅ​ថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់របស់ព្រះអង្គ។ ព្រអង្គក្រោកឈរឡើង ដើម្បីអានព្រះគម្ពើរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរ​ត្រង់អត្ថបទដែលមានចែងថា៖ «ព្រះវិញ្ញណរបស់ព្រះអម្ចាស់សណ្ឋិត​លើខ្ញុំ​​ ព្រះអង្គបានចាក់​ប្រេងអភិសេកខ្ញុំ ឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គ​បានចាត់ខ្ញុំឱ្យមកប្រកាសប្រាប់​ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់​មនុស្សខ្វាក់ថា គេនឹងមើលឃើញ​វិញ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែល​ត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពី​ឆ្នំាដែលព្រះអម្ចាស់សម្ដែងព្រះហប្ញទ័យមេត្តាករុណា»។ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។​ មនុស្សគ្រប់ៗរូបនៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ ​«ហេតុ​ការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បាន​សម្រេចជា​រូបរាងនៅថ្ងៃនេះហើយ»។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា​ទំាងនឹកឆ្ងល់អំពី​ព្រះបន្ទូលប្រកបដោយព្រះហប្ញទ័យប្រណីសន្ដោសដែលហូរចេញ​ពីព្រះឧិស្ឋរបស់ព្រះ​អង្គ។ គេពោលថា៖ « អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬអី?»។ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា“ គ្រូពេទ្យអើយ!​​ ចូរមើលជំងឺរបស់ខ្លួនឱ្យជាសិនទៅ” មកផ្ចាញ់​ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំ​ទៀតថា “យើងបានឮគេនិយាយអំពីកិច្ចការទំាងអស់ដែលអ្នកបានធ្វើ​នៅក្រុង​កាផានុម ចូរ​ធើ្វការដដែលនៅទីនេះ ជាស្រុករបស់អ្នកឱ្យយើងឃើញផង!”។ ព្រះអង្គមានព្រះបន្ទូលទៀត​ថា៖ ខ្ញុំសុំប្រាប់ឱ្យ​អ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ត្រូវគេគោរពក្នុង​ស្រុកកំណើត​របស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយះពេលបីឆ្នំា​កន្លះ បណ្ដាលឱ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ដ្រី​មេ​ម៉ាយជាច្រើន ក៏ប៉ុន្ដែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីឱ្យទៅជួបស្រ្ដីមេម៉ាយណា​ម្នាក់នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គចាត់លោកឱ្យទៅជួយស្ដ្រីមេម៉ាយម្នាក់ដែល​រស់នៅភូមិសារិបតា ក្នុងស្រុកស៊ីដូនវិញ។ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់​ជា​ច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្ដែ គ្មាននរណាម្នាក់បានជាសោះឡើយ គឺមានតែលោក​ណាម៉ាន់​ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។ កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗ​​គ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់លើកំពូលភ្នំ​នាំឆ្ពោះទៅមាត់​ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ប៉ុន្ដែ ព្រះអង្គយាង​ចេញពីកណ្ដាលចំណោម​គេបាត់ទៅ។

​​