១៧ តុលា

Written on 17/02/2026
Sokhorn Oem

បុណ្យរម្លឹកសន្តអ៊ីញ៉ាស នៅក្រុនអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី
ពណ៌ស

“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ហើយដែលប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសឱ្យមរណសាក្សីលើកកិត្តិយសរបស់ព្រះសហគមន៍ទាំងមូល។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានសេចក្តីក្លាហានហ៊ានធ្វើជាសាក្សីថ្វាយព្រះគ្រីស្តដូចសន្តអ៊ីញ៉ាស គ្រប់ពេលវេលាផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព (ភីល ៣,១៧-៤,១)

បង‌ប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅស្រប​តាម​គំរូដែល​យើង​បាន​ដាក់​ឱ្យបង‌ប្អូន​ឃើញ​នោះ​ទៅ។ ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បង‌ប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បង‌ប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បង‌ប្អូន​ជា​ច្រើន​នាក់​រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ត។ ដល់​ទី​បំផុត អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្តរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្ដិ៍‌ខ្មាស​ធ្វើ​ជា​កិត្តិយស​ ហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដី​នេះ​ប៉ុណ្ណោះ។ រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​យាង​មក​ពី​ស្ថាន​នោះ។ ព្រះ‌អង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឱ្យ​បាន​ដូច​ព្រះ‌កាយ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ដោយ​មហិទ្ធិ‌ឫទ្ធិដែល​ធ្វើ​ឱ្យព្រះ‌អង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​ចង់​ជួប​បង‌ប្អូន​ខ្លាំង​ណាស់ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ! បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​ឱ្យ​បាន​ខ្ជាប់‌ខ្ជួនរួម​ជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ​ត​រៀង​ទៅ!

ទំនុកតម្កើងលេខ ៣៤(៣៣), ២-៩ បទកាកគតិ

២ ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ ។
៣ ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា ។
៤ សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ ។
៥ ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់ ។
៦ អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ ។
៧ អស់អ្នកកម្សត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះម្ចាស់ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច ។
៨ ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ ។
៩ ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ (យក១,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
«អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឱ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។» អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១២, ២៤-២៨) 

ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដីហើយ បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួនក្នុង​ពិភព‌លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឱ្យនៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិ‌យស​អ្នក​នោះ»។  «ឥឡូវ​នេះ ទូល‌បង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះ‌បិតា​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ឱ្យ​រួច​ផុត​ពី​ទុក្ខ​លំបាកនៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូល‌បង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ ព្រះ‌បិតា​អើយ សម្ដែង​សិរី‌រុង​រឿង​​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរ‌សៀង​ពី​លើ​មេឃ​មក​ថា «យើង​បាន​សម្ដែង​សិរី‌រុង​រឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្ដែង​សិរី‌រុង​រឿង​ជា​ថ្មី​ទៀត»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យទទួលសក្ការបូជារបស់សន្តអ៊ីញ៉ាស ដែលថ្វាយខ្លួនទុកជាស្រូវរបស់ព្រះគ្រីស្តកិនទំពារធ្វើជាអាហារដ៏និម្មល។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្តយើងខ្ញុំរួមនឹងសក្ការបូជានេះផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តអ៊ីញ៉ាស។ សូមទ្រង់ព្រះមេត្តាប្រទានកម្លាំងក្លាហានឱ្យយើងខ្ញុំប្រព្រឹត្តតែកិច្ចការសមនឹងឋានៈរបស់ខ្លួនជាគ្រីស្តបរិស័ទផង។