២៧ សីហា

Written on 13/02/2026
Sokhorn Oem

បុណ្យរម្លឹក សន្តីម៉ូនិក

អ្នកស្រីម៉ូនិក (៣៣២-៣៨៧) ជាគ្រីស្តបរស័ទជាតិរ៉ូម៉ាំងម្នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នាងស៊ូទ្រាំយូរឆ្នាំ ទាំងអង្វរព្រះជាម្ចាស់ ទើបទាំងស្វាមីនាង ទាំងលោកអូគូស្តាំងជាកូននាង សុខចិត្តប្រែចរិយាខិលខូចចោល ហើយទទួលស្គាល់ព្រះយេស៊ូ។ សន្ត អំប្រាស ជាអភិបាលនៅព្រះសហគមន៍នៅក្រុងមីឡង់ជម្រាបសន្តីម៉ូនិកថា៖ “ដោយអ្នកបានហូរទឹកភ្នែកច្រើនយ៉ាងនេះ កូនមិនត្រូវវិនាសអន្តរាយឡើយ!”។ អ្នកស្រីម៉ូនិកទទួលមរណភាពនៅក្រុងអូស្ទីយ៉ាសោយ មានសន្តអូគូស្តាំងជួយលួងលោម។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គតែងតែលើកទឹកចិត្តអ្នកដែលយំសោកសង្រេង! ព្រះអង្គទទួលពាក្យអង្វររបស់សន្តីម៉ូនីកាដោយអនុគ្រោះ ពេលគាត់អង្វរសូមឱ្យអូគូស្តាំងជាកូនប្រែចិត្តគំនិត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យនឹកស្តាយដោយប្រព្រឹត្តអំពើអាក្រក់ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ (បសរ ២៦,១-៤.១៣-១៦)

ស្វាមី​មាន​ភរិយា​ចិត្ត​ល្អពិត​ជា​មាន​សុភមង្គល និង​មាន​អាយុ​វែងមួយ​ទ្វេ​ជា​ពីរ។ ភរិយា​ក្លាហាន តែង​តែ​ធ្វើ​ឱ្យស្វាមី​មាន​អំណរ​សប្បាយ និង​ស្គាល់​តែ​សេចក្តី‌សុខ​អស់​មួយ​ជីវិត។ ស្វាមី​ដែល​មាន​ភរិយា​ចិត្ត​ល្អ​ពិត​ជា​មាន​សំណាង ព្រោះ​ជា​អំណោយ​ទានដែល​ព្រះ‌អម្ចាស់​ប្រទាន​ឱ្យ​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។ ទោះ​បី​ជា​គេ​ក្រ​ក្តី មាន​ក្តី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សប្បាយ មាន​ទឹក​មុខ​រីករាយ​គ្រប់​ពេល​វេលា។ សម្រស់​របស់​ភរិយាធ្វើ​ឱ្យ​ស្វាមី​មាន​អំណរ រីឯ​ស្រ្តី​ប៉ិន​ប្រសប់ រមែង​ធ្វើ​ឱ្យ​ប្តី​បាន​ចម្រុង​ចម្រើន។ ភរិយា​មិន​ចេះ​មាត់​ក ជា​អំណោយ​ទាន​របស់​ព្រះ‌អម្ចាស់ រីឯ​ភរិយា​ដែល​បាន​ទទួល​ការ​អប់រំ​ល្អ ក៏​មាន​តម្លៃ​លើស​លប់រក​អ្វី​មក​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន​ទ្បើយ។ ភរិយា​ចេះ​អៀន​ខ្មាស ជា​សម្រស់​ដ៏​ល្អ​លើស​លប់​បំផុត។ ភរិយា​មាន​កិរិយា​មារយាទ​បរិសុទ្ធ មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។ នៅ​ក្នុង​ផ្ទះ​ដែល​តុប​តែង​យ៉ាង​ស្អាត សម្ផស្ស​របស់​ភរិយា​គ្រប់​លក្ខណ៍ ប្រៀប​បី​ដូច​ជា​ព្រះ‌អាទិត្យ​រះ​ទ្បើង​លើ​មេឃ​ដ៏​ខ្ពស់។

ទំនុកតម្កើងលេខ ១៣១(១៣០), ១-៣ បទកាកគតិ

បពិត្រព្រះម្ចាស់ ខ្ញុំជាមនុស្ស ដែលមិនអំនួត
  មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
    អ្នកតូចអ្នកទាប
  ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជារៀងរាប
  មិនចង់បានអ្វី ដែលធំហួសប្រៀប លើសសមត្ថភាព
    របស់ខ្ញុំឡើយ
តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
  ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
    នឹងអ្វីទាំងអស់
អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
  តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
    កប្បកល្បជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,១១-១៧) 

ព្រះ‌យេស៊ូ​នាំក្រុមសាវ័ក​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេត‌សៃដា តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់ឱ្យគេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឱ្យជា​ផង។ ដល់​ថ្ងៃ​ជិត​លិច សាវ័ក​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌អង្គ​ប្រាប់​ឱ្យបណ្ដា‌ជន​ចេញទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឱ្យ​គេ​បរិភោគ​ទៅ»។ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជាជន​ទាំង​នេះ!»។ នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ‌ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឱ្យអង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។ ពួក​សាវ័ក​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឱ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទានឱ្យ​សាវ័ក ដើម្បីឱ្យគេ​ចែក​បណ្ដា‌ជន​បរិភោគ។ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំបុ័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។