២០ សីហា

Written on 13/02/2026
Sokhorn Oem

បុណ្យរម្លឹក សន្តប៊ែរណាជាចៅអធិការ
ពណ៌ស

លោកប៊ែរណា (១០៩០-១១៥៣) បានចូលបួសនៅអារាមស៊ីតូ (ប្រទេសបារាំង) ជាមួយអ្នកស្ម័គ្រចិត្តសាមសិបនាក់។ លោកធ្លាប់ស្មឹងស្មាធិ៍ នឹកសញ្ជឹងគិតយ៉ាងជ្រៅបំផុតអំពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់។  លោកនិពន្ធសៀវភៅជាច្រើនដើម្បីបកស្រាយទាំងទេវវិជ្ជាយ៉ាងជ្រៅដែរ។ លោកធ្វើអន្តរាគមន៍នៅគ្រប់កន្លែងដែលព្រះសហគមន៍ត្រូវការ ជាពិសេសជួយឃោសនាឱ្យស្តេចអឺរ៉ុបយាងទៅដណ្តើមស្រុកដែលមានថ្នូររបស់ព្រះគ្រីស្តមកត្រួតត្រាវិញ។ គេជ្រើសរើសលោកឱ្យធ្វើជាចៅអធិការអារាមនៅភូមិក្លែវ៉ូ (ប្រទេសលុចសំបួរ)។ លោកបានបង្កើតអារាមហុកសិបប្រាំទៀត ហើយលោកចេះតែធ្វើដំណើរទៅប្រកាសដំណឹងល្អដែរ។ លោកធ្វើជាទីប្រឹក្សាសម្តេចប៉ាប និងព្រះមហាក្សត្រជាច្រើនអង្គ ទាំងហ៊ានស្តីបន្ទោសស្តេចដែលប្រព្រឹត្តអំពើអយុត្តិធម៌ លោកមានឈ្មោះល្បីដោយបាននិពន្ធអត្ថបទជាច្រើនកោតសរសើរព្រះនាងម៉ារី។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា!​ ព្រះអង្គសព្វព្រះហឫទ័យប្រោសន្តប៊ែរណាឱ្យស្រឡាញ់ព្រះសហគមន៍យ៉ាងខ្លាំង ហើយទៅជាពន្លឺបំភ្លឺព្រះសហគមន៍នេះផង។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ដូចសន្តប៊ែរណា និងប្រព្រឹត្តអ្វីៗទាំងអស់ក្នុងឋានៈជាបុត្រធីតាដែលមានព្រះពន្លឺរបស់ព្រះអង្គក្នុងខ្លួនផង!។


សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ (បសរ ១៥,១-៦)

អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែង​តែ​ប្រតិ‌បត្តិ​តាម​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អង្គ ហើយ​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខាង​វិន័យ​រមែង​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ប្រាជ្ញា​ញាណ​នឹង​យាង​មក​ជួប​គាត់ ដូច​ម្តាយ​មក​ជួប​កូន ឬ​ដូច​កូន​ក្រមុំ​ទទួល​ស្វាមីនៅ​ថ្ងៃ​រៀប​ការ​ដែរ។ ព្រះ‌ប្រាជ្ញា​ញាណ​ផ្តល់​សុភ‌និច្ឆ័យទុក​ជា​អាហារ​សម្រាប់​គាត់ ហើយ​ផ្តល់​ប្រាជ្ញា​ទុក​ជា​ភេជ្ជៈ​សម្រាប់​គាត់។ ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌ប្រាជ្ញា​ញាណ គាត់​មិន​ខ្សោយ​កម្លាំង​ទេ ហើយ​ដោយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ គាត់​ក៏​មិន​អាម៉ាស់​មុខ​ដែរ។ ព្រះ‌ប្រាជ្ញា​ញាណ​នឹង​លើក​គាត់​ទ្បើងឱ្យខ្ពស់​លើស​ញាតិ​សន្តាន​របស់​គាត់ ហើយ​ប្រទាន​ឱ្យគាត់​មាន​ពាក្យ​សម្ដី ដែល​ត្រូវ​និយាយនៅ​ក្នុង​អង្គ​ប្រជុំ។ គាត់​នឹង​មាន​អំណរ​សប្បាយ ដូច​បាន​ពាក់​មកុដ ​គាត់​ក៏​មាន​ឈ្មោះ​ល្បី​អស់​កល្ប‌ជានិច្ច​ដែរ។

ទំនុកតម្កើងលេខ ១១៩ (១១៨),៩-១៤ បទពាក្យ៧

 
តើពួកយុវជនធ្វើយ៉ាងណា ឱ្យមានកិរិយាល្អត្រឹមត្រូវ  
  គឺប្រតិបត្តិត្រង់តាមផ្លូវ មាគ៌ាតទៅនៃព្រះអង្គ
១០ ខ្ញុំខំស្វះស្វែងមិនមានឈប់ ទោះថ្ងៃឬយប់ចិត្តតម្រង់  
  កុំទុកឱ្យខ្ញុំនៅត្រមង់ វង្វេងវង្វាន់ពីវិន័យ
១១ ខ្ញុំសូមតាំងចិត្តថែរក្សា បន្ទូលសន្យាដ៏ប្រពៃ  
  នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី ឱ្យទាស់​ព្រះទ័យទ្រង់ឡើយណា
១២ បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំខ្ញុំលើកហត្ថា  
  តម្កើងព្រះអង្គសូមមេត្តា បង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ ខ្ញុំតែងតែពោលឥតឈរឈប់ រៀបរាប់សព្វគ្រប់នូវសេចក្តី  
  ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ សម្រេចព្រះទ័យផ្តល់ជាទាន
១៤ ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន  
  ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១៥,៥,៩)

អាលេលូយ៉ា! អាលេលូយ៉ា!
​ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នា។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៧,២០-២៦) 

កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភក្រ្ដទតទៅលើមេឃមានព្រះពន្ទូលថា៖ «ទូល‌បង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឱ្យតែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឱ្យអស់​អ្នក​ជឿ​លើ​ទូល‌បង្គំ តាម‌រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ សូមឱ្យគេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​យ៉ាង​ណា សូម​ឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បីឱ្យមនុស្ស​លោក​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក​មែន។ រីឯ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ទូល‌បង្គំ​បាន​ប្រគល់​ទៅឱ្យគេ​ហើយ ដើម្បី​ឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ គឺ​ឱ្យទូល‌បង្គំ​នៅ​ក្នុង​គេ ព្រះ‌អង្គ​នៅ​ក្នុង​ទូល‌បង្គំ ដើម្បី​ឱ្យគេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​ស្រឡាញ់​ទូល‌បង្គំ​ដែរ។ ឱ​ព្រះ‌បិតា​អើយ! ទូល‌បង្គំ​ចង់​ឱ្យអស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ បាន​នៅ​ជា​មួយ​ទូល‌បង្គំ ឯ​កន្លែង​ដែល​ទូល‌បង្គំ​នៅ​នោះ​ដែរ ដើម្បី​ឱ្យគេ​ឃើញ​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ។ ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ស្គាល់​ព្រះ‌អង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល‌បង្គំ​ឱ្យមក​មែន។ ទូល‌បង្គំ​បាន​សម្ដែង​ព្រះ‌នាម​ព្រះ‌អង្គ​ឱ្យគេ​ស្គាល់ ហើយ​ទូល‌បង្គំ​នឹង​សម្ដែង​ឱ្យគេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឱ្យសេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​ទូល‌បង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូល‌បង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមថ្វាយសក្ការបូជាដែលធ្វើឱ្យមនុស្សលោកស្រុះស្រួលជានានឹងព្រះអង្គ និងជានានឹងគ្នាផង នៅថ្ងៃគោរពសន្តប៊ែរណាដែលខិតខំអស់ពីសម្ថភាព ដើម្បីកសាងសន្តិភាពក្នុងព្រះសហគមន៍ និងក្នុងពិភព​លោក។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជារបស់យើងខ្ញុំ សូមប្រោសប្រទានឱ្យព្រះសហគមន៍បានរួបរួមជាធ្លុងតែមួយផង។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តនៅថ្ងៃគោរពសន្តប៊ែរណា។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់ព្រះបន្ទូលព្រះអង្គ ដែលប្រសូតមកជាមនុស្ស ដូចសន្តប៊ែរណាផង។