បុណ្យរម្លឹក
ព្រះបេះដូងដ៏និម្មល
របស់ព្រះនាងព្រហ្មចារិនីម៉ារី
ពណ៌ស
ព្រះនាងម៉ារីមានចិត្តគំនិតភ្ជាប់នឹងព្រះជាម្ចាស់ជានិច្ច មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួនខ្លះឡើយ។ ព្រះនាងម៉ារីជឿព្រះបន្ទូព្រះជាម្ចាស់ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ដូច្នេះ ព្រះនាងធ្វើជាគំរូដល់គ្រីស្តបរិស័ទ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានរៀបចំចិត្តគំនិតព្រះនាងម៉ារីដើម្បីឱ្យព្រះនាងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យផ្ញើជីវិតទាំងស្រុកលើព្រះអង្គជានិច្ចដូចនាងម៉ារី សូមឱ្យយើងខ្ញុំរស់នៅយ៉ាងសមរម្យ និងឋានៈរបស់ខ្លួន ជាព្រះដំណាក់របស់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លៃងព្រះគម្ពីរព្យាការីអេសាយ (អស ៦១, ៩-១១)
ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បីនៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថាពួកគេជាជាតិមួយដែលព្រះអម្ចាស់បានប្រទានពរ។ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់ ខ្ញុំរីករាយយ៉ាងអស់ពីចិត្តព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិតមកពាក់ឱ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំតែងខ្លួននៅថ្ងៃរៀបមង្គលការ។ ដីធ្វើឱ្យពន្លក និងគ្រាប់ពូជផ្សេងៗដុះឡើងនៅក្នុងសួនច្បារយ៉ាងណាព្រះជាអម្ចាស់នឹងធ្វើឱ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះនៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
ទំនុកតម្កើងលេខ ១សាមូអែល ២, ១.៤-៨ បទកាកគតិ
| ១ | ព្រះម្ចាស់ប្រទាន | ចិត្តខ្ញុំឱ្យមាន | អំណរសប្បាយ |
| ព្រោះព្រះអង្គលើក | ខ្ញុំខ្ពស់ពេកក្រៃ | ខ្ញុំអាចនិយាយ | |
| តទល់ពួកខ្មាំង | ។ | ||
| ៤ | អ្នកខ្លាំងពូកែ | ព្រះអង្គបំបែរ | បំបាក់ទាំងអស់ |
| បំផ្លាញទាំងធ្នូ | តែទ្រង់សន្តោស | ប្រទានដល់មនុស្ស | |
| កម្លាំងទន់ខ្សោយ | ។ | ||
| ៥ | ពួកអ្នកដែលមាន | អាហារគ្រប់គ្រាន់ | ឥឡូវគេធ្លោយ |
| ធ្លាក់ខ្លួនវេទនា | ខ្វះខាតមុខក្រោយ | គ្មានអ្វីនឹងឱ្យ | |
| ចម្អែតក្រពះ | ។ | ||
| ឯអ្នកធ្លាប់ឃ្លាន | បែរទៅជាមាន | អាហារមិនខ្វះ | |
| គេបរិភោគឆ្អែត | បរិបូណ៌ពេញពាស | មានច្រើនដេរដាស | |
| លែងមុខស្រពោន | ។ | ||
| មិនតែប៉ុណ្ណោះ | ព្រះអង្គសន្តោស | ស្រីអារគ្មានកូន | |
| មិនឱ្យដាច់ពូជ | វិនាសសាបសូន្យ | អាចសម្រាលកូន | |
| បានប្រាំពីរដង | ។ | ||
| ៦ | ជីវិតមនុស្ស | ត្រូវស្លាប់ឬរស់ | ស្រេចលើព្រះអង្គ |
| គេត្រូវធ្លាក់ទៅ | ស្ថានអ្នកស្លាប់ផង | ឬក៏បានឡើង | |
| លើទ្រង់ចាត់ចែង | ។ | ||
| ៧ | មនុស្សមានក្រ | អាក្រក់ឬល្អ | មិនមែនខ្លួនឯង |
| ព្រះម្ចាស់បន្ទាប | ឬក៏លើកឡើង | ព្រះអង្គចាត់ចែង | |
| តាមព្រះហឫទ័យ | ។ | ||
| ៨ | ទ្រង់លក់មនុស្ស | ទុរគតស្រីប្រុស | ពីធូលីដី |
| ដកអ្នកកម្សត់ | វេទនាក្រក្រី | នោះគឺដើម្បី | |
| ឱ្យស្មើអ្នកធំ | ។ | ||
| ឱ្យបានគ្រងរាជ្យ | ពេញដោយអំណាច | រុងរឿងឧត្តម | |
| ដ្បិតព្រះអម្ចាស់ | តាំងគ្រឹះរឹងមាំ | ផែនដីដ៏ធំ | |
| មិនរលំឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២, ៤១-៦១)
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូបណ្ឌិតខាងវិន័យកំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖«កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។ ព្រះកុមារមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងសូមថ្វាយនូវថ្ងៃគោរពព្រះនាងព្រហ្មចារីម៉ារី ជាព្រះមាតារបស់ព្រះយេស៊ូជាអម្ចាស់។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមពង្រឹងជំនឿយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមក្នុងអភិបូជា ជាអគ្គសញ្ញាអំពីការរំដោះរបស់យើងខ្ញុំ។ ដោយយើងខ្ញុំនាំគ្នាគោរពព្រះនាងម៉ារី ជាព្រះមាតាព្រះបុត្រាព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបានប្រព្រឹត្តតាមបែបដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ចផង។

