ថ្ងៃទី២ ខែមករា

Written on 13/01/2026
Boy KANN

បុណ្យរម្លឹក សន្ដបាស៊ីល និងសន្ដក្រេគ័រ
ជាជនដ៏ប្រសើរឧត្ដមនៅណាស៊ីយ៉ាង
ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

សន្ត បាស៊ីល និងសន្តគ្រេគ័រកើតនៅស្រុកកាប៉ាដូស (ប្រទេសទួរគីសព្វថ្ងៃ ) ប្រហែល​នៅ​ គ.ស ៣៣៩។ លោកទាំងពីរទៅរៀនជាមួយគ្នានៅមហាវិទ្យាល័យក្រុងអាថែននាប្រទេសក្រិក។ កាល​​លោកទាំងពីរត្រឡប់ទៅស្រុកវិញ លោកនាំគ្នាចូលបួសអស់ជាច្រើនឆ្នាំ ។លោកបាស៊ីលមានសកម្មភាពខាងចាត់ចែង និងណែនាំគ្រីស្តបរិស័ទ ដូច្នេះ លោកបង្កើតអារាមនៅជិតក្រុងសេសារេ ហើយតែងក្បួនតម្រាសម្រាប់បុព្វជិត។ ក្បួនតម្រាលនេះមានឥទ្ធិពល​យ៉ាង​ខ្លាំ​ង​បំផុតទៅលើបព្វជិតទាំងប៉ុន្មាននៅគ្រប់កន្លែង។ សន្តបេណេឌីកតូ​អនុវត្ត​តាមក្បួនតម្រាល​នេះ​ដែរ។ នៅឆ្នាំ ៣៧០ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងសេសារេជាស្រុកកំណើត។ លោកទាមទារសេរីភាពនៃព្រះសហគមន៍ពីរដ្ឋអំណាច។ លោកតែងទេសនាប្រឆាំងនឹងលោកអរីយូស ដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ តែព្រះចៅអធិរាជគាំទ្រលោកអរីយូស។ លោកបាន​សរ​សេរ​សៀវភៅជាច្រើនក្បាលអំពីទេវវិទ្យា ជាពិសេសអំពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងឪពុក ទាំងម្តាយ ទាំងបងស្រី និងប្អូនប្រុសពីរនាក់ក៏ជាសន្តបុគ្គលដែរ ។
លោកក្រេគ័រ (ឆ្នាំ៣៣៥-៣៩០) ទទួលមុខងារជា​អភិបាល​ព្រះសហគមន៍​ក្រុង​កុង​ស្តង់​ទី​ណូ​ប។ លោកក៏ប្រឆាំងនឹងលោកអារីយូសដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ ដោយ​ខ្មាំង​ធ្វើ​បាប​លោក​ខ្លាំងពេក លោកលាលែងមុខងាររបស់ខ្លួនទៅរស់នៅក្រុងណាស៊ីយ៉ាង។ លោកនិពន្ធ​សៀវ​ភៅ​ជា​ច្រើនអំពីទេវវិទ្យា។

អត្ថបទទី១៖ សូមថ្លែងលិខិត១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ២,១០-១៦

បងប្អូនជាទីស្រឡាញ់!
ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឱ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម‌រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះ‌អង្គ​ឈ្វេង​យល់​ដែរ។ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះ‌អង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឱ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​យើង។ យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ។ រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​បាន​ដែរ ព្រោះ​គេ​យល់​ថា​ សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​ព្រះ‌វិញ្ញាណ​ប៉ុណ្ណោះដែល​ប្រទានឱ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ព្រះ‌អង្គ​បាន?»។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រីស្តហើយ។

ទំនុកតម្កើងលេខ ១៤៥ (១៤៤), ៨-១៤ បទកាកគតិ

ព្រះជាអម្ចាស់ ប្រកបដោយព្រះ ហឫទ័យត្រចង់
  ប្រណីសន្តោស ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង
    អាណិតមេត្តា
ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
  ទ្រង់មានព្រះទ័យ សន្តោសករុណា មនុស្សគ្រប់អាត្មា
    រស់ពេញផែនដី
១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២ ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតយូរវស្សា
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធើ្វ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
១៤ ព្រះអង្គលើកស្ទួយ អ្នកហេវហត់ព្រួយ ដួលយំស្រែកថ្ងូរ
  ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
    ឱ្យល្អវិញបាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (មថ ២៣,៩.១០)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នករាល់គ្នាមាន «​ព្រះបិតា» តែមួយគត់ ដែលគង់នៅស្ថានបរមសុខ ​ហើយមាន​តែ​ព្រះ‌គ្រីស្ដ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​ជា «​មគ្គទេសក៍» ​របស់​អ្នក​រាល់​គ្នា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤, ២៥ -៣៣

មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​បែរ​ព្រះ‌ភក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធកូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឱ្យ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ឬ​យ៉ាង​ណា ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញមុខ​ជា​សើច​ចំអក​ឱ្យមិន​ខាន។ គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាមតទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ‌ម៉ឺន​នាក់ តើ​ស្ដេច​អាច​ត‌ទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ‌ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា បើ​ឃើញ​ថា​មិន​អាច​ត‌ទល់​បាន​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឱ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាពក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សាវ័ករបស់​ខ្ញុំ​បាន​ឡើយ»។