ថ្ងៃទី២៨ ខែមករា

Written on 11/11/2025
Sokhorn Oem

បុណ្យរម្លឹក សន្តថូម៉ាស នៅអគីណូ
ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

លោកថូម៉ាស (១២២៥-១២៧៤) កើតក្នុងវង្សត្រកូលអភិជនអ៊ីតាលី។ កាលអាយុបាន ១៦​ឆ្នាំ លោកសម្រេចចិត្តចូលបួសក្នុងក្រុមគ្រួសារដូមីនីកូដែលទើបនឹងកើតឡើង។ ញាតិសន្តាន​របស់​លោក​មិន​ព្រមឱ្យលោកចូលបួសទេ ហើយបងប្អូនក៏ទៅចាប់លោកនាំចេញពីអារាមថែមទៀតផង។ ទោះ​ជា​យ៉ាង​នេះក៏ដោយ ក៏លោកនៅតែទៅបន្តការអប់រំតទៅទៀត ហើយរៀននៅក្រុងកូឡូញ (ប្រទេស​អា​ល្លឺម៉ង់​) និងនៅមហាវិទ្យាល័យក្រុងប៉ារីស (ប្រទេសបារាំង)។ លោកទៅជាសាស្ត្រាចារ្យនៅក្រុងប៉ារី ក្រុង​រ៉ូម និងក្រុងណាប៉ូលី (ប្រ​ទេសអ៊ីតាលី)។ លោករៀបរៀងធ្វើសំយោគរវាងលទ្ធិនៃគ្រីស្តសាសនាដែលលោកទទួលពីដូនតា និងវប្បធម៌នៃសម័យរបស់លោកដោយយកទស្សនវិជ្ជាលោកអរីស្តូត និង​លោក​ប្លាតុងមករិះគិត។ លោកបានសរសេរសៀវភៅជាច្រើនក្បាលដែលប្រមែលប្រមូលយោបល់ទេវវិទ្យានៃគ្រីស្តសាសនា ហើយមានឥទ្ធិពលយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។

សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ (ប្រាញ ៧ ,៧-១០.១៥-១៦)

ខ្ញុំ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​ប្រទានឱ្យ​មាន​សុភ‌និច្ឆ័យ។ ខ្ញុំ​ទូល​សូម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រទាន​ឱ្យ​ខ្ញុំ​មាន​គំនិត​នៃ​ព្រះ‌ប្រាជ្ញា​ញាណ។ ខ្ញុំ​យល់​ឃើញ​ថា មាន​ព្រះ‌ប្រាជ្ញា​ញាណ ប្រសើរ​ជាង​មាន​រាជ​បល្ល័ង្ក និង​អំណាច​គ្រប់​គ្រង​ទៅ​ទៀត។ បើ​ប្រៀប​នឹង​ព្រះ‌ប្រាជ្ញា​ញាណ ខ្ញុំ​ចាត់​ទុក​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ថា​គ្មាន​តម្លៃ។ សូម្បី​តែ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ក៏​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ បើ​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌ប្រាជ្ញា​ញាណ មាស​ទាំង​អស់​ក្នុង​ពិភព‌លោក​ទាំង​មូល ប្រៀប​បី​ដូច​ជា​ខ្សាច់​មួយ​ក្តាប់​តូច ហើយ​ប្រាក់​ក៏​ប្រៀប​ដូច​ជា​ភក់​ដែរ។ ខ្ញុំ​ស្រឡាញ់​ព្រះ‌ប្រាជ្ញា​ញាណ​ជាង​ស្រឡាញ់​សុខភាព​ល្អ និង​សម្ផស្ស​ទៅ​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​យក​ព្រះ‌ប្រាជ្ញា​ញាណធ្វើ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ ព្រោះ​ពន្លឺ​ដែល​ចេញ​ពី​ព្រះ‌ប្រាជ្ញា​ញាណ​មិន​ចេះ​ស្រអាប់​ឡើយ។ សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យ​ខ្ញុំ​ចេះ​និយាយ​ប្រកប​ដោយ​វិចារណ‌ញ្ញាណ និង​ចេះ​គិត​សម​តាម​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ជា​មគ្គុទ្ទេសក៍​របស់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​តម្រង់​ផ្លូវ​អ្នក​ប្រាជ្ញ ព្រះ‌អង្គ​ជាម្ចាស់​របស់​យើង​ទាំង​អស់​គ្នា ហើយ​ជា​ម្ចាស់​លើ​ពាក្យ​សម្ដី ចិត្ត​គំនិត និង​ចំណេះ​ឯក‌ទេស​របស់​យើង។

ទំនុកតម្កើងលេខ ១៩ ( ១៨ ),៨-១១

ព្រះធម្មវិន័យ ល្អល្អះប្រពៃ ប្រសើរថ្កើងថ្កាន
  ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត អ្នកល្ងង់ប្រែប្រាណ
    ជាមានប្រាជ្ញា
បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
  ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
    ថ្លៃថ្លាត្រចង់
១០ ការគោរពកោត ព្រះអម្ចាស់សោត​​ វិសេសយល់យង់
  ស្ថិតស្ថេចិរកាល តទៅគង់វង្ស ការវិនិច្ឆ័យទ្រង់
    ក៏ត្រង់ត្រឹមត្រូវ
១១ គួរឱ្យប្រាថ្នា ចង់បានណាស់ណា ជាងមាសឆ្អិនឆ្អៅ
  ផ្អែមជាងទឹកឃ្មុំ ខែចែត្រខែក្តៅ ហូរជោរចេញទៅ
    ចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ (មថ ២៣,៩-១០)

អាលេលូយ៉ា! អាលេលូយ៉ា!
ដ្បិតអ្នករាល់គ្នាមាន "ព្រះបិតា" ដែលគង់នៅស្ថានបរមសុខ ហើយមានតែព្រះគ្រីស្តមួយព្រះអង្គប៉ុណ្ណោះ ដែលជាមគ្គទេសក៍របស់អ្នករាល់គ្នា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ  (មថ ២៣,៨–១២)

 រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឱ្យហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង‌ប្អូន​នឹង​គ្នា។ កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែន‌ដី​នេះ​ថា “ព្រះ‌បិតា” ឱ្យសោះ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌បិតា” តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ កុំ​ឱ្យគេ​ហៅ​អ្នក​រាល់​គ្នា​ថា ​“មគ្គទេសក៍”​ ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រីស្ដ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវឱ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួននឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។