០៦ តុលា

Written on 17/02/2026
Sokhorn Oem

បុណ្យរម្លឹកសន្ដប្រ៊ុយណូជាបូជាចារ្យ
ថ្ងៃទី០៦ ខែតុលា 

លោកប៉ូ្រណូ (១០៣៥-១១០១) ជាសាស្ត្រាចារ្យខាងទេវវិទ្យា។ ដល់អាយុហាសិបឆ្នាំ លោកប្តេជ្ញាចិត្តទៅរស់ជាឥសីនៅភ្នំសារតើស៍ (ប្រទេសបារាំង) “ដើម្បីស្វែងរកព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងចិត្ត និងរួមរស់ជាមួយព្រះអង្គ”។ មានឥសីជាច្រើនរស់នៅទីនោះតាមលោក រហូតដល់សព្វថ្ងៃ ទាំងនឹកសញ្ជឹង ស្មឹស្មាធិ៍ ធ្វើសមាធិ អង្វរព្រះជាម្ចាស់សម្រាប់ជាប្រយោជន៍ដល់មនុស្សលោកទូទៅ។

សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ៣២,៧-១៤)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖«ចូរ​ត្រឡប់​ទៅ​វិញ​ចុះ ដ្បិត​ប្រជាជន​របស់​អ្នក គឺ​ប្រជាជន​ដែល​អ្នក​នាំ​ចេញ​ពី​ស្រុក​អេស៊ីប បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​យ៉ាង​ធ្ងន់។ ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ាដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រា‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖«យើង​ឃើញ​ហើយ​ថា ប្រជាជន​នេះ​សុទ្ឋ​តែ​ជា​មនុស្ស​រឹង‌រូស។ ឥឡូវ​នេះ ចូរ​ទុក​ឱ្យយើង​លុប​បំបាត់​ប្រជាជន​នេះឱ្យ​វិនាស​សាប‌សូន្យតាម​កំហឹង​របស់​យើង រួច​យើង​ឱ្យប្រជា‌ជាតិ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក»។ ប៉ុន្តែ លោក​ម៉ូសេ​ទូល‌អង្វរសូម​ការ​ប្រោស‌ប្រណី​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា៖«បពិត្រ​ព្រះ‌អម្ចាស់ ហេតុ​អ្វី​បាន​ជា​​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ប្រជា‌រាស្ដ្រដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធា‌នុភាព និង​ព្រះ‌បារមី​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។ សូម​កុំឱ្យ​ជន​ជាតិ​អេស៊ីប​ពោល​ថា “ព្រះ‌អង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឱ្យ​អស់​ពី​ផែន‌ដី”។ សូម​ព្រះ‌អង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះ‌ហឫទ័យឈប់​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទៅ។ សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង ដ្បិត​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អស់​លោក​ទាំង​នោះ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា “យើង​នឹង​ធ្វើ​ឱ្យពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នាបាន​កើន​ចំនួន​ឡើង​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះដល់​ពូជ‌ពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​ត​ទៅ”»។ព្រះ‌អម្ចាស់​ក៏​ដូរ​ព្រះ‌ហឫទ័យ​លែង​ធ្វើ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

ទំនុកតម្កើងលេខ ១, ១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន
  ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
    មង្គលពេកក្រៃ
តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
  របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
    ឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
  មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
    តាមកាលរដូវ
រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្តិ៍ឈ្មោះអាស្រូវ
  ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
    បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ
  ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
    ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
  នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
    នាំខ្លួនអន្តរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,៥៧-៦២) 

កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សាវ័ក មាន​បុរស​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖«ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖«សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស​គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖«សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះ‌អង្គ​ថា៖«សូម​លោក​មេត្តា​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖«ទុកឱ្យមនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹងអំពី​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់»។ មាន​ម្នាក់​ទៀត​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​ឱ្យខ្ញុំ​ប្របាទ​ទៅ​ជម្រាប​លា​ក្រុម​គ្រួសារ​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖«អ្នក​ណា​កាន់​នង្គ័ល ហើយ​បែរ​ជា​ងាក​មើល​ក្រោយ អ្នក​នោះ​គ្មាន​សារ‌ប្រយោជន៍​អ្វី​ដល់​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​ឡើយ»។