០២ តុលា

Written on 17/02/2026
Sokhorn Oem

បុណ្យរម្លឹក ទេវទូតអ្នកការពារដ៏វិសុទ្ធ
ពណ៌ស

នុងព្រះគម្ពីរ មានចែងអំពីទេវទូតថែរក្សាការពារមនុស្ស ឬនាំសាររបស់ព្រះជាម្ចាស់ឱ្យគេ។ ព្រះសហគមន៍ឱ្យគ្រីស្តបរិស័ទគោរពទេវទូត ក្នុងគោលបំណងដាស់តឿនគេឱ្យផ្ញើជិវិតលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលថែរក្សា និងការពារមនុស្សលោកជានិច្ច។

សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព (សរ ២៣,២០-២៣)

យើង​នឹង​ចាត់​ទេវទូត​មួយ​រូប​ឱ្យ​ដើរ​នៅ​មុខ​អ្នក ដើម្បី​ការ‌ពារ​អ្នក​នៅ​តាម​ផ្លូវ។ ទេវទូត​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុកដែល​យើង​បាន​រៀប‌ចំ​ទុក​សម្រាប់​អ្នក។ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់​ទេវទូត ហើយ​មិន​ត្រូវ​ធ្វើ​អ្វី​ប្រឆាំង​នឹង​លោក​ឡើយ។ បើ​អ្នក​បះ‌បោរ ទេវទូត​មិន​អត់‌ទោស​ឱ្យទេ ដ្បិត​លោក​ជា​តំណាង​របស់​យើង។ ប្រសិន​បើ​អ្នក​ស្តាប់​បង្គាប់​ទេវទូត ហើយ​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​អ្នក នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​សត្រូវ​របស់​អ្នក ហើយ​យើង​ក៏​ធ្វើ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក​ដែរ។ទេវទូត​របស់​យើង​នឹង​ដើរ​ពី​មុខ​អ្នក ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេត ជន​ជាតិ​ពេរី‌ស៊ី ជន​ជាតិ​កាណាន ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស។ យើង​នឹង​បំផ្លាញ​អ្នក​ទាំង​នោះ​ឱ្យ​វិនាស​សូន្យ។

ទំនុកតម្កើងលេខ ៩១ (៩០), ១-៦.១០-១១ បទកាកគតិ

អ្នកដែលរស់ក្រោម ការថែគ្រប់គ្រង របស់ព្រះម្ចាស់
  ជាព្រះខ្ពង់ខ្ពស់ វិសុទ្ធពេកណាស់ មានឫទ្ធិតេជះ
    បារមីខ្លាំងក្រៃ
ខ្ញុំសូមទូលថា «ព្រះអម្ចាស់ជា ជម្រកយប់ថ្ងៃ
  និងជាកំពែង ជ្រកកោនផុតភ័យ មិនបង្អង់អី
    ផ្ញើកាយជីវិត»
ព្រះម្ចាស់តែងតែ ជួយមិនគេចកែ ឱ្យអ្នករួចផុត
  ចេញពីអន្ទាក់ ពួកជនទុច្ចរិត ជំងឺរាតត្បាត
    ចង្រៃឧបទ្រព
ទ្រង់នឹងការពារ រូបអ្នកគ្រប់គ្នា នៅជ្រកក្រោមម្លប់
  បារមីព្រះអង្គ ទាំងថ្ងៃទាំងយប់ ឥតមានឈរឈប់
    ម្លប់ដ៏ត្រជាក់
  ព្រះហឫទ័យ មេត្តាប្រណី មិនដែលថ្នាំងថ្នាក់
  របស់ព្រះអង្គ ជួយការពារអ្នក ជាអាវក្រោះពាក់
    របស់អ្នកហើយ
នៅពេលរាត្រី អ្នកនឹងមិនភ័យ អំពីអ្វីឡើយ
  អាសន្នគ្រប់យ៉ាង ចៀសផុតធូរស្បើយ ពេលថ្ងៃក៏ដោយ
    ក៏អាចរួចផុត
អ្នកនឹងមិនអាច ជួបគ្រោះកំណាច ក្នុងយប់ងងឹត
  ទាំងមហន្តរាយ ទោះនៅឆ្ងាយជិត ថ្ងៃត្រង់ក៏ផុត
    មិនអាចជួបសោះ
១០ គ្មានទុក្ខវេទនា ណាមកពាធា ធ្វើឱ្យអ្នកភ័យ
  ទោះជាគ្រោះកាច ឧបសគ្គចង្រៃ ចូលមិនបានអី
    ដល់លំនៅអ្នក
១១ ដ្បិតព្រះអម្ចាស់ នឹងបញ្ជាច្បាស់ ទេវទូតគ្រប់ថ្នាក់
  តាមជួយរក្សា ការពាររូបអ្នក គ្រប់ទីសំណាក់
    ដែលអ្នកនឹងនៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ដន ៣,៥៨)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរទេវទូតទាំងអស់របស់ព្រះជាម្ចាស់កោតសរសើរលើព្រះអង្គ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,១-៥.១០)

ពេល​នោះ សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូហើយ​ទូល​ថា៖«តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ?»។ព្រះ‌អង្គ​ហៅ​ក្មេង​តូច​ម្នាក់​ឱ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សាវ័ក រួច​មាន​ព្រះ‌បន្ទូល​ថា៖«ខ្ញុំ​សុំ​ប្រាប់ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ​ឡើយ។ អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។ ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវទូត​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ ទាំង​ឃើញ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌បិតាដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង។