២១ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

បុណ្យគោរព សន្តម៉ាថាយ ជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពិរដំណឹងល្អ
ពណ៌ក្រហម


គ្រីស្តទូតថាម៉ាយ មានឈ្មោះលេវីដែរ។ លោកប្រកបអាជីវកម្មទារពន្ធដារ ជារបររកស៊ីដែលជនជាតិយូដាតែងមើលងាយ ដោយ​ចោទថា អ្នកធ្វើការងារនេះជា “អ្នកបាប”។ ព្រះយេស៊ូត្រាសហៅ “អ្នកបាប” ម្នាក់ឱ្យធ្វើជាសាវ័ក និងជាទូតរបស់ព្រះអង្គថែមទៀត! លោកបំពេញមុខងារជាគ្រីស្តទូតដោយប្រកាសព្រះបន្ទូលព្រះអង្គផង ប្រមែប្រមូលព្រះបន្ទូលព្រះយេស៊ូក្នុងកណ្ឌគម្ពីរមួយផង។ លោក (ឬគ្រីស្តបរិស័ទម្នាក់ដែលយកឈ្មោះលោក) និពន្ធគម្ពីរដំណឹងល្អក្នុងគោលបំណងចង់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះគ្រីស្តដែលយាងមក ស្របតាមគម្ពីរ ព្រះអង្គមិនយាងមកបំផ្លាញធម្មវិន័យរបស់លោកម៉ូសេទេ គឺទ្រង់យាងមកបំពេញអត្ថន័យ! លោកក៏ចាប់អារម្មណ៍ជាខ្លាំងអំពីរបៀបគ្រីស្តបរិស័ទរស់ជាព្រះសហគមន៍ដែរ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តម៉ាថាយ ជាអ្នកទារពន្ធម្នាក់ ឱ្យធ្វើជាគ្រីស្តទូត និងឱ្យនិពន្ធគម្ពីរថែមទៀតផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់រួមរស់ក្នុងព្រះសហគ​មន៍ ដូចបងប្អូនបង្កើតក្នុងមហាគ្រួសារតែមួយ ដើម្បីទៅជាសាក្សីពីព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ​ផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ (អភ ៤,១-៧.១១-១៣)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់‌តឿន​បង‌ប្អូនក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន ចូរ​រស់​នៅ​ឱ្យបាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់‌ទង​គ្នា។ ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក​មាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​ធ្វើ​ការ​តាម‌រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់​។ ព្រះ‌អង្គ​​បាន​ប្រណី‌សន្ដោស​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទានដែល​ព្រះ‌គ្រីស្ត​ប្រទាន​មក​យើង។ គឺ​ព្រះ‌អង្គ​ហើយដែល​បាន​ប្រទាន​ឱ្យអ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​គ្រីស្ត​ទូត ឱ្យអ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ដើម្បី​រៀបចំ​ប្រជាជន​ដ៏‌វិសុទ្ធ​ឱ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ឡើង រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នាមាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់​។

ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ

២ ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
  អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត
    របស់ព្រះអង្គ ។
៣ ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់
  យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
    ល្បីល្បាញអស្ចារ្យ ។
៤ មិនប្រើសម្តី មិនចារសេចក្តី ឬប្រើភាសា
  ហើយក៏មិនចេញ សូរស័ព្ទវាចា បន្តិចឡើយណា
    ឱ្យគេដឹងឮ ។
៥ ដំណឹងទាំងនោះ ឮឆ្ងាយសាយសុស ពេញពាសរន្ទឺ
  លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
    គ្មានសល់ចន្លោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! គ្រីស្តទូតលើកតម្កើងព្រះអង្គ! យើងខ្ញុំអបអរសាទរព្រះអង្គ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,៩-១៣ )

ព្រះយេស៊ូយាងពីក្រុងកាផានុម ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយអង្គុយនៅកន្លែងយកពន្ធ។ ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសាវ័កដែរ។ ពួកខាងគណៈផារីស៊ីឃើញដូច្នេះ គេនិយាយទៅកាន់សាវ័កព្រះអង្គថា៖ “ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?”។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើលសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្តីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្តេច?។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាបវិញ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! នៅថ្ងៃគោរពសន្តម៉ាថាយ យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ។ សូមពង្រឹងជំនឿព្រះសហគមន៍ សូមឱ្យព្រះសហគមន៍ប្រកាសដំណឹងល្អដល់មនុស្សនាបច្ចុប្បន្នកាលនេះផង។

ធម៌លើកតម្កើង

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ជាព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គ! ព្រះអង្គពិតជាគង្វាល​ដែលមានព្រះហឫទ័យស្មោះត្រង់ មិនដែលលះបង់ព្រះសហគមន៍ព្រះអង្គឡើយ គឺព្រះអង្គនៅតែថែរក្សាការពារព្រះសហគមន៍ដោយសារគ្រីស្តទូត។ សព្វថ្ងៃនេះ ក៏ព្រះអង្គនៅតែណែនាំព្រះ​ស​ហ​គ​មន៍ដោយចាត់ចែងឱ្យមានគង្វាលបន្តមុខងារពីគ្រីស្តទូតក្នុងព្រះនាមព្រះបុត្រាព្រះអង្គ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន នៅថ្ងៃគោរពសន្តម៉ាថាយ។ យើងខ្ញុំដែលជាអ្នកបាបមានអំណរសប្បាយដូចសន្តម៉ាថាយ នៅ​ពេល​ទទួលព្រះយេស៊ូក្នុងផ្ទះរបស់លោក។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គដល់អ្នកទន់ទាប និងអ្នកបាបសព្វថ្ងៃនេះផង។