២៤ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

បុណ្យគោរពសន្តបារថូឡូមេ ជាគ្រីស្តទូត
ពណ៌ក្រហម

លោកបារថូឡូមេ ហៅថា ណាថាណាអែល កើតនៅភូមិកាណា (យហ ២១,២)។ លោកជាមិត្តសម្លាញ់របស់លោកភីលីព។ យើងគ្រាន់តែដឹងថា ព្រះយេស៊ូត្រាសហៅលោកឱ្យធ្វើជាគ្រីស្តទូតប៉ុណ្ណោះ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រោសប្រទានឱ្យសន្តបាថូឡូមេជឿលើព្រះបុត្រាព្រះអង្គយ៉ាងស្មោះ ហើយសុខចិត្តដើរតាមព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យទៅជាសញ្ញានៃការសង្គ្រោះរបស់ព្រះអង្គសម្រាប់មនុស្សគ្រប់ជាតិសាសន៍ផង។

សូមថ្លែងព្រះគម្ពីរវីវរណៈ (វវ ២១,៩ខ-១៤)

ខ្ញុំយ៉ូហាន ឃើញទេវទូតមួយរូបដែលមានប្រសាសន៍មកកាន់ខ្ញុំថា៖«សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឱ្យ​លោក​ឃើញ​កូន​ក្រមុំជា​ភរិយា​របស់​កូន​ចៀម»។ ទេវទូត​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញឱ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ គឺ​ចុះ​មក​ពី​ព្រះ‌ជាម្ចាស់។ ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់‌ពីរ នៅ​លើ​ខ្លោង​ទ្វារ​ មាន​ទេវទូត​ដប់‌ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។ កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​គ្រីស្ដទូតទាំង​ដប់‌ពីរ​របស់​កូន​ចៀម។

ទំនុកតម្កើងលេខ១៤៥ (១៤៤),១០-១៣,១៧-១៨ បទកាកគតិ

១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ ។
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់ ។
១២ ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច  
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតយូរវស្សា ។
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធើ្វ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ ។
១៧ ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
  ដោយព្រះហឫទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
    ទ្រង់បានប្រព្រឹត្ត ។
១៨ ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
  នឹងអ្នកអង្វរ ដោយសុទ្ធចិត្ត រកព្រះអង្គពិត
    មិនយាងទៅណា ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! យើងខ្ញុំសូមអបអរសាទរព្រះអង្គ! ព្រះអង្គពិតជាព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១,៤៥-៥១) 

លោកភីលីពទៅជួបលោកណាថាណាអែល ប្រាប់គាត់ថា៖ “លោកដែលធម្មវិន័យរបស់លោកម៉ូសេ និងព្យាការីចែងទុកនោះ ឥឡូវនេះយើងបានឃើញហើយ លោកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប”។ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖ “ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ”។ លោកភីលីពប្រាប់គាត់ថា៖ “សូមអញ្ជើញមក អ្នកនឹងបានឃើញ!”។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជន​ជាតិអ៊ីស្រាអែលពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖ “តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល?”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ “ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមស្វាយ មុនភីលីពហៅអ្នកទៅ​ទៀត”។ លោកណាថាណាអែលទូលព្រះអង្គថា៖ “ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែលមែន”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមស្វាយ ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់​ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានេះ ដើម្បីសរសើរលើកតម្កើងព្រះអង្គនៅថ្ងៃគោរពសន្ដបាថូឡូមេ។ សូមទ្រង់ព្រះមេត្តាណែនាំព្រះសហគមន៍សព្វថ្ងៃនេះផង។

ធម៌លើកតម្កើង

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មាន​ព្រះ​ជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើង និងអរព្រះគុណព្រះអង្គជានិច្ច ដោយរួមជាមួយ​ព្រះ​គ្រីស្ត​ជា​ព្រះ​អម្ចាស់​យើងខ្ញុំ ។ ព្រះអង្គបានចាក់ឫសនៃព្រះសហគមន៍របស់ព្រះបុត្រាលើក្រុមគ្រីស្តទូតជាគ្រឹះ ដើម្បីឱ្យព្រះសហគមន៍ទៅជាសញ្ញាសម្គាល់បង្ហាញភាពដ៏វិសុទ្ធរបស់ព្រះអង្គក្នុងលោកនេះ។ ព្រះសហគមន៍ក៏​មានភារកិច្ច​នាំដំណឹង​ល្អ​អំពីព្រះរាជ្យព្រះអង្គដល់មនុស្សគ្រប់ជាតិសាសន៍ផង ។ អាស្រ័យហេតុនេះហើយ បានជានៅលើលោកនេះ យើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គល សូមលើកតម្កើងព្រះអង្គ ដោយប្រកាសថា៖ ” ព្រះដ៏វិសុទ្ធ ” ។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំនៅថ្ងៃគោរពសន្តបាថូឡូមេ។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងទឹកចិត្តយើងខ្ញុំ សូមឱ្យយើងខ្ញុំចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខអស់កល្បជានិច្ចផង។