១៥ កក្កដា

Written on 10/02/2026
Sokhorn Oem

បុណ្យរម្លឹកសន្តបូណារិនទូរ ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស

សន្តយ៉ូហាន ហ្វីដងសា (១២២១-១២៧៤) បានដាក់ឈ្មោះខ្លួនឯងថា “បូណាវិនទូរ៉ា” នៅពេលលោកចូលបួសក្នុងក្រុមគ្រួសារសន្តហ្វ្រង់សីស្កូ។ លោកខំកសាងសន្តិភាពក្នុងក្រុមគ្រួសារនោះ ដោយយកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នាឱ្យជានានឹងគ្នា។ លោកជាទេវវិទូមានឈ្មោះល្បីជាងគេក្នុងសម័យដែលលោករស់នៅ។ លោកទទួលបន្ទុកជាអភិបាល និងជាទីប្រឹក្សាសម្តេចប៉ាប។ លោកទទួលមរណភាព នៅពេលអស់លោកអភិបាលប្រជុំគ្នា។ ក្នុងមហាសន្និបាតសាកលនៅលីយ៉ុង​(១២៧៤)។

ពាក្យអធិដ្ឋានពេលចូល 

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃនេះ យើងខ្ញុំសូមលើកតម្កើងព្រះអង្គដែលបានប្រោសប្រទានឱ្យសន្ត​បូណាវិនទួរ យល់អំពីលទ្ធិគ្រីស្តសាសនាយ៉ាងជ្រៅបំផុត ហើយមានចិត្តស្រឡាញ់ចំពោះអ្នកដទៃជាខ្លាំងដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំមានជំនឿមាំមួន និងមានចិត្តស្រឡាញ់អ្នកដទៃយ៉ាងខ្លាំងដូចលោកផង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើគ្រីស្ដបរិស័ទនៅក្រុងអេភេសូ (អភ ៣,១៤-១៩)

បងប្អូនជាទីស្រឡាញ់!
​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​ផែន‌ដី សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូនឱ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត​ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឱ្យបង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឱ្យបង‌ប្អូន​មាន​សមត្ថ‌​ភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺ​ឱ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឱ្យបង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើងលេខ ១១៩ (១១៨),៩-១៤ បទពាក្យ ៧

តើពួកយុវជនធ្វើយ៉ាងណា ឱ្យមានកិរិយាល្អត្រឹមត្រូវ  
  គឺប្រតិបត្តិត្រង់តាមផ្លូវ មាគ៌ាតទៅនៃព្រះអង្គ
១០ ខ្ញុំខំស្វះស្វែងមិនមានឈប់ ទោះថ្ងៃឬយប់ចិត្តតម្រង់  
  កុំទុកឱ្យខ្ញុំនៅត្រមង់ វង្វេងវង្វាន់ពីវិន័យ
១១ ខ្ញុំសូមតាំងចិត្តថែរក្សា បន្ទូលសន្យាដ៏ប្រពៃ  
  នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី ឱ្យទាស់ហឫទ័យទ្រង់ឡើយណា
១២ បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំខ្ញុំលើកហត្ថា  
  តម្កើងព្រះអង្គសូមមេត្តា បង្រៀនខ្ញុំណាស្គាល់វិន័យ
១៣ ខ្ញុំតែងតែពោលឥតឈរឈប់ រៀបរាប់សព្វគ្រប់នូវសេចក្តី  
  ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ សម្រេចព្រះទ័យផ្តល់ជាទាន
១៤ ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន  
  ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៤,៦-១៤)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ព្រះ‌បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម‌រយៈ​ខ្ញុំ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រម​ទាំង​បាន​ឃើញ​ព្រះ‌អង្គ​ថែម​ទៀត​ផង»។ លោក​ភីលីព​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​បង្ហាញ​ព្រះ‌បិតា​ឱ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ត​ហើយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​ព្រះ‌បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ព្រះ‌បិតា​ឱ្យយើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា មិន‌មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​ព្រះ‌បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ព្រះ‌អង្គ​បំពេញ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌បិតា ហើយ​ព្រះ‌បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ច‌ការ​ទាំង​នោះ​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ច‌ការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ​ជា​មិន​ខាន ដើម្បី​ឱ្យ​ព្រះ‌បិតា​សម្ដែង​សិរី‌រុង​រឿង​ក្នុង​ព្រះ‌បុត្រា។ បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។