ថ្ងៃទី០២ ឧសភា
បុណ្យរម្លឹក
សន្តអាថាណាស ជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ពណ៌ស
លោកអាថាណាស (២៩៥-៣៧៥) កើតនៅក្រុងអាឡិចសង់ឌ្រី។ កាលលោកនៅពីក្មេង ព្រះចៅឌីយ៉ូ ក្លេស៊ីយ៉ាំងបៀតបៀនធ្វើទុក្ខបុកម្នេញព្រះសហគមន៍។ កាលអាយុប្រហែល ៣០ឆ្នាំ លោកមានមុខងារជាស្មៀនរបស់លោកអភិបាលក្រុងអលិចសង់ឌ្រី។ ពេលនោះ បូជាចារ្យម្នាក់ឈ្មោះ អរីយ៉ូស តែងប្រៀនប្រដៅថា ព្រះយេស៊ូគ្រាន់តែជាមនុស្សប៉ុណ្ណោះ ពុំមែនជាព្រះជាម្ចាស់ទេ។ នៅឆ្នាំ ៣២៥ អភិបាលព្រះសហគមន៍ទាំងអស់ ជួបជុំគ្នាជាមហាសន្និបាតសកលនៅក្រុងនីសេ ដើម្បីជំទាស់នឹងសេចក្តីប្រៀនប្រដៅរបស់លោក អរីយូ៉សនោះ។ លោកអាថាណាសទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអេឡិចសង់ឌ្រីនៅឆ្នាំ ៣២៨។ គ្រីស្តបរិស័ទដែលកាន់តាមលោកអរីយូ៉សជំទាស់នឹងលោកអថាណាសអស់រយៈពេល ៤៥ឆ្នាំ រហូតទៅប្តឹងព្រះចៅអធិរាជ ដែលទ្រង់និរទេសលោកប្រាំដង។ ទោះបីគេធ្វើបាបលោកយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាសជំនឿដ៏ពិតប្រាកដអំពីព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយដែលកើតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ លោកយកចិត្តទុកដាក់នឹងការរស់នៅជាបព្វជិត និងជាឥសី ហើយបានសរសេរជីវប្រវត្តិរបស់សន្តអន់ទន ជាមិត្តសម្លាញ់របស់លោក។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានជ្រើសរើសសន្ត អថាណាស្ស ដើម្បីថែរក្សា និងការងារជំនឿរបស់ព្រហគមន៍ ចំពោះព្រះយេស៊ូដែលពិតជាព្រះបុត្រារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ព្រះអង្គកាន់តែច្បាស់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។
អត្ថបទទី១៖ សូមថ្លែងសិខិតទី១ របស់សន្ដយ៉ូហាន (១យហ ៥,១-៥)
អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់។ យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយដែលបានឈ្នះលោកីយ៍។ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ៣៧( ៣៦) ,៣-៦.៣០ បទព្រហ្មគីតិ
| ៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
| លើព្រះដ៏សក្តិសិទ្ធ | នោះអ្នកពិតជាសុខសាន្ត | ។ | |
| ៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
| ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ | |
| ៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
| ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ | |
| ៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
| អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី | ។ | |
| ៣០ | មនុស្សសុចរិត | គេចូលចិត្តត្រង់ត្រឹមត្រូវ | |
| ពោលពាក្យមិនអាស្រូវ | ឥតហ្មងសៅឥតងាករេ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (រម ១៤,១៧)
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់! ព្រះរាជ្យអាស្រ័យនៅលើសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,២២–២៥)
មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្តែអ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។ ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលទៅទៀត។ ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឱ្យឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាឱ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមថ្វាយ កាយ វាចា ចិត្ត និងជំនឿរបស់ខ្លួនទុកជាសក្ការបូជាដែលមានជីវិត។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ សូមពង្រឹងជំនឿយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានព្រះកាយព្រះបុត្រាឱ្យយើងខ្ញុំទុកជាអាហារ។ ដោយយើងខ្ញុំប្រកាសជំនឿដូចសន្តអថាណាស្សថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះអង្គមែននោះ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យរស់នៅ តាមរបៀបរស់នៅសមនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។

