១១ វិច្ឆិកា

Written on 24/02/2026
Catholic Faith Cambodia

បុណ្យរម្លឹកសន្តម៉ាតាំង ជាអភិបាលនៅក្រុងទួរ
ពណ៌ស

លោកម៉ាតាំង (ប្រ.៣១៧-៣៩៧) កើតនៅស្រុកហុងគ្រី។ កាលអាយុ ១៦ លោកធ្វើទាហាន។ ពេលនោះ គាត់នៅតែទទួលការអប់រំខាងជំនឿនៅឡើយ។ ដោយឃើញអ្នកក្រីក្រម្នាក់គ្មានអ្វីស្លៀក គាត់យកដាវកាត់អាវធំរបស់ខ្លួនចែកឱ្យគេ។ កាលលោកអាយុម្ភៃពីរឆ្នាំ គាត់ទទួលអគ្គសញ្ញាជ្រមុជទឹក ហើយលែងបម្រើកងទ័ព និងចាប់ផ្តើមរៀនទេវវិទ្យាពីសន្ត ហ៊ីឡែរ នៅក្រុងប៉ុយទីយេ។ លោកបង្កើតអារាមនៅលីគូសេ (ប្រទេសបារាំង) ហើយខិតខំនាំដំណឹងល្អរបស់ព្រះយេស៊ូដល់អ្នកស្រុកនោះ។ ពេលលោកហៀបនឹងទទួលមរណភាព លោកអង្វរព្រះជាម្ចាស់ថា៖ “បពិត្រព្រះអម្ចាស់ ប្រសិនបើប្រជារាស្ត្រព្រះអង្គត្រូវការខ្ញុំទៀត ខ្ញុំមិនបដិសេធនឹងធ្វើការទេ! សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គ”។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា!  សន្តម៉ាតាំងបានលើកតម្កើងសិរីរុងរឿងព្រះអង្គ ទាំងរបៀបរស់នៅក្តី ទាំងនៅពេលទទួលមរណភាពក្តី។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះអង្គដោយគ្មានអ្វី (ទាំងកង្វល់នៃជីវិតក្តី ទាំងសេចក្តីស្លាប់ក្តី) អាចបំបែកយើងខ្ញុំពីព្រះអង្គបានឡើយ។

សូមថ្លែងព្រះគម្ពីរព្យាការីមីកា (មីក ៦,៦-៨ ឬ ១,២០-២៤)

 ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់ តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ? ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួបមក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ? តើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ទទួលចៀម​ឈ្មោល​រាប់​ពាន់​ក្បាល ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ? តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំដើម្បី​សុំ​ព្រះ‌អង្គ​លើក‌លែង​ទោស ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះ‌អង្គដើម្បី​សុំ​រំដោះ​បាប​ឬ?ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នកឱ្យស្គាល់​ការ​ណា​ដែល​ល្អនិង​ការ​ណា​ដែល​ព្រះ‌អម្ចាស់សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ធ្វើគឺ​អ្នក​ត្រូវ​ប្រតិ‌បត្តិ​តាម​យុត្តិ‌ធម៌ស្រឡាញ់​ភាព​ស្មោះ‌ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ​តាម​មាគ៌ានៃ​ព្រះ​របស់​អ្នក។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្តាប់ទូន្មាន
  ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
    មង្គលពេកក្រៃ
តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
  របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
    ឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
  មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
    តាមកាលរដូវ
រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្តិ៍ឈ្មោះអាស្រូវ
  ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
    បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ
  ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
    ពីអ្នកសុចរិត  
ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
  នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
    នាំខ្លួនអន្តរាយ

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥, ៣១-៤៦ (ឬយ៉ាងខ្លី ៣១-៤០) 

«នៅ​ពេល​បុត្រ​មនុស្ស​យាង​មកជា​មួយ​ពួក​ទេវទូតប្រកប​ដោយ​សិរី‌រុង​រឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។ ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ គឺ​ឱ្យចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។ ពេល​នោះ ព្រះ‌មហា​ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ព្រះ‌អង្គ​បាន​រៀប​ទុក​ឱ្យអ្នក​រាល់​គ្នាតាំង​ពី​កំណើត​ពិភព‌លោក​មក ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឱ្យអាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឱ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឱ្យ​ស្នាក់​អាស្រ័យ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មកឱ្យយើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។ ពួក​អ្នក​សុចរិត​ទូល​ព្រះ‌អង្គ​វិញ​ថាៈ “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ ឬ​ឃើញ​ព្រះ‌អង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះ‌អង្គ​សោយ​ពី​អង្កាល់?។ តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះ‌អង្គ​ឱ្យស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះ‌អង្គ​ពី​អង្កាល់?។ តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះ‌អង្គ​ពី​អង្កាល់?”។ ព្រះ‌មហា​ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។

បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថាៈ “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឱ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប‌ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារសាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ! ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បានឱ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឱ្យ​ទឹក​យើង​ពិសា​ដែរ កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឱ្យស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀក‌បំពាក់​មក​ឱ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ទាល់​តែ​សោះ”។ ពួក​នោះ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ឃើញ​ព្រះ‌អង្គ​ស្រេក ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌​បំពាក់ ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះ‌អង្គ​សោះ​ពី​អង្កាល់?”។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់​កល្ប‌ជានិច្ច រីឯ​អ្នក​សុចរិត​វិញនឹង​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃគោរពសន្តម៉ាតាំង។ សូមប្រោសយើងខ្ញុំឱ្យស្វែងរកព្រះអង្គជានិច្ច ទាំងនៅគ្រាស្រួល និងនៅគ្រាពិបាកផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តដែលធ្វើឱ្យយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំជាមួយព្រះអង្គជានិច្ច។ សូមឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គដូចសន្តម៉ាតាំងដែរ។