០៥ កុម្ភៈ

Written on 11/11/2025
Sokhorn Oem

បុណ្យរម្លឹក
សន្តីអាហ្គាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
ពណ៌ក្រហម

នាងអាហ្កាថ កើតនៅកោះស៊ីលីស (ខាងត្បូងប្រទេសអ៊ីតាលី )។ នៅឆ្នាំ ២៥១ ព្រះ​ចៅ​អធិរា​ជ​ រ៉ូមុំាងឌែស បៀតបៀនគ្រីស្តបរិស័ទ។ មានគ្រីស្តបរិស័ទជាច្រើន ជាពិសេស​អ្នក​រាជ​ការបាន​លះ​បង់​ជំនឿ បដិសេធន៍មិនទទួលស្គាល់ព្រះគ្រីស្ត។ រីឯយុវជនយុវនារីជាច្រើនវិញ មានចិត្តក្លាហាន ហ៊ាន​បូជា​ជីវិត​ព្រោះតែជំនឿរបស់ខ្លួន។ នាងអាហ្កាថ ជាស្រីក្រមុំម្នាក់ក្នុងចំណោមយុវជនយុវនារីទាំងនោះ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យសន្តី អាហ្កាថ ថ្វាយ​ខ្លួនទាំង​ស្រុង​ទៅលើ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ស្រ្តីព្រហ្មចារិនី និងមានចិត្តក្លាហានរហូតដល់ហ៊ានបូជាជិវិតព្រោះតែព្រះអង្គ។ សូមទ្រង់​ព្រះ​មេត្តា​ពង្រឹង​ជំ​នឿ​ និងសេចក្តីក្លាហានរបស់យើងខ្ញុំផង។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ១,២៦-៣១)

បង‌ប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បង‌ប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បង‌ប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លីលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះ‌អង្គ​បាន​ជ្រើស‌រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​អ្វីៗ ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឱ្យមាក់‌ងាយ ហើយ​គ្មាន​តម្លៃ​មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោកចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បាន​ឡើយ គឺ​ព្រះ‌អង្គ​ហើយ ដែល​បាន​ប្រោស​ឱ្យបង‌ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់សម្រាប់​យើង។ ព្រះ‌អង្គ​ប្រទាន​ឱ្យយើង​សុចរិត វិសុទ្ធ និង​លោះ​យើង​ឱ្យមាន​សេរី‌ភាព។ ដូច្នេះ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ ដូច​មាន​ចែង​ទុក​មក​ស្រាប់។

ទំនុកតម្កើងលេខ ៣១ (៣០), ៣-៤.៦-៨.១៧.២១ បទកាកគតិ

សូមទ្រង់ផ្ទៀងស្តាប់ ពាក្យខ្ញុំរៀបរាប់ មិនឱ្យមានឆ្គង
  សូមរំដោះខ្ញុំ ឱ្យឆាប់តែម្តង ជាកំពែងផង
    សង្គ្រោះរូបខ្ញុំ
ទ្រង់ជាសិលា កំពែងថ្មដា ពាំងទូលបង្គំ
  សូមជួយដឹកនាំ ឆ្លងផ្លូវតូចធំ តម្រង់ទិសខ្ញុំ
    ដោយយល់ព្រះនាម
ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
  ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
    ព្រះទុកចិត្តបាន
ទូលបង្គំសូមផ្ញើ ជីវិតទៅលើ ព្រះម្ចាស់ថ្កើងថ្កាន
  ហើយខ្ញុំក៏ស្អប់ មនុស្សចិត្តសាមាន្យ ស្មោះស្ម័គ្រផ្ញើប្រាណ
    លើព្រះក្លែងក្លាយ
ចិត្តខ្ញុំស្រស់ថ្លា អរឥតឧបមា រីករាយសប្បាយ
  ដោយសារព្រះអង្គ ទ្រង់មានព្រះទ័យ ករុណាប្រណី
    ពេលខ្ញុំវេទនា
១៧ សូមបែរព្រះភក្ត្រ ទតមកមើលអ្នក បម្រើព្រះអង្គ
  មេត្តាសង្គ្រោះ ទូលបង្គំផង ដោយហឫទ័យទ្រង់
    ប្រណីករុណា
២១ ព្រះអង្គទ្រង់លាក់ គេនៅក្បែរភក្ត្រ ឱ្យផុតពីព្រួយ
  ពីមនុស្សទុច្ចរិត ព្រះអង្គតែងជួយ ឱ្យនៅជាមួយ
    ក្នុងព្រះពន្លា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ  (មថ ១៩,៣–១២)

មាន​ពួក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករបាន​បង្កើត​មនុស្ស​មកជា​បុរស ជា​ស្ត្រី​ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក‌ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។ គេ​មិន‌មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់‌បំបែក​គូ‌ស្រករដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។ ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឱ្យស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឱ្យអ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ តែ​កាល​ដើម​ឡើយ​មិន‌មែន​ដូច្នោះ​ទេ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នាដោយ​ឥត​បាន​រៀប‌ការ)​ ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។ សាវ័ក​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «បើ​មាន​ល័ក្ខ‌ខ័ណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យយល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បាន​តាំង​ពី​កំណើត​មក​។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះ‌គិត​ឱ្យយល់​ចុះ!»។