១៧ មីនា ២០២៧

Written on 01/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី១ ថ្ងៃពុធ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៩-១៦

វិន័យរបស់ព្រះអម្ចាស់

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

៩ តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា
ដើម្បីឱ្យកិរិយាមាយាទរបស់ខ្លួនបានល្អត្រឹមត្រូវ?
គឺដោយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
១០
ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត
សូមកុំបណ្តោយឱ្យទូលបង្គំ វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គឡើយ!
១១
ទូលបង្គំរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គទុកក្នុងចិត្ត
ដើម្បីកុំឱ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
១២
បពិត្រព្រះអម្ចាស់! ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គ!
១៣
ទូលបង្គំរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានសម្រេចមក។
១៤
ទូលបង្គំមានអំណរដោយបានអនុវត្តតាមដំបូន្មានរបស់ព្រះអង្គ
ប្រៀបដូចជាទូលបង្គំបានទទួលទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភដែរ។
១៥
ទូលបង្គំនឹងពិចារណាអំពីច្បាប់របស់ព្រះអង្គ
ទូលបង្គំសញ្ជឹងគិតអំពីមាគ៌ារបស់ព្រះអង្គជានិច្ច។
១៦
ទូលបង្គំពេញចិត្តនឹងក្រិត្យវិន័យរបស់ព្រះអង្គ
ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១៧

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូល‌បង្គំឱ្យរួច​ពី​មនុស្ស​អាក្រក់

កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ…ព្រះអង្គទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់ (ហប ៥,៧)។

(ក)

(បទពាក្យ ៧)

២- ឱព្រះអម្ចាស់សូមសណ្តាប់ ទូលបង្គំប្រាប់សំណូមពរ  
  ដ៏ត្រឹមល្អត្រូវស្រស់បវរ សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ ។
  សូមយកព្រះហឫទ័យវែកញែក និងសូរសម្រែកទូលបង្គំ  
  សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ ដែលអង្វរសុំដោយត្រង់ស្មោះ ។
៣- សូមរកយុត្តិធម៌ឱ្យខ្ញុំផង កុំបីសៅហ្មងឬបង់បោះ  
  សូមព្រះអង្គទតឱ្យច្បាស់ចុះ អ្វីទៅដែលខុសអ្វីត្រឹមត្រូវ ។
  ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ ហើយព្រះអង្គត្រាស់ពិនិត្យនូវ  
  ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ មិនឃើញអាស្រូវឬឆ្គាំឆ្គង ។
៤- ទូលបង្គំខំយកចិត្តទុកដាក់ តាមបន្ទូលជាក់ព្រះអង្គផង  
  ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មង ដូចមនុស្សយង់ឃ្នងឯទៀតឡើយ ។
៥- ទូលបង្គំខំដើរតាមមាគ៌ា នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ  
  ក៏បោះជំហានដើរតាមក្រោយ ដោយមិនថ្លោះធ្លោយលំអៀងបែរ ។
៦- ឱព្រះអម្ចាស់នៃខ្ញុំអើយ ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ  
  ហៅរកព្រះម្ចាស់មិនបែកបែរ សូមកុំងាករេផ្ទៀងព្រះកាណ៌ ។
៧- ព្រះអង្គតែងតែសង្គ្រោះអ្នក ដែលមកជ្រកស្នាក់ដោយមេត្តា  
  ក្រោមម្លប់បារមីដ៏អស្ចារ្យ ឱ្យរួចពីការគាបសង្កត់ ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

(ខ)

៨ សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក
សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា
៩
សូមកុំឱ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ
កុំឱ្យខ្មាំងសត្រូវមកឡោមព័ទ្ធ ប្រល័យជីវិតទូលបង្គំបានឡើយ។
១០
អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ
មាត់គេពោលចេញមកសុទ្ធតែពាក្យអួតព្រហើន
១១
ពួកគេដេញតាមទូលបង្គំទាន់ គេឡោមព័ទ្ធទូលបង្គំទៀតផង
គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ
១២
ពួកគេប្រៀបបីដូចជាសិង្ហដែលរង់ចាំតែហែកស៊ី
គេដូចជាសត្វសាហាវដែលពួនចាំចាប់រំពា។
១៣
ឱព្រះអម្ចាស់អើយ! សូមតើនឡើង!
សូមយាងទៅប្រឈមមុខនឹងពួកគេ ឱ្យពួកគេបរាជ័យ!
សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះទូលបង្គំ
ឱ្យរួចពីកណ្តាប់ដៃរបស់ជនពាល។
១៤
ឱព្រះអម្ចាស់អើយ! សូមព្រះអង្គយកឫទ្ធិបារមីរបស់ព្រះអង្គ
ដេញពួកគេចេញពីចំណោមមនុស្សលោក។
សូមដាក់ទោសពួកគេឱ្យវិនាសអន្តរាយ
សូមឱ្យពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង អស់មួយជីវិត តាំងពីកូនរហូតដល់ចៅ។
១៥
ចំពោះទូលបង្គំវិញ ទូលបង្គំប្រព្រឹត្តតាមសេចក្តីសុចរិត
ទូលបង្គំនឹងឃើញព្រះភក្ត្រព្រះអង្គ ពេលទូលបង្គំភ្ញាក់ពីដំណេក
ទូលបង្គំនឹងស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ធម ២,៤-៦)

ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឱ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដីពិត​យ៉ាង​ច្បាស់ ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយមាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់ និង​មនុស្ស​លោក គឺ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែល​ជា​មនុស្ស។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្មដើម្បី​លោះ​មនុស្ស​ទាំង​អស់។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១៥,៣)

ដ្បិត​ព្រះ‌គ្រីស្ដ​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឱ្យ​គាប់​ព្រះ‌ហឫទ័យ​របស់ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើទូលបង្គំ»។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ហប ៩,២៨)

ព្រះ‌គ្រីស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​តែ​មួយ​ដង ធ្វើជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វីនឹង​បាប​ទេ គឺ​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់បុត្រធីតាព្រះអង្គ ដែលមានចិត្តសោកស្តាយចំពោះអំពើបាបរបស់ខ្លួន។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គជារៀងរហូតផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!