២៤ ធ្នូ ២០២៦

Written on 22/12/2025
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃព្រហស្បតិ៍

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៥៣-១៦០

ទូល‌បង្គំមិន​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

១៥៣ សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ
សូម​រំដោះ​ទូល‌បង្គំផង!
ដ្បិត​ទូល‌បង្គំមិន​ភ្លេច​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៤
សូម​រក​យុត្តិធម៌​ឱ្យ​ទូល‌បង្គំ
ហើយ​រំដោះ​ទូលបង្គំឱ្យ​មាន​សេរី‌ភាព​ផង
សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ!
១៥៥
មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ
ដ្បិត​ពួក​គេ​មិន​ស្វែង​រក​វិន័យ​របស់​ព្រះ‌អង្គ​ទេ។
១៥៦
ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​តែង‌តែមាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តាជា‌និច្ច
សូម​ប្រទាន​ឱ្យ​ទូលបង្គំមាន​ជីវិត​ឡើង​វិញ
តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។
១៥៧
អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ
និង​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​មាន​គ្នា​ច្រើន​ណាស់
តែ​ទូល‌បង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មានរបស់​ព្រះ‌អង្គ​ឡើយ។
១៥៨
ពេល​ទូល‌បង្គំ​ឃើញ​មនុស្ស​ក្បត់ ទូល‌បង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់
ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។
១៥៩
ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​ថា
ទូល‌បង្គំ​ស្រឡាញ់​ច្បាប់​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឱ្យ​ទូល‌បង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១៦០
គោល‌ការណ៍​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គជា​សេចក្ដីពិត
ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​សម្រេចដោយ​សុចរិត នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១២៨

សេចក្តីសុខសាន្តនៅក្នុងផ្ទះ ជាព្រះអំណោយទានមកពីព្រះអម្ចាស់

«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឱ្យ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន» សំដៅទៅលើព្រះសហគមន៍ (Arnobius)។

(បទកាកគតិ)

១- អ្នកណាកោតខ្លាច គោរពអំណាច ព្រះជាអម្ចាស់
  ដើរតាមគន្លង មាគ៌ានៃព្រះ អ្នកនោះឥតទាស់
    ពោរពេញមង្គល ។
២- អ្នកនឹងទទួល បានឥតប្រែប្រួល យកនូវភោគផល
  ចេញពីកិច្ចការ គ្រប់ពេលរៀងរាល់ នឹងមានមង្គល
    ចម្រើនពេកក្រៃ ។
៣- ឯភរិយាអ្នក ដែលនៅក្នុងផ្ទះ ដូចដើមស្រស់ខ្ចី
  មានស្លឹកមានផ្លែ ស្រគាលទុំខ្ចី កូនប្រុសរញ៉ី
    ដូចដើមឈើតូច ។
៤- នេះជាអំណោយ ទ្រង់ប្រទានឱ្យ គេបានសម្រេច
  ដល់អ្នកកោតខ្លាច ឫទ្ធីអំណាច ផលច្រើនពន់ពេក
    មិនពិបាករក ។
៥- សូមទ្រង់ប្រសិទ្ធិ ពរជ័យវិចិត្រ ពីស៊ីយ៉ូនមក
  ជារៀងរាល់ថ្ងៃ កុំបាច់លៃលក ដើរតត្រុករក
    ក្នុងជីវិតអ្នក ។
៦- អ្នកនឹងឃើញចៅ របស់អ្នកនៅ បីបមថ្នមថ្នាក់
  ឱ្យអ៊ីស្រាអែល បានសុខជាជាក់ គ្មានគ្រោះឧបសគ្គ
    ជួបតែសុខសាន្ត ។
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច ។

ទំនុកតម្កើងលេខ ១២៩

ប្រជាជនមានទំនុកចិត្តលើព្រះអម្ចាស់ឡើងវិញ ក្រោយពេលមានទុក្ខលំបាក

សម្លេងទួញសោករបស់ព្រះសហគមន៍ចំពោះទុក្ខលំបាករបស់ខ្លួន
មានឮនៅក្នុងទំនុកតម្កើងមួយនេះ (សន្តអូគូស្ទីន)។

១ គេ​តែងតែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង-
សូម​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា-
២
គេ​តែង‌តែ​នាំ​គ្នា​ធ្វើបាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យ‌ជម្នះ​លើ​ខ្ញុំ​បាន​ឡើយ។
៣
គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំគេ​បាន​ធ្វើគន្លង​យ៉ាង​វែង។
៤
ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សុចរិត
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់​ចេញ​ពី​ខ្ញុំ។
៥
សូម​ឱ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូនត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
៦
សូម​ឱ្យ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ
ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
៧
សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្តាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សម្រាប់​ឱ្យចង​ជា​កណ្ដាប់​បាន​ដែរ។
៨
សូម​កុំ​ឱ្យ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះពោល​ទៅ​ពួក​គេ​ថា:
«សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរអ្នក​រាល់​គ្នា» សោះ​ឡើយ។
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នាក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!


ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ អស់លោកព្យាការីបានថ្លែងទុកមកថា៖ ព្រះសង្គ្រោះនឹងប្រសូតចេញពីព្រះនាងព្រហ្មចារិនីម៉ារី។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,២)

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឱ្យ​ពន្លក​មួយ​លូត​ចេញ​មក ពន្លក​នេះ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់​ពី​ស្លាប់ ឱ្យ​មាន​កិត្តិ‌យស និង​សិរី‌រុង​រឿង ហើយ​ដី​នឹង​បង្កើត​ភោគ‌ផល​ដែល​នាំ​ឱ្យ​ពួក​គេ​មាន​មោទន‌ភាព និង​មាន​កេរ្តិ៍ ឈ្មោះ​ល្បី‌ល្បាញ។

បន្ទរ៖ សូមឱ្យប្រជា‌ជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឱ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះ‌អង្គ!។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ទេវទូត​​កាព្រី‌អែលពោល​ទៅ​កាន់​នាង​​ម៉ារីថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ
ព្រះ‌អង្គ​គង់​នៅជា​មួយ​នាង ព្រះអង្គបានប្រទានពរដល់នាងលើសស្ត្រីទាំងឡាយ»។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤,៣)

ពេល​នោះ អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​ដែល​សល់​ពី​ស្លាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​បាន​រួច​ជីវិត នឹង​មាន​ឈ្មោះ​ថា «ជន​ដ៏‌វិសុទ្ធ»។ ព្រះ‌អម្ចាស់​កត់​ឈ្មោះ​អ្នក​ទាំង​នោះ ដើម្បី​ឱ្យ​គេ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះ‌គិតក្នុងចិត្តថា “តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច” ?
នាងពោលថា៖ “ខ្ញុំនឹងសម្រាលបានព្រះ‌មហាក្សត្រមួយអង្គ ហើយនៅតែជាព្រហ្មចារីនីដដែល” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៦១,១១)

ដី​ធ្វើឱ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗដុះ​ឡើង​ នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះជាអម្ចាស់​នឹង​ធ្វើ​ឱ្យ​សេចក្ដីសុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូជាអម្ចាស់ ! ព្រះអង្គយាងមកសង្រ្គោះយើងខ្ញុំយ៉ាងប្រញាប់ ដោយមិនបង្អង់ឡើយ។ សូមព្រះអង្គលើកទឹកចិត្តដល់យើងខ្ញុំដែលជឿសង្ឃឹមលើព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ សូមព្រះអង្គពង្រឹងជំនឿ និងសង្គ្រោះយើងខ្ញុំផង។ ព្រះអង្គដែលគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !