៩ វិច្ឆិកា ២០២៦

Written on 17/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី៣២ ថ្ងៃចន្ទ

បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា ឡាតេរ៉ង់

(បុណ្យគោរព)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១២៩-១៣៦

ការស្មឹងស្មាធិ៍ទៅលើវិន័យរបស់ព្រះជាម្ចាស់

ដូច្នេះ​ សេចក្ដី​ស្រឡាញ់​នាំ​ឱ្យ​ប្រតិបត្តិតាម​វិន័យ​បាន​ពេញ​លក្ខណៈ (រ៉ូម ១៣,១០)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ និងបានកសាងព្រះវិហារនេះឡើង ជាសំណង់ (អាលេលូយ៉ា!)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះដំណាក់​របស់​ព្រះអង្គ​ជា​កន្លែង​ដ៏‌វិសុទ្ធអស់កល្ប​ត​រៀង​ទៅ (អាលេលូយ៉ា!)។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម (អាលេលូយ៉ា!)។

១២៩ ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំធ្វើតាម។
១៣០
ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឱ្យចិត្តមនុស្សភ្លឺស្វាង
ហើយធ្វើឱ្យមនុស្សទន់ទាបចេះរិះគិតពិចារណា។
១៣១
ទូលបង្គំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ
ដ្បិតទូលបង្គំចង់ស្គាល់វិន័យរបស់ព្រះអង្គខ្លាំងណាស់។
១៣២
សូមបែរព្រះភក្ត្រទតមកទូលបង្គំ សូមប្រណីសន្តោសទូលបង្គំផង
ដូចព្រះអង្គធ្លាប់ប្រណីសន្តោសដល់អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
១៣៣
សូមពង្រឹងទូលបង្គំឱ្យបានមាំមួន ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ
កុំបណ្តោយឱ្យទូលបង្គំធ្លាក់ទៅក្នុងអំណាចនៃអំពើទុច្ចរិតណាមួយឡើយ!។
១៣៤
សូមរំដោះទូលបង្គំឱ្យរួចផុតពីការជិះជាន់របស់មនុស្ស
ដើម្បីឱ្យទូលបង្គំប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
១៣៥
សូមសម្តែងព្រះហឫទ័យមេត្តាដល់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង!។
១៣៦
ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយមិនគោរពតាមធម្មវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៨២

ការថ្កោលទោសចៅក្រមអាក្រក់

សូមបងប្អូនកុំវិនិច្ឆ័យទោសអ្នកណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន… (១ករ ៤,៥)។

(បទពាក្យ ៧)

១- ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ នៃស្ថានបរមសុខពេកក្រៃ  
  ទ្រង់តែងតែយាងមកកាត់ក្តី ក្នុងចំណោមនៃពួកទេវតា
២- ពេលណាទើបអ្នកឈប់កាត់ក្តី ដោយចិត្តអប្រីយ៍ដូច្នេះណា  
  ឱ្យមនុស្សអាក្រក់ចិត្តឫស្យា ឈ្នះគេដល់ទៅពេលណាទៀត
៣- ព្រះម្ចាស់មានព្រះបន្ទូលថា ចូររកយុត្តិធម៌កុំរវាត  
  ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ កូនកំព្រាអត់មានឪម៉ែ
៤- ចូរកុំនៅស្ងៀមចេញរំដោះ អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ  
  ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ ជនអាក្រក់តែងតែធ្វើបាប
៥- តែគេមិនដឹងមិនយល់សោះ ចិត្តគេទុយ៌សជាដរាប  
  អំពើយុត្តិធម៌ក៏សូន្យសាប ដែលទុកសម្រាប់គ្រឹះផែនដី
៦- យើងនឹងប្រកាសថាអស់អ្នក រាល់គ្នាពិតជាក់ជាបុត្រី  
  បុត្រារបស់ម្ចាស់ផែនដី ជាព្រះស្កឹមស្កៃដ៏ខ្ពស់ខ្ពង់
៧- តែអ្នកត្រូវស្លាប់ដូចមនុស្សលោក ដែលដួលដេកស្តូកពុំអាចរស់  
  ស្លាប់ដូចជាមនុស្សទូទាំងអស់ ដូចអ្នកធំខ្ពស់បាត់តំណែង
៨- ឱព្រះម្ចាស់អើយសូមតើនឡើង វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង  
  ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង ជារាស្ត្រឥតក្លែងនៃព្រះអង្គ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១២០

ការប្រាថ្នាចង់បានសន្តិភាព

ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន (រ៉ូម ១២,១២)។

នៅពេលមានអាសន្ន ខ្ញុំស្រែកហៅព្រះអម្ចាស់។ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។

ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំ
ឱ្យរួចផុតពីមនុស្សដែលពោលពាក្យកុហក និងបោកបញ្ឆោត!

អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើនឹងត្រូវទទួលទោសអ្វីខ្លះ?

គឺត្រូវតែរងនូវព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោសន្ធៅប៉ុណ្ណោះ!

ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ
ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!

ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលស្អប់សន្តិភាពជាយូរឆ្នាំកន្លងមកហើយ។

ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!


ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ។ ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ និងបានកសាងព្រះវិហារនេះឡើង ជាសំណង់ (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៣,១៦-១៧)

បងប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះវិហាររបស់​ព្រះជាម្ចាស់​ទេ​ឬ! បង‌ប្អូន​មិន​ជ្រាប​ថា​ព្រះ‌វិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​ទេ​ឬ!។ ប្រសិន​បើ​នរណា​ម្នាក់​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​កម្ទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ គឺ​បង‌ប្អូន​ហ្នឹង​ហើយ​ជា​ព្រះ‌វិហារ​នោះ។
 
បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ! ទូលបង្គំចូល​ចិត្ត​ស្នាក់​នៅក្នុង​ព្រះដំណាក់​របស់ព្រះ‌អង្គ​ណាស់ (អាលេលូយ៉ា!)។
—គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុង​រឿងរបស់​ព្រះ‌អង្គ​ស្ថិត​នៅ (អាលេលូយ៉ា!)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះដំណាក់​របស់​ព្រះអង្គ​ជា​កន្លែង​ដ៏‌វិសុទ្ធអស់កល្ប​ត​រៀង​ទៅ (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៦,១៦)

យើង​ទាំង​អស់​គ្នា​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើជា​ប្រជា‌រាស្ដ្ររបស់​យើង»។
 
បន្ទរ៖ ចូរ​នាំ​គ្នា​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន​សន្តិភាពមក​ក្រុង​យេរូ‌សាឡឹម (អាលេលូយ៉ា!)។
—សូម​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខសាន្ត! (អាលេលូយ៉ា!)។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៧,២ខ.៤-៥ក.៧ក)

អ្នក​ទាំង​អស់​គ្នា​ជា​ជន​ជាតិ​យូដា​អើយ ! អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ទាំង​នេះ ដើម្បី​ទៅ​ក្រាប​ថ្វាយ‌បង្គំព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ!។ មិន​ត្រូវ​អះ‌អាង​លើ​ពាក្យដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!” ឡើយ។ ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើដូច្នេះ យើង​នឹង​ទុក​ឱ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ។
 
បន្ទរ៖ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ (អាលេលូយ៉ា!)។
—ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ព្រះ‌វិហារ ដោយ​ពាក្យ​សរសើរ​តម្កើង! (អាលេលូយ៉ា!)។

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ជារៀងរាល់ឆ្នាំ ព្រះអង្គបានជ្រើសរើសថ្មដែលមានជីវិត ដើម្បីរៀបចំព្រះដំណាក់អស់កល្បជានិច្ចសម្រាប់ព្រះរាជ្យព្រះអង្គ។ សូមព្រះអង្គបង្កើនព្រះហឫទ័យប្រណីសន្តោសដល់ព្រះសហគមន៍ ដើម្បីឱ្យអស់អ្នកជឿលើព្រះអង្គមានចំនួនកើនឡើង និងអាចកសាងក្រុងយេរូសាឡឹមនៅស្ថានបរមសុខ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !