១១ តុលា ២០២៦

Written on 13/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី២៨ ថ្ងៃអាទិត្យ

បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ

បុណ្យរំឭកចាំបាច់ (បុណ្យភ្ជុំ)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ៧០

ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះអង្គ​ដាក់​ព្រះ​ហស្ត​លើ​អ្នក​ទាំង​នោះ​ ហើយ​ប្រោស​គេឱ្យបាន​ជា​សះ​ស្បើយ​ គ្រប់ៗ​គ្នា។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ឱ​ព្រះអម្ចាស់​អើយ! សូម​បញ្ជាក់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ។ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ។

ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​យាង​មក​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!

សូម​ឱ្យអស់​អ្នក​ដែល​ប៉ុន‌ប៉ង
ព្យាបាទ​ជីវិត​ទូល‌បង្គំ
ត្រូវ​អាប់​ឱន និង​អាម៉ាស់​មុខ!
សូម​ឱ្យអស់​អ្នក​ដែល​ចង់​ធ្វើ​ឱ្យទូល‌បង្គំ
វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!

សូម​ឱ្យអស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូល‌បង្គំ
ត្រូវ​បរា‌ជ័យ ទាំង​បាត់​បង់​កិត្តិយស!

រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឱ្យគេ​បាន​សប្បាយ​រីក‌រាយ
រួម​ជា​មួយ​ព្រះ‌អង្គ
សូម​ឱ្យអស់​អ្នក​ដែល​ស្រឡាញ់
ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា
«សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់!»

ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត
សូម​ប្រោស‌ប្រណី​ដល់​ទូល‌បង្គំ​ផង!
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៨៥ (៨៤)

(បទកាកគតិ)

២- បពិត្រព្រះម្ចាស់ ព្រះអង្គគាប់ព្រះ ទ័យនឹងទឹកដី
  ទ្រង់បានដឹកនាំ ពូជពង្សប្រពៃ យ៉ាកុបថ្លាថ្លៃ
    ឱ្យវិលមកវិញ
៣- ព្រះអង្គលើកទោស អស់ប្រជារាស្រ្ត  ឥតមានទោម្នេញ
  ឱ្យគេរួចបាប មកល្អជាវិញ ចិត្តគេពោរពេញ
    អំណរសប្បាយ
៤- ទ្រង់លែងពិរោធ ឈប់ខ្ញាល់លែងក្រោធ ដល់យើងទាំងឡាយ
  ទ្រង់តែងមេត្តា យើងលែងខ្វល់ខ្វាយ បានសុខសប្បាយ
    ដោយសារព្រះអង្គ
៥- ព្រះម្ចាស់ឧត្តម សង្គ្រោះថ្នាក់ថ្នម បីបមត្រកង
  សូមប្រោសឱ្យខ្ញុំ ត្រឡប់វិញផង ហើយសូមព្រះអង្គ
    កុំយកទោសា
៦- តើព្រះអង្គខ្ញាល់ ពួកយើងនេះដល់ រហូតពេលណា
  ឬទ្រង់ពិរោធ រៀងរាល់វេលា ឬក៏អស់ជា
    អង្វែងតទៅ
៧- តើទ្រង់មិនបាន យាងមកទីស្ថាន ឱ្យខ្ញុំរស់នៅ
  មានទាំងជីវិត សែនល្អពេកកូវ ពីនេះតទៅ
    អំណរសប្បាយ
៨- ឱ! ព្រះអម្ចាស់ សូមសម្តែងព្រះ ហឫទ័យទូលាយ
  មេត្តាករុណា អាសូរប្រណី មកខ្ញុំរាល់ថ្ងៃ
    សូមសង្គ្រោះផង
៩- យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
  ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
    ដែលមិនលេលា
១០- ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
  ដល់អ្នកកោតខ្លាច ព្រះអង្គគ្រប់គ្រា សិរីមហិមា
    នៅលើដីយើង
១១- ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
  ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
    នៅលើលោកីយ៍
១២- សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
  សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
    ចុះជួយរក្សា
១៣- ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
  ចំណែកផែនដី បង្កើតផល្លា ភោគផលផ្លែផ្កា
    សម្បូរមិនខ្វះ
១៤- សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
  សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ
    សុខសាន្តរហូត
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

ទំនុកតម្កើងលេខ ៨៦

សូម​ថែ‌រក្សា​ជីវិត​ទូល‌បង្គំ​ផង!

ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ
ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​វិញ​ផង
ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​កំសត់​ទុរគត!

សូម​រក្សា​ការ‌ពារ​ជីវិត​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​នេះ​ផង!

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ​ពេញ​មួយ​ថ្ងៃ។

សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឱ្យមាន​អំណរ​សប្បាយ
ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អង្គ

ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ
ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស
និង​ចេះ​អត់‌ឱន​ឱ្យយើង​ខ្ញុំ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់
ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌
ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់
នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូល‌បង្គំ​ផង។

នៅ​ថ្ងៃ​មាន​អាសន្ន ទូល‌បង្គំ​អង្វរ​រក​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។

ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ
គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ
ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះ‌អង្គ​ឡើយ។

ព្រះ‌អម្ចាស់​អើយ
ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក
នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌នាម​ព្រះ‌អង្គ។
១០

ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្តុង្គ‌ឧត្ដម
ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ
មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់។
១១

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំ
ឱ្យស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ឱ្យទូល‌បង្គំ​មាន​ចិត្ត​ស្មោះ‌ត្រង់
គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
១២

ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត
ទូល‌បង្គំ​នឹង​លើក​តម្កើង​សិរី‌រុង​រឿង
ព្រះ‌នាម​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ
១៣

ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
ចំពោះ​ទូល‌បង្គំ​ខ្លាំង​ណាស់
ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ទូល‌បង្គំ ឱ្យរួច​ផុត​ពី​មច្ចុរាជ។
១៤

ឱ​ព្រះ‌ជាម្ចាស់​អើយ
មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូល‌បង្គំ
មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូល‌បង្គំ
អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះ‌អង្គ​ទេ។
១៥

ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ព្រះ‌អង្គ​តែង‌តែ​ប្រណី​សន្ដោស​ព្រះ‌អង្គ​អត់‌ធ្មត់
ហើយ​ពោរ‌ពេញ​ទៅ​ដោយមេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។
១៦

សូម​បែរ​មក​ទត​មើល​ទូល‌បង្គំ
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
សូម​ប្រទាន​កម្លាំង​មក​ទូល‌បង្គំ
ហើយ​សង្គ្រោះ​ទូល‌បង្គំ 
ដែល​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌អង្គ​ផង!។
១៧

សូម​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយចំពោះ​ទូល‌បង្គំ
ដើម្បីឱ្យអស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ឃើញ ហើយ​ត្រូវ​អាម៉ាស់។
ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេ
​ដែល​ជួយ​សង្គ្រោះ និង​សម្រាល​ទុក្ខ​ទូល‌បង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ឱព្រះអម្ចាស់អើយ! សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យ៉ូប ១៩, ២៥-២៦ក)

ខ្ញុំ​ដឹង​ថា​ ព្រះ​ដែល​លោះ​ខ្ញុំ ទ្រង់​មាន​ព្រះជន្ម​គង់​នៅ ព្រះអង្គ​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់នៅ​លើ​ផែនដី។ ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​ព្រះភក្ត្រ​ព្រះជាម្ចាស់។

បន្ទរ៖ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី
—ចូរ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់​ទៅ! »


ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ ព្រះអង្គ​ដាក់​ព្រះ​ហស្ត​លើ​អ្នក​ទាំង​នោះ​ ហើយ​ប្រោស​គេឱ្យបាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ប្រាញ ១, ១៣-១៤ក.១៥)

ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​សេចក្តី​ស្លាប់​ទេ ព្រះ​អង្គ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​ឱ្យសត្វ​លោក​បាត់​បង់​ដែរ។ ព្រះ​អង្គ​បង្កើត​អ្វី​ៗទាំង​អស់ឱ្យនៅ​ស្ថិត​ស្ថេរ។ ដ្បិត​សេចក្តី​សុចរិត​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។

បន្ទរ៖ ទោះ​បី​ទូលបង្គំ​ដើរ​កាត់​ជ្រលង​ភ្នំនៃ​សេចក្ដី​ស្លាប់​ក៏​ដោយ
—ក៏​ទូលបង្គំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ព្រះអង្គ​គង់​នៅ​ជា​មួយ​ទូលបង្គំ។


ពេលរសៀល (ម៉ោង៣)

បន្ទរ៖ ឱ​ព្រះអម្ចាស់​អើយ! សូម​បញ្ជាក់​អោយ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ជា​ព្រះសង្គ្រោះ​ទូលបង្គំ។ សូម​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​ព្រះនាម​របស់​ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២៥,៨)

ព្រះអង្គ​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ ព្រះជាអម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខរបស់​មនុស្ស​ទាំង​អស់។ ព្រះអង្គ​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជារាស្ត្ររបស់​ព្រះអង្គ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់។

បន្ទរ៖   ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូលអង្វររបស់​មនុស្ស​លោក​ជានិច្ច
—ពួក​គេ​នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។


ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! ព្រះអង្គមានធម៌មេត្ដាករុណាចំពោះមនុស្សគ្រប់ៗរូប ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់វិនាសឡើយ គឺឱ្យមនុស្សទាំងអស់ទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គនៅស្ថានបរមសុខ។ នៅពេលនេះ  សូមទ្រង់ព្រះមេត្ដាទទួលពាក្យអង្វររបស់យើងខ្ញុំ សូមទទួល ........ (ឈ្មោះជាគ្រីស្ដបរិស័ទ) ឱ្យរស់នៅរួមជាមួយព្រះអង្គ។   យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!