២១ កញ្ញា ២០២៦

Written on 10/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២៥ ថ្ងៃចន្ទ

សន្តម៉ាថាយ ជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ

(បុណ្យគោរព)

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៩,៨-១៥

សូមសរសើរតម្កើងព្រះជាម្ចាស់ ដែលបានប្រទានធម្មវិន័យនៃសេចក្តីស្រឡាញ់មកយើង

ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ​ ទ្រង់គ្រប់លក្ខណ៍យ៉ាង​ណា​ សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ​ (មថ ៥,៤៨)។

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ចូរទៅប្រកាសដំណឹងល្អអំពី​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ (អាលេលូយ៉ា!)។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ «ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភពលោក» (អាលេលូយ៉ា!)។

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ «អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ» (អាលេលូយ៉ា!)។

ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត​ ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា

បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
១០
ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់​
១១
គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
១២
ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ​
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
១៣
គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត​ ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំនូវកំហុសណា ដែលទូលបង្គំមិនដឹងខ្លួននោះផង។
១៤
សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥
ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!​
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ​
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្ត នៅចំពោះព្រះភក្រ្តព្រះអង្គផង។​

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៧

ពាក្យ​អធិដ្ឋាន​របស់អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ដែលត្រូវគេនិយាយមួលបង្កាច់

ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។

(ក)

(បទពាក្យ ៧)​

២- ឱព្រះជាអម្ចាស់ខ្ញុំអើយ ខ្ញុំសូមពឹងហើយលើព្រះអង្គ  
  សង្គ្រោះរំដោះនិងទ្រទ្រង់ រួចពីអន្លង់អ្នកបៀតបៀន
៣- ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន  
  នោះគ្មាននរណាអាចនឹងហ៊ាន រំដោះឱ្យបានរួចជីវិត
៤- ឱព្រះអម្ចាស់ទូលបង្គំ ប្រសិនបើខ្ញុំបានប្រព្រឹត្ត  
  ដូចពាក្យគេថាដោយគ្មានគិត ប្រឡាក់ដាមដិតក្តីកខ្វក់
៥- ប្រសិនបើទូលបង្គំបាន ប្រព្រឹត្តសាមាន្យចិត្តអាក្រក់  
  តបនឹងមិត្តភក្តិដោយគំរក់ រឹបអូសលួចឆក់យកទ្រព្យា
៦- សូមឱ្យសត្រូវខ្មាំងដេញទាន់ និងឱ្យគេជាន់ឈ្លីប្រហារ  
  ព្រមទាំងកិត្តិយសខ្ញុំនេះណា ទម្លាក់អាត្មាក្នុងភក់ចុះ
៧- ឱព្រះអម្ចាស់សូមតើនឡើង ពិរោធឱ្យប៉ើងតបចំពោះ  
  អំពើឃោរឃៅសត្រូវនោះ ដ្បិតអង្គសប្បុរសតែងតាំងច្បាប់
៨- សូមឱ្យប្រជាជាតិនានា ចោមរោមនាំគ្នាមកត្រងត្រាប់  
  ជុំវិញព្រះអង្គល្អគួរគាប់ លើអស់មនុស្សសព្វសត្វនានា
៩- ព្រះអង្គជាចៅក្រមវិនិច្ឆ័យ ប្រជាប្រុសស្រីគ្រប់អង្គា  
  ព្រះអម្ចាស់អើយសូមមេត្តា ទូលបង្គំនេះណាអ្នកស្លូតត្រង់
១០- សូមឈប់ធ្វើអំពើទុច្ចរិត ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង  
  បពិត្រព្រះដ៏សុចរិតថ្កើង សូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

(ខ)

១១ ព្រះជាម្ចាស់ជាខែលការពារខ្ញុំ
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
១២
ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត
ព្រះអង្គតែងតែដាក់ទោស អ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
១៣
មនុស្សអាក្រក់មិនដូរគំនិតទេ
គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
១៤
គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ
ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥
អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
១៦
អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
១៧
អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ចូរទៅប្រកាសដំណឹងល្អអំពី​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៥,១៩ខ-២០)

ព្រះអង្គ​ក៏​ដាក់​ព្រះបន្ទូល​នៃ​ការ​សម្រុះសម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់‌តឿន​បង‌ប្អូនតាមរយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះនាម​ព្រះ‌គ្រីស្ត​ថា ទុក​ឱ្យ​ព្រះ‌ជាម្ចាស់​សម្រុះសម្រួល​បងប្អូនឱ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ​ទៅ។

បន្ទរ៖ «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល អាលេលូយ៉ា!
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក» អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ «ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភពលោក» (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,១២ក.១៤)

គ្រីស្ដទូត​បាន​នាំ​គ្នា​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជាជន។ បណ្ដាជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត អាលេលូយ៉ា!
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

បន្ទរ៖ «អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ» (អាលេលូយ៉ា!)។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ៥,៤១-៤២)

ក្រុម​គ្រីស្ដទូត​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឱ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។ ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជាជន និង​ផ្សព្វ‌ផ្សាយ​ដំណឹងល្អអំពី​ព្រះ‌យេស៊ូ‌គ្រីស្ដនៅ​ក្នុង​ព្រះ‌វិហារ និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។

បន្ទរ៖ ចូរ​អរ​សប្បាយ​រីករាយ​ឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ អាលេលូយ៉ា!
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់ដ៏មានធម៌មេត្តាករុណាយ៉ាងក្រៃលែង ! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសសន្តម៉ាថាយ ជាអ្នកទារពន្ធម្នាក់ឱ្យទៅជាគ្រីស្តទូត។ ដោយពឹងលើគំរូ និងពាក្យទូលអង្វររបស់លោក យើងខ្ញុំសូមអង្វរព្រះអង្គមេត្តាការពារយើងខ្ញុំឱ្យជាប់ចិត្តដើរតាមព្រះអង្គជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!