១៨ សីហា ២០២៦

Written on 04/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២០ ថ្ងៃអង្គារ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៣៧-១៤៤

ធម្មវិន័យរបស់ព្រះអង្គជាសេចក្តីសុចរិត

បន្ទរទី១ ៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដីនេះ ហើយ​ប្រតិ‌បត្តិតាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គលមិន​ខាន។

១៣៧ បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាសុចរិតមែន សេចក្តីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវ!
១៣៨
ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។
១៣៩
ទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
១៤០
ព្រះបន្ទូលសន្យារបស់ព្រះអង្គជាក់ស្តែងហើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះខ្លាំងណាស់។
១៤១
ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង
ប៉ុន្តែ ទូលបង្គំមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ។
១៤២
សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយធម្មវិន័យរបស់ព្រះអង្គជាសេចក្តីពិត។
១៤៣
ទូលបង្គំកើតទុក្ខអន្ទះអន្ទែងតប់ប្រមល់ជាខ្លាំង
តែវិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានអំណរ។
១៤៤
ដំបូន្មានរបស់ព្រះអង្គសុចរិតអស់កល្បជានិច្ច
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា ដើម្បីឱ្យទូលបង្គំមានជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដីនេះ ហើយ​ប្រតិ‌បត្តិតាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គលមិន​ខាន។

ទំនុកតម្កើងលេខ ៨៨

ពាក្យអធិដ្ឋានរបស់មនុស្សដែលមានជំងឺធ្ងន់ធ្ងរ

“ឥឡូវនេះ ជាពេលរបស់អស់លោកហើយ
គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចោញអំណាច” (លក ២២,៥៣)។

(ក)

បន្ទរទី២ ៖ បពិត្រព្រះអម្ចាស់ ! សូម​ឱ្យពាក្យ​អធិដ្ឋាន​របស់ទូល‌បង្គំ បាន​ឡើង​ទៅ​ដល់​ព្រះ‌អង្គ ! ។

(បទព្រហ្មគីតិ)

២- បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្គ្រោះខ្ញុំ  
  ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា
៣- សូមឱ្យពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា  
  សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក
៤- ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក  
  ខ្លោចផ្សារជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត
៥- គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត  
  ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់
៦- ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់  
  បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា
៧- ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា  
  ឱ្យរងទុក្ខវេទនា សែនរងាក្នុងរណ្តៅ
៨- ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ  
  ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ
៩- ព្រះអង្គឱ្យអស់អ្នក ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ  
  ឆ្ងាយពីទូលបង្គំ ទាំងស្អប់ខ្ពើមថែមទៀតផង
១០- ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង  
  ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ ៖ បពិត្រព្រះអម្ចាស់ ! សូម​ឱ្យពាក្យ​អធិដ្ឋាន​របស់ទូល‌បង្គំ បាន​ឡើង​ទៅ​ដល់​ព្រះ‌អង្គ ! ។

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកហៅព្រះអង្គ សូមកុំលាក់​ព្រះភក្ត្រ​ឡើយ ! ។

(ខ)

១១ តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ?
តើមនុស្សដែលស្លាប់ទៅហើយ
អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
១២
តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
១៣
តើអ្នកដែលនៅក្នុងស្ថានងងឹត
អាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឬ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន?
១៤
ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ
ទូលបង្គំចូលមកអង្វរចំពោះព្រះភក្រ្តព្រះអង្គតាំងពីព្រឹក។
១៥
ឱព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្រ្តពីទូលបង្គំ?
១៦
ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្ល៉េះ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
១៧
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គសង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
១៨
ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរ ដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩
ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
មានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! ទូលបង្គំស្រែកហៅព្រះអង្គ សូមកុំលាក់​ព្រះភក្ត្រ​ឡើយ ! ។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១យហ ៣,១៧-១៨)

ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត‌អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឱ្យ​សេចក្ដីស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!។ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដីប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដីពិតវិញ។

បន្ទរ៖ អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ។
—គេ​នឹង​រំឭក​កេរ្តិ៍​ឈ្មោះ​គាត់​រហូត​ត​ទៅ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត ហេតុនេះ សូមព្រះអង្គចាត់ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់នេះ ឱ្យយាងមកសណ្ឋិតលើយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំធ្វើជាសាក្សីអំពីព្រះអង្គនៅចំពោះមុខអ្នកដទៃផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៣០,១១.១៤)

បទបញ្ជាដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ មិនមែនហួសកម្លាំងរបស់អ្នក ហើយក៏មិននៅឆ្ងាយដែរ។ ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឱ្យអ្នកប្រតិបត្តិតាម។

បន្ទរ៖ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​ចង្កៀង​បំភ្លឺជំហានទូល‌បង្គំ
—និង​ជា​ពន្លឺបំភ្លឺផ្លូវ​របស់​ទូល‌បង្គំ។

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា ! ព្រះអង្គបានបង្ហាញឱ្យលោកសិលាស្គាល់ពីព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យទទួលការសង្គ្រោះ។ សូមឱ្យរាល់កិច្ចការដែលយើងខ្ញុំធ្វើ បានលើកតម្កើងព្រះអង្គ និងនាំយកគម្រោងការនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដល់មនុស្សទាំងអស់ផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលរសៀល (ម៉ោង ៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,១០-១១)

ទឹក​ភ្លៀង និង​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មកស្រោច‌ស្រព​ផែន‌ដី។ ទឹក​ទាំង​នេះ​មិន​វិល​ត្រឡប់​ទៅ​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​ធ្វើ​ឱ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ‌ផល ផ្តល់​ពូជ​សម្រាប់​អ្នក​សាប‌ព្រោះ និង​ផ្តល់​អាហារ​ឱ្យ​គេ​បរិភោគ។ រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើងនឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេចតាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ច‌ការ​ដែល​យើង​ចាត់​ឱ្យ​មក​ធ្វើរួច​រាល់​សព្វ​គ្រប់។

បន្ទរ៖ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែន‌ដី
—ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្សព្វ‌ផ្សាយទៅ​យ៉ាង​រហ័ស។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា! ព្រះអង្គបានចាត់ទេវទូតឱ្យទៅជួបលោកគ័រនេល្យូស ដើម្បីបង្ហាញផ្លូវទៅកាន់ការសង្រ្គោះ។ សូមព្រះអង្គជួយយើងខ្ញុំឱ្យប្រព្រឹត្តកិច្ចការមនុស្សធម៌ ដើម្បីសង្គ្រោះដល់ពិភពលោក ដូច្នេះ ព្រះសហគមន៍អាចនាំយើងខ្ញុំ និងមនុស្សទាំងអស់ចូលទៅចំពោះព្រះភក្រ្តព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !