១០ មិថុនា ២០២៦

Written on 20/02/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១០ ថ្ងៃពុធ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,៥៧-៦៤

ទូល‌បង្គំឥតភ្លេចវិន័យរបស់ព្រះ‌អង្គទេ

បន្ទរទី១៖ ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។

៥៧ បពិត្រព្រះអម្ចាស់! ទូលបង្គំសូមទូលព្រះអង្គថា
ការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ ជាចំណែកមត៌ករបស់ទូលបង្គំ។
៥៨
ទូលបង្គំខិតខំអស់ពីចិត្ត ឱ្យគាប់ព្រះហឫទ័យព្រះអង្គ
សូមប្រណីសន្តោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង !
៥៩
ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ
ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
៦០
ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ
ឥតធ្វេសប្រហែសសោះឡើយ។
៦១
មនុស្សអាក្រក់បានធ្វើឱ្យទូលបង្គំជាប់អន្ទាក់របស់គេ
តែទូលបង្គំឥតភ្លេចវិន័យរបស់ព្រះអង្គទេ។
៦២
នៅពាក់កណ្តាលអធ្រាត្រ ទូលបង្គំក្រោកឡើង
ដើម្បីលើកតម្កើងព្រះអង្គ ព្រោះតែការសម្រេចដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
៦៣
ទូលបង្គំរួមចិត្តគំនិតជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
គឺអ្នកដែលប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។
៦៤
បពិត្រព្រះអម្ចាស់!
ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
សូម​បង្រៀន​ឱ្យ​ទូល‌បង្គំ​ស្គាល់​វិន័យរបស់​ព្រះ‌អង្គ !

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទូលបង្គំរិះគិតអំពីកិរិយាមាយាទរបស់ទូលបង្គំ ទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។

ទំនុកតម្កើងលេខ ៥៥,២-១៥.១៧-២៤

ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត

ព្រះយេស៊ូចាប់ផ្តើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ (មក ១៤,៣៣)។

បន្ទរទី២ ៖ សូម​ព្រះ‌អង្គ​ទ្រង់ព្រះមេត្តា​សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តបមក​ទូល‌បង្គំ​វិញ​ផង ទូល‌បង្គំខ្វល់ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង។

(ក)

(បទពាក្យ ៧)

ឱព្រះជាម្ចាស់អើយសូមមេត្តា សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ  
  ដែលខំអង្វរទទូចសុំ សូមទ្រង់សណ្តាប់កុំគេចចេញ
ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ សូមកុំកន្តើយតបមកវិញ  
  ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ ទុក្ខព្រួយពោរពេញក្នុងអាត្មា
ពេលឮសម្រែកខ្មាំងសត្រូវ មនុស្សពាលកំឡៅចិត្តឫស្យា  
  ឱ្យរូបខ្ញុំរងទុក្ខវេទនា ហើយតាមប្រហារដោយកំហឹង
ទូលបង្គំតក់ស្លុតពន់ពេកក្រៃ ញាប់ញ័រភិតភ័យអស់ព្រលឹង  
  ស្រយង់ស្រយុតនៅមិននឹង ដូចគ្មានព្រលឹងខ្លាចមរណា
ទូលបង្គំរន្ធត់ពន់ពេកក្រៃ ដូចជាមានអ្វីផ្តាច់សង្ខារ  
  ព្រឺព្រួចក្នុងចិត្តឥតឧបមា ដូចមនុស្សជរាឈឺដុនដាប
ទូលបង្គំតែងនឹកគិតថា បើខ្ញុំនេះណាប្រែមានស្លាប  
  ខ្ញុំនឹងហោះហើររៀងដរាប រកទីសម្រាប់ជ្រកលាក់ខ្លួន
ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយ ទៅឯទីនាយសំងំពួន  
  ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យ ក្នុងរហោស្ថានស្មសានស្ងាត់
ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយ មិននៅរៀងអាយទៅឱ្យបាត់  
  បើទៅឱ្យឆាប់ល្អពេកក្តាត់ ជៀសឱ្យរួចផុតព្យុះសង្ឃរា
១០ ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ សូមជួយកុំឱ្យពួកបច្ចា  
  និយាយស្តាប់បានគ្រប់អាត្មា ព្រោះតែពួកវាចិត្តអប្រីយ៍
១១ ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ ទាស់ទែងឥតល្ហែមិនដឹងអី  
  អំពើពាលាកាប់ប្រល័យ សាហាវពេកក្រៃទាំងក្រៅក្នុង
១២ ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម រាល់ថ្ងៃខែឆ្នាំមិនរំលង  
  នៅតាមទីផ្សារតាមភូមិផង ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា
១៣ ពួកអ្នកដែលតែងជេរតិះដៀល មិនមែនពួកពាលចិត្តឫស្យា  
  បើវាជាពួកធ្លាប់ផ្តន្ទា នោះខ្ញុំពាំងវាជាមិនខាន
១៤ គឺឯងធ្លាប់នៅជាមួយខ្ញុំ ធ្លាប់នៅជួបជុំសែនសុខសាន្ត  
  ជាអ្នកជិតស្និទ្ធឥតរំខាន ជាមិត្តកល្យាណធ្លាប់ស្ម័គ្រស្មោះ
១៥ យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា គ្រប់ពេលវេលាមិនទំនាស់  
  ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ វិសុទ្ធពេកណាស់ក្នុងដំណាក់
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ សូម​ព្រះ‌អង្គ​ទ្រង់ព្រះមេត្តា​សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តបមក​ទូល‌បង្គំ​វិញ​ផង ទូល‌បង្គំខ្វល់ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង។

បន្ទរទី៣ ៖ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។

(ខ)

១៧ រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។
១៨
ខ្ញុំតប់ប្រមល់ ស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំហើយ។
១៩
ទោះបីមានខ្មាំងសត្រូវលើកគ្នាសន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្តី
ក៏ព្រះអង្គរំដោះខ្ញុំឱ្យបានរួចជីវិតដែរ។
២០
ព្រះជាម្ចាស់គ្រងរាជ្យតាំងពីដើមរៀងមក
សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំ ហើយបំបាក់មុខពួកគេទៅ!
អ្នកទាំងនោះមិនដូរគំនិតទេ ពួកគេក៏មិនគោរពកោតខ្លាចព្រះជាម្ចាស់ដែរ។
២១
អ្នកនោះតែងតែវាយប្រហារមិត្តសម្លាញ់
ហើយបំពានលើពាក្យសន្យារបស់ខ្លួនទៀតផង។
២២
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
២៣
ចូរផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងជួយគាំទ្រអ្នកជាមិនខាន
ព្រះអង្គមិនដែលទុកឱ្យមនុស្សសុចរិតត្រូវបរាជ័យឡើយ។
២៤
ឱព្រះជាម្ចាស់អើយ! សូមធ្វើឱ្យពួកគេធ្លាក់រណ្តៅទៅ!
ពួកគេសុទ្ធតែជាឃាតករ និងជនបោកប្រាស់
សូមកុំឱ្យពួកគេអាចរស់បានពាក់កណ្តាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ព្រះអម្ចាស់មុខជានឹងសង្គ្រោះខ្ញុំមិនខាន។


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ១,១៦-១៧ក)

នៅ​គ្រា​នោះ ខ្ញុំ​បាន​បញ្ជា​ដល់​ពួក​ចៅ‌ក្រម​របស់​អ្នក​រាល់​គ្នា​ថា “ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា នៅ​ពេល​ពួក​គេ​មាន​រឿងរ៉ាវ​ជា​មួយ​ជន​រួម​ជាតិ​របស់​ខ្លួន ឬ​ជា​មួយ​ជន​បរទេស ត្រូវ​កាត់​ក្តី​ឱ្យ​ពួក​គេ​ម្នាក់ៗ​ដោយ​យុត្តិធម៌។ ក្នុង​ការ​កាត់​ក្តីកុំ​រើស​មុខ​នរណា​ឡើយ គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្នក​តូច​ក៏​ដូច​អ្នក​ធំ​ដែរ កុំ​ខ្លាច​នរណា​ឱ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ​ស្ថិត​នៅ​លើ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ដ្បិត​ព្រះ‌អម្ចាស់​សុចរិត ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ច‌ការ​ណាដែល​សុចរិត។
-មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់មុខ​ជា​បាន​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ‌អង្គ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គជាសេចក្តីពិត ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធតាមព្រះបន្ទូលសន្យា ដើម្បីនាំសេចក្តីស្រឡាញ់ទៅដល់អស់​អ្នក​បាបដែលបានឃ្លាតឆ្ងាយពីព្រះអង្គ ឱ្យមករួមគ្នាជាធ្លុងតែមួយវិញ។ សូមព្រះអង្គប្រទានកម្លាំងដល់យើងខ្ញុំ ដើម្បីរួមគ្នាកសាងសន្តិភាពក្នុងពិភពលោកផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៥,៨-៩)

ព្រះអម្ចាស់មានព្រះបន្ទូលថាៈ គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើង ក៏ខុសប្លែកពីគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភពទាំង​មូល​អើយ គ្មាន​នរណា​មានឫទ្ធានុភាពដូច​ព្រះ‌អង្គ​ឡើយ!។
-ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ក៏​កោត​ស្ញប់‌ស្ញែង​ព្រះ‌អង្គដែរ។

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! នៅពេលថ្ងៃត្រង់នេះ ជាពេលវេលាដែលព្រះអង្គប្រទានឱ្យយើងខ្ញុំ បានឈប់​សម្រាក។ សូមព្រះអង្គប្រទានពរដល់កិច្ចការដែលយើងខ្ញុំធ្វើ ឱ្យបង្កើតបានផលផ្លែល្អ ហើយឱ្យយើងខ្ញុំបញ្ចប់កិច្ចការទាំងនេះ ដោយគាប់ព្រះហឫទ័យព្រះអង្គផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្ត ជាអម្ចាស់យើងខ្ញុំ។ អាម៉ែន!


ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សម ១៦,៧ខ)

ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ពិនិត្យ​មើល​ទូល‌បង្គំ ដើម្បី​ឱ្យ​ស្គាល់​ចិត្តទូល‌បង្គំ។
-សូម​ដឹក​នាំ​ទូលបង្គំឱ្យ​ដើរ​ក្នុង​មាគ៌ា ដែល​នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច​ផង។

ពាក្យអធិដ្ឋាន

បពិត្រព្រះយេស៊ូគ្រីស្តជាអម្ចាស់ ! ដើម្បីសង្រ្គោះមនុស្សទាំងអស់ ព្រះអង្គបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាង។ សូមឱ្យកិច្ចការដែលយើងខ្ញុំប្រព្រឹត្តបានគាប់ព្រះហឫទ័យព្រះអង្គ និងបានប្រកាសពីការសង្រ្គោះរបស់ព្រះអង្គទៅដល់ពិភពលោកផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!


-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!