រដូវបុណ្យចម្លង សប្តាហ៍ទី៧ ថ្ងៃសុក្រ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ២២
ព្រះជាម្ចាស់សណ្តាប់ឮទុក្ខលំបាករបស់ជនដ៏វិសុទ្ធ
ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ
ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» (មថ ២៧,៤៦)។
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
(ក)
| ២ | ឱព្រះនៃទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ? ទូលបង្គំស្រែកអង្វរ តែពុំឃើញព្រះអង្គសង្គ្រោះទូលបង្គំសោះ។ |
| ៣ | ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ |
| ៤ | ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្ក ជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។ |
| ៥ | បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គ អស់លោកផ្ញើជីវិតលើព្រះអង្គជានិច្ច ព្រះអង្គក៏បានរំដោះអស់លោក។ |
| ៦ | លោកស្រែកអង្វររកព្រះអង្គ លោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តឡើយ។ |
| ៧ | រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ |
| ៨ | អស់អ្នកដែលឃើញទូលបង្គំ ចំអកឱ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។ |
| ៩ | គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឱ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឱ្យព្រះអង្គសង្គ្រោះគាត់ទៅ!” ។ |
| ១០ | ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រោសឱ្យទូលបង្គំចេញពីផ្ទៃម្តាយមក ព្រះអង្គក៏បានផ្ញើទូលបង្គំទៅឱ្យអ្នកម្តាយបំបៅ។ |
| ១១ | កាលពីទូលបង្គំកើតមក ព្រះអង្គបានទទួលទូលបង្គំធ្វើជាកូន ព្រះអង្គជាព្រះរបស់ទូលបង្គំ តាំងពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
(ខ)
(បទកាកគតិ)
| ១២- | ពេលខ្ញុំជួបភ័យ | អាសន្នខ្លាំងក្រៃ | គ្មានអ្នកដឹងឮ |
| មិនមានអ្នកជួយ | ផុតភ័យព្រួយព្រឺ | សូមទ្រង់ដឹងឮ | |
| កុំទៅឆ្ងាយខ្ញុំ | ។ | ||
| ១៣- | សត្រូវច្រើននាក់ | ចោមរោមពួនស្ទាក់ | រួមរឹតជិតជុំ |
| ប្រៀបបានគោបា | ឡោមព័ទ្ធរូបខ្ញុំ | ដូចគោមកចោម | |
| ពីស្រុកបាសាន | ។ | ||
| ពួកគេប្រឹងបើក | មាត់គេកម្រើក | ប្រឆាំងឥតស្រាន្ត | |
| នឹងទូលបង្គំ | ដូចសិង្ហសាមាន្យ | បម្រុងហែកប្រាណ | |
| ស៊ីជាអាហារ | ។ | ||
| ១៥- | កម្លាំងខ្ញុំខ្សោយ | មិនត្រឡប់ឡើយ | ដូចខ្សែជលសា |
| ដែលហូរធ្លាក់ទៅ | មិនវិលឡើយណា | ឆ្អឹងសាច់ផងរ៉ា | |
| រលេះបាត់អស់ | ។ | ||
| ទឹកចិត្តក្លាហាន | ដែលខ្ញុំធ្លាប់មាន | បែរជាហេវខ្សោះ | |
| បីដូចក្រមួន | រលាយរលោះ | ឥតមានសល់សោះ | |
| ព្រោះកម្តៅថ្ងៃ | ។ | ||
| ១៦- | បំពង់កស្ងួត | ដូចដីប្រេះហួត | ស្គមស្គាំងរីងរៃ |
| អណ្តាតខ្ញុំស្អិត | ដិតជាប់ពេកក្រៃ | ទ្រង់ឱ្យខ្ញុំក្ស័យ | |
| ចូលទៅក្នុងដី | ។ | ||
| ១៧- | ពួកឆ្កែព័ទ្ធខ្ញុំ | មានជនមួយក្រុម | វាមកញាំញី |
| ជាជនទុរយស | ក្រវែលគ្រប់ទី | ទម្លុះជីវី | |
| ជើងដៃខ្លួនប្រ្រាណ | ។ | ||
| ១៨- | រូបខ្ញុំអាចរាប់ | ឆ្អឹងជំនីរគ្រប់ | មានទាំងប៉ុន្មាន |
| សត្រូវទុយ៌ស | ចិត្តដូចតិរច្ឆាន | សម្លក់រំខាន | |
| សម្លឹងមកខ្ញុំ | ។ | ||
| ១៩- | ពួកគេដោះយក | ខោអាវខ្ញុំមក | ចែកចាយគ្នាជុំ |
| នាំគ្នាចាប់ឆ្នោត | យកខោអាវខ្ញុំ | ធ្វើដោយមិនសម | |
| ជាល្បែងសប្បាយ | ។ | ||
| ២០- | ឱព្រះម្ចាស់អើយ | កុំនៅកន្តើយ | ឱ្យខ្ញុំឃ្លាតឆ្ងាយ |
| ទ្រង់ជាកម្លាំង | គាំទ្ររាងកាយ | សូមយាងមកអាយ | |
| សង្គ្រោះប្រញាប់ | ។ | ||
| ២១- | សូមដោះលែងខ្ញុំ | ឱ្យផុតទុក្ខធំ | បានលឿនឆាប់ៗ |
| ផុតពីមុខដាវ | ដែលគេចាក់កាប់ | សូមជួយប្រញាប់ | |
| ពីចង្កូមឆ្កែ | ។ | ||
| ២២- | សូមសង្គ្រោះខ្ញុំ | ឱ្យផុតទុក្ខធំ | ពីមាត់សឹង្ហដែរ |
| ឱ្យផុតពីស្នែង | សូមជួយបំបែរ | ឆ្លើយតបកុំល្ហែ | |
| មកទូលបង្គំ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
(គ)
| ២៣ | ទូលបង្គំនឹងថ្លែងអំពីព្រះនាមរបស់ព្រះអង្គ ឱ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងលើតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំ។ |
| ២៤ | អ្នករាល់គ្នាដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរសរសើរតម្កើងព្រះអង្គ! អ្នកទាំងអស់ដែលជាពូជពង្សលោកយ៉ាកុបអើយ! ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! |
| ២៥ | ព្រះអង្គមិនបោះបង់ចោល ឬធ្វើព្រងើយកន្តើយនឹងមនុស្សទុគ៌ត មានទុក្ខវេទនាទេ ព្រះអង្គមិនលាក់ព្រះភក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្តាប់គេ។ |
| ២៦ | ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ ទូលបង្គំលើកតម្កើងព្រះអង្គនៅក្នុងអង្គប្រជុំដ៏ធំ ទូលបង្គំនឹងលាបំណន់នៅមុខអស់អ្នកគោរពកោតខ្លាចព្រះអង្គ។ |
| ២៧ | មនុស្សទន់ទាបបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឱ្យអ្នករាល់គ្នាអាយុយឺនយូរ និងបានសេចក្តីសុខសាន្ត! |
| ២៨ | មនុស្សទាំងប៉ុន្មានដែលនៅលើផែនដីទាំងមូល នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាវិលមករកព្រះអង្គវិញ ប្រជាជាតិទាំងឡាយនឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ |
| ២៩ | ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គគ្រប់គ្រងលើប្រជាជាតិនានា។ |
| ៣០ | ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ អស់មនុស្សលោកដែលរមែងតែងស្លាប់ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែរ។ |
| ៣១ | មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើព្រះអម្ចាស់ ហើយគេនឹងថ្លែងអំពីព្រះអង្គប្រាប់កូនចៅ។ |
| ៣២ | គេប្រកាសប្រាប់ប្រជាជនដែលនឹងកើតមកតាមក្រោយ អំពីសេចក្តីសុចរិតរបស់ព្រះអង្គ គឺព្រះអម្ចាស់បានរំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!
ពេលព្រឹក (ម៉ោង៩)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ២,៣២.៣៦)
ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឱ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ហេតុនេះ សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្ដហើយ»។
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!
ពេលថ្ងៃត្រង់ (ម៉ោង១២)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៣,២៧-២៨)
បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីឱ្យបានរួមជាមួយព្រះគ្រីស្ត បងប្អូនក៏មានព្រះគ្រីស្តនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រីស្តយេស៊ូ។
—ដោយបានឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!
ពេលរសៀល (ម៉ោង៣)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៥,៧-៨)
សូមបងប្អូនជម្រះខ្លួនឱ្យបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រីស្តធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លងរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
—ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតា ! យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្ត ដែលបានចាត់ព្រះវិញ្ញាណព្រះអង្គឱ្យមកយើង ហើយព្រះអង្គបានបើកផ្លូវឱ្យយើងខ្ញុំចូលទៅកាន់ជីវិតអស់កល្បជានិច្ច។ សូមឱ្យការចែករំលែកព្រះអំណោយទានទាំងនេះ បង្កើនសេចក្តីស្រឡាញ់របស់យើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែរឹងមាំឡើង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !

