០១ ឧសភា ២០២៦

Written on 28/01/2026
Mary Siya Khim

រដូវបុណ្យចម្លង សប្តាហ៍ទី៤ ថ្ងៃសុក្រ

(ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៩,១៦១-១៦៨

អ្នកស្រឡាញ់ធម្មវិន័យបានសេចក្តីសុខសាន្ត

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!

១៦១ ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយគ្មានមូលហេតុ
មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឱ្យទូលបង្គំភ័យខ្លាច។
១៦២
ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ
ដូចអ្នកទទួលជយភណ្ឌដ៏មានតម្លៃលើសលប់ដូច្នោះដែរ។
១៦៣
ទូលបង្គំស្អប់ខ្ពើមការកុហក
ទូលបង្គំស្រឡាញ់តែធម្មវិន័យរបស់ព្រះអង្គប៉ុណ្ណោះ។
១៦៤
ទូលបង្គំសរសើរតម្កើងព្រះអង្គមួយថ្ងៃប្រាំពីរដង
ព្រោះតែការសម្រេចដ៏សុចរិតរបស់ព្រះអង្គ។
១៦៥
អស់អ្នកដែលស្រឡាញ់ធម្មវិន័យរបស់ព្រះអង្គបានសុខសាន្តលើសលប់
គ្មានអ្វីអាចធ្វើឱ្យគេជំពប់ដួលបានឡើយ។
១៦៦
បពិត្រព្រះអម្ចាស់! ទូលបង្គំរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំ
ទូលបង្គំប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។
១៦៧
ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់ដំបូន្មាននេះពិតមែន។
១៦៨
ទូលបង្គំប្រព្រឹត្តតាមច្បាប់ និងតាមដំបូន្មានរបស់ព្រះអង្គ
អ្វីៗដែលទូលបង្គំបានធ្វើ ព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ១៣៣

អំណរសប្បាយ ពេល​បង‌ប្អូន​នៅ​រស់​ជុំ​គ្នា

យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជាម្ចាស់… (១យហ ៤,៧)។

(បទពាក្យ ៧)

១- បងប្អូនទាំងអស់ចេះរួមរស់ ចេះស្រួលចេះស្រុះរស់នឹងគ្នា  
  គឺល្អប្រពៃឥតគណនា សប្បាយអស្ចារ្យត្រេកត្រអាល
២- គឺប្រៀបបីដូចជាទឹកអប់ ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល  
  មកពុកចង្កាហើយរាលដាល ចុះមកដោយអាវលោកអរ៉ុន
៣- ប្រៀបបីដូចជាធ្លាក់សន្សើម ពីហ៊ែម៉ូនភ្នំនិងស៊ីយ៉ូន  
  ជាកន្លែងព្រះម្ចាស់ប្រទាន ជីវិតឱ្យមានអស់កល្បកប្ប
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

ទំនុកតម្កើងលេខ ១៤០,២-៩.១៣-១៤

ព្រះអង្គជាជម្រករបស់ទូលបង្គំ

“ឥឡូវនេះ ជិតដល់ពេលកំណត់ ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាបហើយ” (មថ ២៦,៤៥)។

ឱព្រះអម្ចាស់អើយ! សូមរំដោះទូលបង្គំឱ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ។

អ្នកទាំងនោះ គិតតែពីប្រព្រឹត្តអំពើអាក្រក់
ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!

អណ្តាតរបស់គេប្រៀបបាននឹងដាវដ៏មុត
មាត់របស់គេពោរពេញទៅដោយពិសពុល ដូចពស់វែក។

ឱព្រះអម្ចាស់អើយ!
សូមការពារទូលបង្គំ កុំឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សអាក្រក់!
សូមការពារទូលបង្គំឱ្យរួចផុតពីមនុស្សឃោរឃៅ ដែលឃុបឃិតគ្នាចង់ផ្តួលរំលំទូលបង្គំ!

មនុស្សអួតបំប៉ោងនាំគ្នាបង្កប់ចំរូង និងដាក់ខ្សែចាំទាក់ទូលបង្គំ
ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្តៅចាំចាប់ទូលបង្គំ។

ខ្ញុំទូលព្រះអម្ចាស់ថា ៖ “ព្រះអង្គជាព្រះនៃទូលបង្គំ!”
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះការណ៍ស្តាប់ទូលបង្គំទទូចអង្វរ!

បពិត្រព្រះអម្ចាស់! ព្រះអង្គសង្គ្រោះដោយព្រះចេស្តារបស់ព្រះអង្គ
នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។

ឱព្រះអម្ចាស់អើយ!
សូមកុំឱ្យសេចក្តីប៉ងប្រាថ្នារបស់មនុស្សអាក្រក់បានសម្រេចឡើយ
ហើយក៏កុំបណ្តោយឱ្យផែនការរបស់គេបានជោគជ័យដែរ។
១៣
ខ្ញុំដឹងថា ព្រះអម្ចាស់រកយុត្តិធម៌ឱ្យមនុស្សកំសត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។
១៤
ពិតមែនហើយ! មនុស្សសុចរិតនឹងនាំគ្នាលើកតម្កើងព្រះនាមរបស់ព្រះអង្គ
មនុស្សសុចរិតនឹងរស់នៅមុខព្រះភក្ត្រព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា!


ពេលព្រឹក (ម៉ោង៩)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ២,៣២.៣៦)

ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឱ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ហេតុ​នេះ សូម​ឱ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូនេះ ដែល​បង‌ប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ដហើយ»។

បន្ទរ៖ ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ អាលេលូយ៉ា!
—ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកស៊ីម៉ូនឃើញ អាលេលូយ៉ា!

ពេលថ្ងៃត្រង់ (ម៉ោង១២)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៣,២៧-២៨)

បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ឱ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ព្រះ‌គ្រីស្ត​នៅ​ជាប់​ជា​មួយ​ដែរ។ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បង‌ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ។

បន្ទរ៖ ពួកសាវ័កសប្បាយចិត្តជាខ្លាំង អាលេលូយ៉ា!
—ដោយ​បាន​ឃើញព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា!

ពេលរសៀល (ម៉ោង៣)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ៥,៧-៨)

សូម​បង‌ប្អូន​ជម្រះ​ខ្លួន​ឱ្យ​បរិសុទ្ធផុត​ពី​មេ​ម្សៅ​ចាស់​នោះ​ទៅ ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ទៅ​ជា​ម្សៅ​ថ្មី ដែល​គ្មាន​មេ ដ្បិត​គេ​បាន​សម្លាប់​ព្រះ‌គ្រីស្ត​ធ្វើជា​យញ្ញ‌បូជា​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចម្លងរួច​ស្រេច​ទៅ​ហើយ។ ហេតុ​នេះ យើង​ត្រូវ​ធ្វើពិធី​បុណ្យ​ចម្លង ដោយ​មិន​ប្រើ​នំបុ័ង​ដែល​មាន​មេ​ម្សៅ​ចាស់ ឬ​មេ​នៃ​អំពើ​អាក្រក់ និង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ‌ត្រង់​របស់​យើង។

បន្ទរ៖ សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ អាលេលូយ៉ា!
—ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង អាលេលូយ៉ា!

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសឱ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ តាមព្រះបន្ទូលសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឱ្យយល់ពីគម្រោងការដ៏អស្ចារ្យនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!