ថ្ងៃសៅរ៍ សប្តាហ៍បុណ្យចម្លង
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,៣៣-៤០
សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
| ៣៣ | ឱព្រះអម្ចាស់អើយ ! សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ ដើម្បីឱ្យទូលបង្គំកាន់តាមគ្រប់ពេលវេលា!។ |
| ៣៤ | សូមប្រទានឱ្យទូលបង្គំមានប្រាជ្ញា ទូលបង្គំនឹងកាន់តាមធម្មវិន័យរបស់ព្រះអង្គ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត! ។ |
| ៣៥ | សូមនាំទូលបង្គំតាមមាគ៌ានៃវិន័យរបស់ព្រះអង្គ ដ្បិតទូលបង្គំពេញចិត្តនឹងវិន័យទាំងនេះណាស់។ |
| ៣៦ | សូមទាក់ទាញចិត្តទូលបង្គំ ឱ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ មិនមែនឱ្យរកកំរៃឡើយ ! |
| ៣៧ | សូមទាញអារម្មណ៍ទូលបង្គំ ឱ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ សូមឱ្យទូលបង្គំមានជីវិតដោយសារមាគ៌ារបស់ព្រះអង្គ! |
| ៣៨ | សូមសម្រេចចំពោះទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកគោរពកោតខ្លាចព្រះអង្គ។ |
| ៣៩ | សូមកុំឱ្យមាននរណាជេរប្រមាថទូលបង្គំ ជាការដែលទូលបង្គំខ្លាចរអែងណាស់ ដ្បិតការសម្រេចរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។ |
| ៤០ | ទូលបង្គំប្រាថ្នាចង់ធ្វើតាមច្បាប់របស់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ដោយសេចក្តីសុចរិតរបស់ព្រះអង្គ ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៩៦
ព្រះអម្ចាស់ជាព្រះមហាក្សត្រ និងជាអ្នកវិនិច្ឆ័យទោសពិភពលោក
អ្នកទាំងនោះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន (វវ ១៤,៣)។
(ក)
(បទព្រហ្មគីតិ)
| ១- | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
| មនុស្សលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
| ២- | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
| ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ | |
| ៣- | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
| នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ | |
| ៤- | ដ្បិតព្រះម្ចាស់ឧត្តម | យើងត្រូវខំសរសើរថា | |
| អស់ពីដួងចិន្តា | ព្រះក្សត្រាប្រសើរខ្ពស់ | ។ | |
| ៥- | ព្រះនៃសាសន៍ផ្សេងណា | មិនបានការអ្វីទាំងអស់ | |
| រីឯព្រះអម្ចាស់ | ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ | ។ | |
| ៦- | មានពន្លឺរស្មី | ចែងចាំងក្រៃល្អពន់ពេក | |
| ដំណាក់គន់គាប់ភ្នែក | បារមីប្លែកថ្កើងត្រចង់ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ៧ | ប្រជាជាតិទាំងឡាយអើយ! ចូរនាំគ្នាលើកតម្កើងសីរីរុងរឿងព្រះអម្ចាស់ ! ចូរថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ!។ |
| ៨ | ចូរលើកតម្កើងសីរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់ ចូរនាំគ្នាយកតង្វាយចូលមកក្នុងព្រះវិហាររបស់ព្រះអង្គ ! |
| ៩ | ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ ! មនុស្សនៅលើផែនដីទាំងមូលអើយ! ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ ! |
| ១០ | ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ ពិភពលោកនៅតែរឹងមាំឥតរង្គើឡើយ។ ព្រះអម្ចាស់គ្រប់គ្រងលើប្រជារាស្ត្រនានាដោយយុត្តិធម៌។ |
| ១១ | ចូរឱ្យផ្ទៃមេឃមានអំណរសប្បាយ ចូរឱ្យផែនដីរីករាយឡើង ចូរឱ្យសមុទ្រ និងអ្វីៗដែលមានជីវិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង ! |
| ១២ | ចូរឱ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឱ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ |
| ១៣ | ដ្បិតព្រះអង្គយាងមក ព្រះអង្គយាងមកវិនិច្ឆ័យផែនដី ព្រះអង្គនឹងវិនិច្ឆ័យផែនដីដោយយុត្តិធម៌ ព្រះអង្គនឹងវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៥,១០-១១)
បើព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ ចំណង់បើឥឡូវនេះ យើងបានជានានឹងព្រះអង្គហើយ ព្រះអង្គក៏រឹតតែសង្គ្រោះយើង ដោយសារព្រះជន្មរបស់ព្រះបុត្រាថែមទៀត ជាពុំខាន។ មិនតែប៉ុណ្ណោះសោត យើងនឹងបានខ្ពស់មុខដោយពឹងលើព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ដែលព្រះអង្គបានសម្រុះសម្រួលឲ្យយើងជានានឹងព្រះជាម្ចាស់វិញនៅពេលនេះ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១៥,២០-២២)
ព្រះគ្រីស្តពិតជាមានព្រះជន្មរស់ឡើងវិញមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារមនុស្សតែម្នាក់ដែរ។ មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ៥,១៤-១៥)
ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ដោយអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គសព្វព្រះហឫទ័យឲ្យបុត្រធីតារបស់ព្រះអង្គ កើនចំនួនឡើងជាលំដាប់។ សូមទ្រង់ព្រះមេត្តាថែរក្សាបុត្រធីតាដែលទើបនឹងកើតថ្មីនេះ បានទទួលជីវិតអស់កល្បជានិច្ចរួមជាមួយព្រះគ្រីស្ត។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

