ថ្ងៃព្រហស្បតិ៍ សប្តាហ៍បុណ្យចម្លង
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១៧-២៤
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
| ១៧ | សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំមានជីវិត ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៨ | សូមបើកភ្នែកទូលបង្គំ ដើម្បីឲ្យទូលបង្គំមើលឃើញភាពថ្លៃថ្នូរដ៏អស្ចារ្យនៃវិន័យរបស់ព្រះអង្គ។ |
| ១៩ | ទូលបង្គំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្នលើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់វិន័យរបស់ព្រះអង្គនឹងទូលបង្គំឡើយ។ |
| ២០ | ចិត្តទូលបង្គំតែងតែផ្តោតទៅរកព្រះបន្ទូលដែលព្រះអង្គបង្គាប់មកជានិច្ច។ |
| ២១ | ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីវិន័យរបស់ព្រះអង្គ។ |
| ២២ | សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឲ្យមាននរណាមើលងាយទូលបង្គំឡើយ ដ្បិតទូលបង្គំកាន់តាមដំបូន្មានរបស់ព្រះអង្គហើយ។ |
| ២៣ | ទោះបីពួកមេដឹកនាំឃុបឃិតគ្នាប្រឆាំងនឹងទូលបង្គំក៏ដោយ ទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នៅតែសញ្ជឹងគិតពីវិន័យរបស់ព្រះអង្គជានិច្ច។ |
| ២៤ | ទូលបង្គំពេញចិត្តនឹងដំបូន្មានរបស់ព្រះអង្គណាស់ ដំបូន្មានព្រះអង្គជួយជាគំនិតដល់ទូលបង្គំ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៣០
ព្រះអង្គបានរំដោះទូលបង្គំឱ្យរួចពីស្លាប់
ព្រះគ្រីស្តអរព្រះគុណព្រះបិតា ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង (Cassian)។
(ក)
(បទពាក្យ៧)
| ២- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំសូមលើកតម្កើង | |
| ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង | មិនឲ្យពួកខ្មាំងលេងសើចបាន | ។ | |
| ៣- | ឱព្រះអម្ចាស់ដែលជាព្រះ | ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន | |
| ខ្ញុំអង្វរសុំក្តីសុខសាន្ត | ហើយទ្រង់ប្រោសប្រាណឲ្យបានជា | ។ | |
| ៤- | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ស្រង់ទូលបង្គំផុតវេទនា | |
| ចេញពីរណ្តៅជនមរណា | ប្រទានជីវ៉ារស់ជាថ្មី | ។ | |
| ៥- | ឱអ្នករាល់គ្នាដែលជារាស្រ្ត | របស់ព្រះម្ចាស់ដ៏ប្រពៃ | |
| ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ | វិសុទ្ធពេកក្រៃនៃព្រះអង្គ | ។ | |
| ៦- | ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ | ប្រណីសន្តោសមនុស្សទាំងពួង | |
| ពេលល្ងាចគេយំចិត្តមួរហ្មង | ព្រលឹមស្រាងឡើងអរសប្បាយ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
(ខ)
| ៧ | នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា “ទូលបង្គំនឹងមិនត្រូវរលំឡើយ!” ។ |
| ៨ | បពិត្រព្រះអម្ចាស់ ! ព្រះអង្គបានប្រោសឱ្យទូលបង្គំរឹងប៉ឹងដូចភ្នំ តែព្រះអង្គបានលាក់ព្រះភក្រ្តពីទូលបង្គំ នោះទូលបង្គំតក់ស្លុតក្រៃលែង។ |
| ៩ | ឱព្រះអម្ចាស់អើយ ! ទូលបង្គំបានស្រែកដង្ហោយអង្វរព្រះអង្គ ទូលបង្គំទទូចអង្វរព្រះអម្ចាស់ថា ៖ |
| ១០ | “បើព្រះអង្គទុកឱ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី ? បើព្រះអង្គឱ្យទូលបង្គំធ្លាក់ទៅក្នុងរណ្តៅមច្ចុរាជ្យ តើបានប្រយោជន៍អ្វី ? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ ? តើគេអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គកើតឬ ? |
| ១១ | ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាស្តាប់ពាក្យទូលបង្គំ ! ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំផង!” ។ |
| ១២ | ព្រះអង្គបានធ្វើឱ្យទុក្ខសោករបស់ទូលបង្គំ ប្រែទៅជាអំណរសប្បាយវិញ ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឱ្យទូលបង្គំវិញ។ |
| ១៣ | ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ ទូលបង្គំស្មូតទំនុកតម្កើង បពិត្រព្រះអម្ចាស់ជាព្រះនៃទូលបង្គំ ! ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ព្រះគ្រីស្ដដែលរស់ឡើងវិញនោះ ព្រះអង្គលែងសោយទិវង្គតហើយ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១២,១៣)
យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្តី សាសន៍ក្រិកក្តី អ្នកងារក្តី អ្នកជាក្តី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុសរបស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងសុចរិត អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទត ៣,៥ខ-៧)
ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រីស្ត ជាព្រះសង្គ្រោះរបស់យើង ដើម្បីឲ្យយើងបានសុចរិតដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ និងឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ អាលេលូយ៉ា !
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,១២-១៤)
ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។
—ចូរយើងត្រេកអរសប្បាយ និងរីករាយឡើង អាលេលូយ៉ា !
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ ឲ្យរួបរួមគ្នាក្នុងមហាគ្រួសារតែមួយ។ សូមព្រះអង្គមេត្តាប្រោសឲ្យអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក មានចិត្តថ្លើមតែមួយ មានជំនឿតែមួយ និងសេចក្តីស្រឡាញ់តែមួយ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!

