១៧ មីនា ២០២៦

Written on 12/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៤ ថ្ងៃអង្គារ

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,១៣៧-១៤៤

ធម្មវិន័យរបស់ព្រះអង្គជាសេចក្តីសុចរិត

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

១៣៧ បពិត្រព្រះអម្ចាស់! ព្រះអង្គពិតជាសុចរិតមែន សេចក្តីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវ!
១៣៨
ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។
១៣៩
ទូលបង្គំក្តៅក្រហាយយ៉ាងខ្លាំង
ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំបំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
១៤០
ព្រះបន្ទូលសន្យារបស់ព្រះអង្គជាក់ស្តែងហើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គស្រឡាញ់ព្រះបន្ទូលនេះខ្លាំងណាស់។
១៤១
ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង
ប៉ុន្តែ ទូលបង្គំមិនភ្លេចច្បាប់របស់ព្រះអង្គឡើយ។
១៤២
សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយធម្មវិន័យរបស់ព្រះអង្គជាសេចក្តីពិត។
១៤៣
ទូលបង្គំកើតទុក្ខអន្ទះអន្ទែងតប់ប្រមល់ជាខ្លាំង
តែវិន័យរបស់ព្រះអង្គធ្វើឱ្យទូលបង្គំមានអំណរ។
១៤៤
ដំបូន្មានរបស់ព្រះអង្គសុចរិតអស់កល្បជានិច្ច
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណា ដើម្បីឱ្យទូលបង្គំមានជីវិត!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៨៨

ពាក្យអធិដ្ឋានរបស់មនុស្សដែលមានជំងឺធ្ងន់ធ្ងរ

“ឥឡូវនេះ ជាពេលរបស់អស់លោកហើយ
គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចោញអំណាច” (លក ២២,៥៣)។

(ក)

(បទព្រហ្មគីតិ)

២- បពិត្រព្រះអម្ចាស់ ទ្រង់ជាព្រះសង្គ្រោះខ្ញុំ  
  ថ្ងៃយប់ខ្ញុំស្រែកយំ អង្វរសុំក្តីមេត្តា
៣- សូមឱ្យពាក្យអង្វរ ខ្ញុំឮខ្ទ័រដល់សោតា  
  សូមទ្រង់ផ្ទៀងព្រះកាណ៌ ស្តាប់ផងណាសូរសម្រែក
៤- ព្រោះដ្បិតទូលបង្គំ មានទុក្ខធំខ្លាំងអនេក  
  ខ្លោចផ្សារជាពន់ពេក ក្តីស្លាប់ស្រែកហៅកៀកកិត
៥- គេចាត់ទុករូបខ្ញុំ ក្នុងចំណោមអ្នកដែលជិត  
  ហៀបនឹងអស់ជីវិត ឬនៅជិតអ្នកដែលស្លាប់
៦- ខ្លួនខ្ញុំដេកស្តូកស្តឹង គ្មានទីពឹងសែនអួរអាប់  
  បីដូចមនុស្សស្លាប់ ទ្រង់លែងរាប់រកនឹកនា
៧- ព្រះអង្គបានបង់បោះ រូបខ្ញុំរស់នៅកំព្រា  
  ឱ្យរងទុក្ខវេទនា សែនរងាក្នុងរណ្តៅ
៨- ព្រះពិរោធព្រះអង្គ សង្កត់ចងខ្ញុំទុកនៅ  
  ដូចទឹកបោកសំដៅ រារាំងផ្លូវទូលបង្គំ
៩- ព្រះអង្គឱ្យអស់អ្នក ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ  
  ឆ្ងាយពីទូលបង្គំ ទាំងស្អប់ខ្ពើមថែមទៀតផង
១០- ភ្នែកខ្ញុំប្រែស្រវាំង វេទនាខ្លាំងពេកកន្លង  
  ខ្ញុំអង្វរព្រះអង្គ លើកដៃផងសូមប្រណី
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

(ខ)

១១ តើព្រះអង្គធ្លាប់ធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់ឬ?
តើមនុស្សដែលស្លាប់ទៅហើយ
អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ?
១២
តើអ្នកដែលនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ
អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
១៣
តើអ្នកដែលនៅក្នុងស្ថានងងឹត
អាចស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គបានឬ?
តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ
អាចស្គាល់សេចក្តីសុចរិតរបស់ព្រះអង្គដូចម្តេចបាន?
១៤
ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកហៅព្រះអង្គ
ទូលបង្គំចូលមកអង្វរចំពោះព្រះភក្រ្តព្រះអង្គតាំងពីព្រឹក។
១៥
ឱព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្រ្តពីទូលបង្គំ?
១៦
ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម្ល៉េះ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
១៧
ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គសង្កត់មកលើទូលបង្គំ
ព្រះអង្គធ្វើឱ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
១៨
ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរ ដែលនៅឡោមព័ទ្ធទូលបង្គំ
ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
១៩
ព្រះអង្គបានដេញមិត្តភក្តិ ព្រមទាំងអ្នកជិតស្និតនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ
មានតែភាពងងឹតប៉ុណ្ណោះ ដែលនៅជាមួយទូលបង្គំ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យអ ២,១៧)

ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផង! សូម​កុំ​បណ្តោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ដ្ររបស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយពោល​ថា “តើ​ព្រះ​របស់ពួក​គេ​នៅ​ឯ​ណា” ? ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យរ ៣,២៥ខ)

តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះយើង​ខ្ញុំ និង​ដូន‌តា​របស់​យើង​ខ្ញុំបាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀងរបស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”» ។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៥៨,១-២)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជាជន​របស់​យើង​ឲ្យស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុបឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង! រៀង‌រាល់​ថ្ងៃ គេ​សាក‌សួរចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែលប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ‌បង់​វិន័យ​ព្រះ​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេតាម​យុត្តិ‌ធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់ដ៏មានធម៌មេត្តាករុណាអើយ ! ព្រះអង្គសង្គ្រោះមនុស្សលោក ដោយសារព្រះយេស៊ូជាព្រះបុត្រាព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ក្នុងរដូវសែសិបថ្ងៃនេះ សូមប្រោសឲ្យយើងខ្ញុំហ៊ានប្រកាសដំណឹងល្អដល់មនុស្សលោកថា ព្រះអង្គពិតជាព្រះសង្គ្រោះមែន។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់ !
-សូមអរព្រះគុណព្រះជាម្ចាស់ !