១៤ មីនា ២០២៦

Written on 12/01/2026
Mary Siya Khim

រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃសៅរ៍

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

១២១ ទូលបង្គំប្រព្រឹត្តអំពើសុចរិតយុត្តិធម៌
សូមកុំឱ្យទូលបង្គំធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់អស់អ្នក
ដែលសង្កត់សង្កិនទូលបង្គំឡើយ។
១២២
សូមធានាឱ្យទូលបង្គំដែលជាអ្នកបម្រើព្រះអង្គ បានសេចក្តីសុខសាន្តផង
សូមកុំទុកឱ្យមនុស្សអួតបំប៉ោងសង្កត់សង្កិនទូលបង្គំ។
១២៤
សូមប្រព្រឹត្តចំពោះទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ
ដោយព្រះហឫទ័យមេត្តាករុណា
សូមបង្រៀនឱ្យទូលបង្គំស្គាល់ក្រិត្យវិន័យរបស់ព្រះអង្គផង!
១២៥
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណាផង!
ដើម្បីឱ្យទូលបង្គំស្គាល់ដំបូន្មានរបស់ព្រះអង្គ។
១២៦
បពិត្រព្រះអម្ចាស់! ដល់ពេលព្រះអង្គយាងមកសង្គ្រោះហើយ
ដ្បិតគេបានរំលោភលើធម្មវិន័យរបស់ព្រះអង្គ។
១២៧
ទូលបង្គំស្រឡាញ់វិន័យរបស់ព្រះអង្គលើសអ្វីៗទាំងអស់
គឺលើសមាសសុទ្ធទៅទៀត។
១២៨
ទូលបង្គំយល់ឃើញថា ច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ
សុទ្ធតែត្រឹមត្រូវទាំងអស់
ទូលបង្គំស្អប់ការអាក្រក់គ្រប់បែបយ៉ាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៣៤

ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង!

បងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែន! (១សល ២,៣)។

(ក)

(បទកាកគតិ)

២- ខ្ញុំអរព្រះគុណ អម្ចាស់ពេកពន់ គ្រប់ពេលវេលា
  សូមលើកតម្កើង ព្រះអង្គគ្រប់គ្រា ឥតមានរួញរា
    ឈប់ឈរសោះឡើយ
៣- ខ្ញុំខ្ពស់មុខព្រោះ ព្រះម្ចាស់សង្គ្រោះ ខ្ញុំមិនកន្តើយ
  ចូរអ្នកទន់ទាប ស្តាប់កុំព្រងើយ នឹងបានធូរស្បើយ
    អំណរខ្លាំងក្លា
៤- សូមមកប្រកាស នឹងខ្ញុំឱ្យច្បាស់ ដោយពោលឡើងថា
  ព្រះម្ចាស់ថ្កុំថ្កើង រុងរឿងក្រៃណា យើងនាំគ្នីគ្នា
    តម្កើងព្រះអង្គ
៥- ខ្ញុំបានស្វែងរក ព្រះម្ចាស់តបមក ឥតមានបង្អង់
  ទ្រង់បានរំដោះ ខ្ញុំអស់ទុក្ខផង តក់ស្លុតមួរហ្មង
    ឆ្លងផុតទាំងអស់
៦- អ្នកដែលសម្លឹង ឆ្ពោះទៅព្រះអង្គ បានសុខឥតមោះ
  ផុតអស់ទុក្ខសោក វិយោគរងគ្រោះ ពួកគេទាំងនោះ
    មិនខកចិត្តឡើយ
៧- អស់អ្នកកំសត់ និងមនុស្សទុរគត គេស្រែកដង្ហោយ
  ហៅរកព្រះអង្គ ទ្រង់សណ្តាប់ហើយ សង្គ្រោះគេឱ្យ
    ផុតពីគ្រោះកាច
៨- ទេវទូតរបស់ ព្រះម្ចាស់ទាំងអស់ ថែទាំអ្នកខ្លាច
  រក្សាការពារ គេក្រោមអំណាច រំដោះឱ្យរួច
    ផុតពីទុក្ខភ័យ
៩- ចូរអ្នកផ្អែកពឹង ពិសោធន៍ឱ្យដឹង ថាព្រះម្ចាស់ថ្លៃ
  ទ្រង់មានមេត្តា សប្បុរសពេកក្រៃ អស់ជនប្រុសស្រី
    មានជ័យមង្គល
១០- ឱប្រជារាស្ត្រ របស់ព្រះម្ចាស់ ចូរកោតខ្លាចដល់
  ព្រះម្ចាស់នៃយើង បានសុខឥតខ្វល់ មិនជួបអំពល់
    ឬខ្វះខាតអ្វី
១១- អ្នកមានមុខជា ជួបទុក្ខវេទនា ខ្វះម្ហូបចំណី
  តែអ្នកដែលស្វែង រកព្រះម្ចាស់ថ្លៃ នឹងមិនខ្វះអ្វី
    សុខសាន្តតទៅ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កើនឥតហ្មង
    ដែលគង់ជានិច្ច

(ខ)

១២ កូនចៅអើយ! ចូរនាំគ្នាស្តាប់ពាក្យខ្ញុំ
ខ្ញុំនឹងប្រៀនប្រដៅអ្នកឱ្យចេះគោរពកោតខ្លាចព្រះអម្ចាស់
១៣
តើមាននរណាចង់បានអាយុវែង
និងចង់រស់នៅប្រកបដោយសុភមង្គលឬទេ?
១៤
ចូរទប់អណ្តាតកុំពោលពាក្យអាក្រក់
និងចៀសវាងនិយាយបោកបញ្ឆោត!។
១៥
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ
ចូរខិតខំស្វែងរកសេចក្តីសុខសាន្តយ៉ាងអស់ពីចិត្ត។
១៦
ព្រះអម្ចាស់តែងតែរំពៃមើលមនុស្សសុចរិត
ព្រះអង្គក៏យកព្រះហឫទ័យទុកដាក់នឹងសម្រែករបស់ពួកគេ។
១៧
ព្រះអម្ចាស់តែងតែប្រឆាំងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់
កុំឱ្យមាននរណានឹកនាដល់ពួកគេទៀតឡើយ។
១៨
ពេលមនុស្សសុចរិតស្រែករកព្រះអម្ចាស់
ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យគេ
ព្រះអង្គរំដោះពួកគេឱ្យរួចពីគ្រោះកាចទាំងប៉ុន្មាន។
១៩
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលគ្រាំចិត្ត
ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តសោកសង្រេង។
២០
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន
ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេឱ្យរួចផុតគ្រប់ពេលវេលា។
២១
ព្រះអង្គតាមថែរក្សាគេជានិច្ច
គ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។
២២
អំពើអាក្រក់តែងបណ្តាលឱ្យមនុស្សពាលបាត់បង់ជីវិត
អ្នកដែលប្រឆាំងនឹងមនុស្សសុចរិត តែងតែទទួលទោសពុំខាន។
២៣
ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ
អស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ៣,១៩-២០)

យើង​ស្ដីបន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង! ។ មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។

បន្ទរ៖ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
—សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ៤៤,២១-២២)

អ៊ីស្រា‌អែល​ដែល​ជា​កូន​ចៅ​យ៉ាកុប​អើយ ចូរ​ចង​ចាំ​ថា អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​បង្កើត​អ្នក ដើម្បី​ឲ្យ​បម្រើ​យើង អ៊ីស្រា‌អែល​អើយ យើង​នឹង​មិន​បំភ្លេច​អ្នក​ចោល​ឡើយ! យើង​លុប​បំបាត់​ទោស និង​កំហុស​របស់​អ្នក ដូច​ពពក​រសាត់​បាត់​ទៅ ចូរ​វិល​ត្រឡប់​មក​រក​យើង​វិញដ្បិត​យើង​បាន​លោះ​អ្នក​ហើយ។

បន្ទរ៖ ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើលអំពើ​បាប​របស់​ទូល‌បង្គំឡើយ
—តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ​ទៅ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កាឡ ៦,៧-៨)

សូម​បង‌ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។ អ្នក​ណា​សាប​ព្រោះ​តាម​លោកីយ៍ អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែង‌តែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផលជា​ជីវិត​អស់​កល្ប‌ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។

បន្ទរ៖ យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យឲ្យ​ទូល‌បង្គំថ្វាយ គឺ​ចិត្តសោក​ស្តាយ
—ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ និង​ចិត្ត​លែង​មាន​អំនួត។

ពាក្យអធិដ្ឋាន

ឱព្រះអម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំប្រារឰពិធីផ្សេងៗ ក្នុងរដូវសែសិបថ្ងៃនេះ ដើម្បីកែប្រែចិត្តគំនិត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំខិតខំរួមរស់ជាមួយព្រះយេស៊ូ ដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!