រដូវសែសិបថ្ងៃ សប្តាហ៍ទី៣ ថ្ងៃពុធ
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១០៥-១១២
ពន្លឺបំភ្លឺមាគ៌ា
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
| ១០៥ | ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដែលបំភ្លឺជំហានទូលបង្គំ និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។ |
| ១០៦ | ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។ |
| ១០៧ | បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់ សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! |
| ១០៨ | ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំទុកជាតង្វាយ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង! |
| ១០៩ | ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។ |
| ១១០ | មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។ |
| ១១១ | ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។ |
| ១១២ | ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៧០
ឱព្រះអម្ចាស់អើយ! សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ» (មថ ៨,២៥)។
(បទពាក្យ ៧)
| ២- | ឱព្រះជាម្ចាស់នៃខ្ញុំអើយ | សូមយាងមកហើយជួយរំដោះ | |
| សូមទ្រង់មេត្តាជួយសង្គ្រោះ | ប្រោសខ្ញុំឱ្យរស់បានឆាប់ៗ | ។ | |
| ៣- | ឱ្យអ្នកព្យាបាទជីវិតខ្ញុំ | ត្រូវជួបទុក្ខធំកិត្តិយសអាប់ | |
| ទាំងអ្នកដែលប៉ងចង់ធ្វើបាប | វិនាសឆុតឆាប់ត្រូវដកខ្លួន | ។ | |
| ៤- | សូមឱ្យអ្នកដែលសើចចំអក | លែបខាយឡឺយឡកវិនាសសូន្យ | |
| ត្រូវបរាជ័យមិនរួចខ្លួន | កិត្តិយសសាបសូន្យអន្តរាយ | ។ | |
| ៥- | រីអ្នកស្រឡាញ់ការសង្គ្រោះ | ឱ្យគេទាំងនោះជួបសប្បាយ | |
| ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃ | សូមលើកសិរីថ្កើងព្រះអង្គ | ។ | |
| ៦- | ឱព្រះអម្ចាស់ទូលបង្គំ | រស់រងទុក្ខធំវេទនាណាស់ | |
| សូមយាងមកជួយដោយរូតរះ | មេត្តាសង្គ្រោះកុំបង្អង់ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៧៥
ព្រះជាម្ចាស់ជាចៅក្រម
ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង (លក ១,៥២)។
| ២- | បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ! យើងខ្ញុំសូមសរសើរតម្កើងព្រះនាមព្រះអង្គ ដែលគង់នៅជិតយើងខ្ញុំ យើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ត ដ៏គួរឱ្យស្ញប់ស្ញែងរបស់ព្រះអង្គ! |
| ៣- | ព្រះអង្គមានព្រះបន្ទូលថា “ដល់គ្រាដែលយើងបានកំណត់ទុក យើងនឹងវិនិច្ឆ័យដោយយុត្តិធម៌! |
| ៤- | ផែនដី និងសត្វលោកទាំងអស់ ដែលរស់នៅលើផែនដីនឹងត្រូវរលាយ គឺយើងដែលបានធ្វើឱ្យផែនដីនៅតែរឹងមាំ!”។ |
| ៥- | យើងនិយាយប្រាប់មនុស្សអួតបំប៉ោងថា “កុំអួតបំប៉ោងទៀត!” ហើយប្រាប់មនុស្សពាលថា “កុំវាយឫកខ្ពស់!” |
| ៦- | កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនកោងកាចទៅ! |
| ៧- | អ្នកដែលវិនិច្ឆ័យ មិនមែនមកពីខាងកើត ឬខាងលិច ហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ |
| ៨- | គឺព្រះជាម្ចាស់ទេតើដែលវិនិច្ឆ័យ ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ |
| ៩- | ព្រះអម្ចាស់កាន់ពែងមួយនៅក្នុងព្រះហស្ត គឺពែងដែលពេញទៅដោយព្រះពិរោធ ពេលព្រះអង្គចាក់ពែងនោះទៅលើផែនដី មនុស្សអាក្រក់ទាំងប៉ុន្មាន ត្រូវតែទទួលទោសចៀសមិនផុតឡើយ។ |
| ១០- | រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីព្រះរបស់លោកយ៉ាកុបរហូតតរៀងទៅ ខ្ញុំនឹងច្រៀងតម្កើងព្រះអង្គ។ |
| ១១- | ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អគ ១៨,៣០ខ-៣២)
ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់ កុំបណ្តោយឲ្យកំហុសរបស់អ្នករាល់គ្នា បំផ្លាញជីវិតអ្នករាល់គ្នាឡើយ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ ដ្បិតយើងមិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ស្លាប់ទេ ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់-។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ យើងជាព្រះដែលមានព្រះជន្មគង់នៅ ! យើងមិនសព្វព្រះហឫទ័យនឹងឱ្យមនុស្សអាក្រក់ស្លាប់ទេ ចូរវិលមករកយើងវិញ ដើម្បីឱ្យបានរស់រានមានជីវិត។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (សក ១,៣ខ-៤ខ)
«ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពេលរសៀល (ម៉ោង ៣)
បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដន ៤,២៤ខ)
សូមព្រះអង្គលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្ដែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុរគតវិញ ធ្វើដូច្នេះ ព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត» ។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់យើងខ្ញុំអើយ ! ក្នុងរដូវសែសិបថ្ងៃនេះ ព្រះអង្គចិញ្ចឹមយើងខ្ញុំដោយព្រះបន្ទូលរបស់ព្រះអង្គ និងបង្រៀនយើងខ្ញុំឲ្យចេះរួមរស់ជាមួយព្រះគ្រីស្ត។ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំបម្រើព្រះអង្គដោយចិត្តស្មោះ និងរួមគ្នាអធិដ្ឋានជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
-សូមកោតសរសើរព្រះអម្ចាស់
-សូមអរព្រះគុណព្រះជាម្ចាស់ !

