២២ កុម្ភៈ ២០២៧

Written on 05/01/2026
Mary Siya Khim

អាសនៈសន្តសិលា ជាគ្រីស្តទូត

(បុណ្យគោរព)

 (ពេលថ្ងៃ)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៩,៤១-៤៨

ខ្ញុំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

៤១ ឱព្រះអម្ចាស់អើយ!
សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ
សូមសង្គ្រោះទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
៤២
សូមជួយទូលបង្គំឱ្យឆ្លើយតបនឹងអ្នក ដែលជេរប្រមាថទូលបង្គំ
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
៤៣
សូមកុំឱ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្តីពិតឡើយ
ដ្បិតទូលបង្គំសង្ឃឹមលើការសម្រេចរបស់ព្រះអង្គហើយ។
៤៤
ទូលបង្គំនឹងគោរពតាមធម្មវិន័យរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ។
៤៥
ទូលបង្គំចង់រស់នៅដោយមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងរកច្បាប់របស់ព្រះអង្គ។
៤៦
ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គទូលស្តេចនានា
ទូលបង្គំនឹងមិនខ្មាស់ឡើយ។
៤៧
ទូលបង្គំពេញចិត្តនឹងវិន័យរបស់ព្រះអង្គ
ទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់។
៤៨
ទូលបង្គំលើកដៃប្រណម គោរពវិន័យរបស់ព្រះអង្គ
ព្រោះទូលបង្គំស្រឡាញ់វិន័យនេះខ្លាំងណាស់
ទូលបង្គំចង់សញ្ជឹងគិតអំពីក្រិត្យវិន័យរបស់ព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ទំនុកតម្កើងលេខ ៤០,២-១៤.១៧-១៨

ពាក្យអរព្រះគុណ និងពាក្យទូលសូមជំនួយ

“ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ” (ហប ១០,៥)។

(ក)

(បទពាក្យ ៧)

២- ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង  
  ស្តាប់សូរសម្រែកមិនលំអៀង ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ ។
៣- ព្រះអង្គយកខ្ញុំពីរណ្តៅ ពីភក់ជ្រាំជ្រៅយកមកដាក់  
  នៅលើថ្មដាគ្មានថ្នាំងថ្នាក់ ថែទាំទុកដាក់ខ្ញុំរុងរឿង ។
៤- ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង បទថ្មីសំនៀងលើកតម្កើង  
  មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច ។
៥- មនុស្សណាដែលបានផ្ញើជីវិត លើព្រះមានឫទ្ធិដ៏អង់អាច  
  មិនបែរគោរពទៅខ្លបខ្លាច ព្រះមានអំណាចព្រះបោកប្រាស ។
៦- បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ ព្រះអង្គឧត្តមប្រសើរណាស់  
  ការអស្ចារ្យទ្រង់ច្រើនដេរដាស ជាព្រះសង្គ្រោះមិនបែកបែរ ។
  ព្រះអង្គក៏មានគម្រោងការ ច្រើនឥតឧបមាឥតងាករេ  
  គ្មាននរណាស្មើព្រះអង្គទេ ការអស្ចារ្យទ្វេរាប់មិនអស់ ។
៧- ព្រះអង្គមិនចង់បានតង្វាយ យញ្ញបូជាថ្វាយអ្វីទាល់សោះ  
  ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ ស្តាប់ព្រះតំរិះនៃព្រះអង្គ ។
៨- ដូច្នេះទូលបង្គំសូមពោលថា បពិត្រករុណាដ៏ឧត្តុង្គ  
  ទូលបង្គំប្រព្រឹត្តឥតរេរង់ តាមសេចក្តីក្នុងព្រះគម្ពីរ ។
៩- ទូលបង្គំពេញចិត្តធ្វើតាម ព្រះហឫទ័យអម្ចាស់គ្រប់ទិសទី  
  វិន័យទ្រង់ដិតជាប់ជីវី ក្នុងចិត្តគិតពីទ្រង់ជានិច្ច ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

(ខ)

១០ ទូល‌បង្គំបាន​ប្រកាស​ឱ្យ​អង្គ​ប្រជុំដ៏​ធំ ដឹង​អំពី​សេចក្ដី​សុចរិត​របស់ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។
១១
ទូល‌បង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ទុក​ក្នុង​ចិត្ត​ទូល‌បង្គំ​ទាល់​តែ​សោះ
ទូល‌បង្គំតែង‌តែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ
ទូល‌បង្គំពុំ​អាច​នៅ​ស្ងៀម មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
នៅ​កណ្ដាល​អង្គ​ប្រជុំធំ​បាន​ឡើយ។
១២
ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំដឹង​ថា​
ព្រះ‌អង្គ​តែង‌តែអាណិត​មេត្តា​ទូល‌បង្គំឥត​ឈប់​សោះ​ឡើយ
ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ​
តែង‌តែ​តាម​ការ‌ពារ​ទូល‌បង្គំជា‌និច្ច។
១៣
មាន​ទុក្ខ​លំបាក​ច្រើន​ឥត​គណនា​រួប​រឹត​ទូល‌បង្គំ
កំហុស​របស់​ទូល‌បង្គំ​ផ្ទាល់​បាន​តាម​យាយី​ទូល‌បង្គំ
ធ្វើ​ឱ្យ​ទូល‌បង្គំ​ស្រវាំង​ភ្នែក​មើល​អ្វី​លែង​ឃើញ
កំហុស​ទូល‌បង្គំ​មាន​ចំនួន​ច្រើន​ជាងសរសៃ​សក់​របស់​ទូល‌បង្គំ​ទៅ​ទៀត
ទូល‌បង្គំ​លែង​មាន​កម្លាំងប្រឈម​មុខ​ទៀត​ហើយ។
១៤
ឱ​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​រំដោះ​ទូល‌បង្គំ​ផង!
ព្រះ‌អម្ចាស់អើយ សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ជា​ប្រញាប់!
១៧
រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​វិញ
សូម​ឱ្យ​គេ​បាន​សប្បាយ​រីក‌រាយរួម​ជា​មួយ​ព្រះ‌អង្គ!
សូម​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ការ​សង្គ្រោះរបស់​ព្រះ‌អង្គ
ថ្លែង​ឥត​ឈប់​ឈរ​ថា «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!»។
១៨
ទូល‌បង្គំជា​មនុស្ស​កំសត់​ទុរគត
តែ​ព្រះ‌អម្ចាស់​បាន​គិត‌គូរ​ដល់​ទូល‌បង្គំ។
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ និង​រំដោះ​ទូល‌បង្គំ
ឱ​ព្រះ​នៃ​ទូល‌បង្គំអើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ពេលព្រឹក (ម៉ោង៩)

បន្ទរ៖ ពេលវេលានៃការប្រែចិត្តគំនិត ពេលវេលាដែលត្រូវលះបង់អំពើបាបចោល ហើយស្វែងរកការសង្រ្គោះ បានមកដល់ហើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អស ២២,២២)

យើង​នឹង​ប្រគល់​កូន​សោ​វាំងរបស់​ស្តេច​ដាវីឌ​ឱ្យ​គាត់ បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន​ទេ ហើយ​បើ​គាត់​បិទ ក៏​គ្មាន​នរណា​បើក​បាន​ដែរ។

បន្ទរ៖ «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញលើ​ផែន‌ដី​ទាំង​មូល
—ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាលនៃ​ពិភព‌លោក»។

ពេលថ្ងៃត្រង់ (ម៉ោង១២)

បន្ទរ៖ យើង​ជា​ព្រះ​ដែល​មានព្រះជន្មគង់​នៅ ! យើង​មិន​សព្វព្រះហឫទ័យនឹងឱ្យមនុស្ស​អាក្រក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ ដើម្បី​ឱ្យបាន​រស់​រាន​មាន​ជីវិត។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៥,១-២)

ចំពោះ​ព្រឹទ្ធាចារ្យដែល​នៅ​ក្នុង​ចំណោម​បង‌ប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធាចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង​រឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម​ដែល​ព្រះ‌ជាម្ចាស់​ផ្ញើទុក​នឹង​បង‌ប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ក្រុមគ្រីស្តទូតបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត
—ពួកគេថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យពួកគេ។

ពេលរសៀល (ម៉ោង ៣)

បន្ទរ៖ ចូរប្រដាប់ភាពយុត្តិធម៌ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងចេះអត់ធ្មត់ និងស៊ូទ្រាំ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ១,១៦)

យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗមក​ណែ‌នាំ​បង‌ប្អូន ឱ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ‌គ្រីស្តជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឱ្យ​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើងរុង‌រឿង​របស់​ព្រះ‌អង្គផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
—ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ។

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យតែងតាំងព្រះសហគមន៍ ឱ្យស្ថិតនៅលើថ្មគ្រឹះដ៏រឹងមាំ គឺលើជំនឿរបស់សន្តសិលា។ សូមព្រះអង្គប្រោសប្រណីយើងខ្ញុំឱ្យរួចផុតពីអន្តរាយគ្រប់បែបយ៉ាងដែលរារាំងព្រះសហគមន៍សព្វថ្ងៃនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

-សូមកោតសរសើរព្រះអម្ចាស់!
-សូមអរព្រះគុណព្រះជាម្ចាស់!